អ្នក​ស្រាវជ្រាវ​ណែនាំ​ឲ្យ​ប្រុង​ប្រយ័ត្ន​ពេល​ទទួល​ព័ត៌មាន​តាម​អ៊ីនធឺណិត

អ្នក​ស្រាវជ្រាវ​បាន​ផ្ដល់​អនុសាសន៍​មួយ​ចំនួន​ដល់​អ្នក​ទទួល​ព័ត៌មាន​តាម​ហ្វេសប៊ុក (Facebook) និង​អ៊ីនធឺណិត (Internet) ឲ្យ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ជ្រើសរើស​ព័ត៌មាន បន្ទាប់​ពី​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា អត្រា​នៃ​ការ​ទទួល​ព័ត៌មាន​តាម​ហេ្វសប៊ុក និង​តាម​អ៊ីនធឺណិត កើន​ឡើង​ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយ។

លោក ផូង គឹមឆូយ អ្នក​និពន្ធ​ម្នាក់​នៃ​ការ​ស្រាវជ្រាវ​ស្ដីពី​បច្ចេកវិទ្យា ផ្ដល់​ដំបូន្មាន​ថា អ្នក​ដែល​និយម​ទទួល​ព័ត៌មាន​តាម​ហ្វេសប៊ុក និង​អ៊ីនធឺណិត គួរ​ពិចារណា​ពី​ប្រភព​ព័ត៌មាន​ជា​មុន​សិន​មុន​នឹង​ជឿ​ទៅ​លើ​អ្វី​ដែល​បាន​បង្ហោះ៖ «»។

​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា វិទ្យាស្ថាន​បើក​ទូលាយ ទើប​ចេញ​ផ្សាយ​ពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ មាន​ចំណង​ជើង​ថា "ការ​ប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន និង​អ៊ីនធឺណិត នៅ​កម្ពុជា ឆ្នាំ​២០១៥"។

អ្នក​ស្រាវជ្រាវ​បាន​ជ្រើសរើស​សំណាក​ចំនួន ២.០៦៤​នាក់ មក​ពី​ខេត្ត​ចំនួន ៥ រួម​មាន​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ចាម បាត់ដំបង ស្ទឹងត្រែង និង​ខេត្ត​ព្រះសីហនុ។ ការ​សិក្សា​នេះ​បាន​រក​ឃើញ​ថា ចាប់​ពី​ឆ្នាំ​២០១៣ មក ហ្វេសប៊ុក និង​អ៊ីនធឺណិត បាន​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការ​ប្រើប្រាស់​ប្រភព​ដើម្បី​ទទួល​បាន​ដំណឹង និង​ព័ត៌មាន។

លោក ផូង គឹមឆូយ ថ្លែង​នៅ​ពេល​ធ្វើ​បទ​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​ថា ហ្វេសប៊ុក តំណាង​ឲ្យ ២៤,៥​ភាគរយ ដែល​ប្រជាពលរដ្ឋ​បាន​យក​ធ្វើជា​ប្រភព​ដើម្បី​ទទួល​បាន​ដំណឹង និង​ព័ត៌មាន។ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៣ អត្រា​នេះ​បាន​កើន​ឡើង​ជិត ១០​ភាគរយ។

ទោះ​យ៉ាង​ណា​ក៏ដោយ ទូរទស្សន៍​នៅ​តែ​ជា​ប្រភព​សំខាន់​ទី​មួយ ខណៈ​វិទ្យុ​បាន​ធ្លាក់​ពី​ប្រភព​សំខាន់​លំដាប់​ទី​ពីរ កាល​ពី​ឆ្នាំ​២០១៣ មក​នៅ​ត្រឹម​ជា​ប្រភព​ទី​បី នៅ​ក្នុង​ឆ្នាំ​២០១៥ សម្រាប់​ប្រជាពលរដ្ឋ​ដើម្បី​ទទួល​បាន​ព័ត៌មាន។ ការ​ប្រាប់​ពី​មាត់​មួយ​ទៅ​មាត់​មួយ ក៏​ជា​មធ្យោបាយ​សំខាន់ ដើម្បី​ទទួល​បាន​ដំណឹង និង​ព័ត៌មាន​ផង​ដែរ។

យុវជន​មួយ​ចំនួន​បាន​យល់​ស្រប​ទៅ​នឹង​ការ​រក​ឃើញ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ខាង​លើ។

លោក ចាន់ថន បរមី ជា​អ្នក​បង្កើត​កម្មវិធី​កុំព្យូទ័រ (software developer) ឲ្យ​ដឹង​ថា ចាប់​ពី​ពេល​ដែល​លោក​ចេះ​ប្រើប្រាស់​អ៊ីនធឺណិត មក លោក​បាន​ប្ដូរ​ការ​ទទួល​ព័ត៌មាន​តាម​បែប​បុរាណ ដូចជា​កាសែត ទូរទស្សន៍ មក​ប្រើ​ហ្វេសប៊ុក និង​កម្មវិធី​ទូរស័ព្ទ (mobile applications) ដើម្បី​ទទួល​បាន​ព័ត៌មាន​វិញ។ លោក​បន្ថែម​ថា លោក​ក៏​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ណាស់​ដែរ​ក្នុង​ការ​យក​មក​អាន ឬ​មើល ដោយ​ធ្វើ​ការ​ច្រោះ​ព័ត៌មាន៖ «»។

ស្រដៀង​គ្នា​នេះ​ដែរ កញ្ញា ហាក់ ដាវី ជា​មន្ត្រី​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បង្ហាញ​ថា ហ្វេសប៊ុក​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​កញ្ញា ដើម្បី​ទទួល​បាន​ព័ត៌មាន៖ «»។

ការ​ស្រាវជ្រាវ​នេះ​បង្ហាញ​ថា ការ​កើន​ឡើង​នៃ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ ជា​មូលហេតុ​ចម្បង​នៃ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ងាក​មក​ប្រើ​ហ្វេសប៊ុក និង​អ៊ីនធឺណិត ជា​មធ្យោបាយ​ទទួល​បាន​ព័ត៌មាន ដោយ​ប្រជាពលរដ្ឋ ៩៤,៥​ភាគរយ ក្នុង​ប្រទេស​កម្ពុជា មាន​ទូរស័ព្ទ​ដៃ​ប្រើ​ម្នាក់​មួយ​គ្រឿង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។