ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Valencia ​រំពឹង​យក​បាន​៣​ពិន្ទុ​ពី Palmas


ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Valencia ​រំពឹង​យក​បាន​៣​ពិន្ទុ​ពី Palmas

កីឡាករ Santi Mina ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ក្រុម Valencia ​មាន​ទំនុក​ចិត្ត​និង​រំពឹង​ថា​នឹង​អាច​យក​បាន​៣​ពិន្ទុ​ពី​ក្រុម UD Las Palmas ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​១២ ​នា​ក្របខណ្ឌ La Liga ​របស់​អេស្ប៉ាញ​នៅ​ចុង​សប្ដាហ៍​នេះ។

 

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Valencia ​រំពឹង​យក​បាន​៣​ពិន្ទុ​ពី Palmas

 

Valencia ​ជា​ក្រុម​កំពុង​ឡើង​ជើង​ដោយ​អាច​បំបាក់​ក្រុមCelta de Vigo ​ដោយ​លទ្ធផល​នឹក​ស្មាន​មិន​ដល់​ ៥-១ ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន ។ ខណៈ​ដែល​ម៉ោង​៤​ទៀប​ភ្លឺ​​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ ក្រុម​របស់​លោក Nuno Espírito Santo ​នឹង​បើក​ទ្វា​ផ្ទះ​ទទួល​ក្រុមUD Las Palmas ​ម្ដង ដោយ​សង្ឃឹម​ថា​នឹង​ធ្វើ​បាន​ល្អ​ទៀត។

 

កីឡាករ​វ័យ​១៩​ឆ្នាំ Mina ​បាន​និយាយ​មុន​ប្រកួត​ខាង​លើ​ថា៖ “Las Palmas ​ជា​ក្រុម​ដែល​ពូកែ​គ្រប់គ្រង​បាល់ ពួកគេ​បញ្ជូន​បាល់​ឱ្យ​គ្នា​ច្បាស់ ដូច្នេះ​យើង​ត្រូវ​តែ​ព្យាយាម​ចូល​ដណ្ដើម​បាល់។ យើង​មិន​អាច​ឱ្យ​ពួកគេ​គ្រប់គ្រង​ច្រើន​ទេ យើង​ត្រូវ​វាយ​សម្រុក​ឱ្យ​លឿន​ពេល​បាន​បាល់។ យើង​នឹង​ព្យាយាម​ធ្វើ​ឱ្យ​ល្អ ដូច​កាល​ឈ្នះ Celta ។ យើង​មិន​អាច​ឱ្យ​បាត់បង់​ឱកាស​យក​៣​ពិន្ទុ​ក្នុង​ផ្ទះ​បាន​ទេ ហើយ​ក៏​មិន​អាច​ធ្វើ​ឱ្យ​បាត់បង់​ទម្រង់​លេង​ល្អ​របស់​ក្រុម​បាន​ដែរ”។

 

Valencia ​ក្នុង​រដូវ​កាល​នេះ មាន​ភារកិច្ច​ច្រើន​ដោយ​ត្រូវ​លេង​នៅ​លីក La Liga , Copa del Rey , UEFA Champions League ​អី​ជា​ដើម ខណៈ​ដែល​ក្រុម​មួយ​នេះ​ក៏​មាន​ទម្រង់​លេង​ល្អ​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ៕

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ valenciacf