ខេត្តតាកែវ និង​ខេត្តស្វាយរៀង ស្ថិត​ក្នុង​ប្រទេស​វៀតណាម?

មិនចាំបាច់ដើរ ទៅស្វែងរកផែនទី មកធ្វើការផ្ទៀងផ្ទាត់ រួមព្រមានឲ្យអ្នកផង យល់ស្របតាមនោះទេ ព្រោះ​រដ្ឋបាល​នៃ​របប​គ្រប់គ្រង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរ នៅក្នុងលិខិតសំបុត្រកំណើត ចេញ​ទៅ​ឲ្យ​ពលរដ្ឋ ដែល​មាន​ដើមកំណើតវៀតណាម ថាខេត្តតាកែវ និងខេត្តស្វាយរៀង ជាផ្នែកមួយ​នៃ​ប្រទេស​វៀតណាម រួច​ជា​ស្រេច​ហើយ។ នេះបើតាមការអះអាង របស់​អ្នកប្រើប្រាស់​បណ្ដាញសង្គម​មួយក្រុម។
ខេត្តតាកែវ និង​ខេត្តស្វាយរៀង ស្ថិត​ក្នុង​ប្រទេស​វៀតណាម?
សំបុត្របញ្ជាក់កំណើតទាំងពីរ ដែលដាក់ថា ខេត្តស្វាយវៀង និងខេត្តតាកែវ ស្ថិតក្នុងប្រទេសវៀតណាម។ (រូបថតហ្វេសប៊ុក)

យ៉ាងហោចណាស់ សំបុត្របញ្ជាក់កំណើតចំនួនពីរច្បាប់ ត្រូវបានបង្ហោះតាមបណ្ដាញសង្គម ក្នុងរយៈពេល​ចុង​ក្រោយនេះ ដោយក្នុងសំបុត្រនោះ បានសរសេរអះអាងថា ខេត្ត​តាកែវ និងខេត្តស្វាយរៀង ជាអាស័យដ្ឋាន​កំណើត របស់ម្ចាស់លិខិតនោះ ស្ថិតទៅក្នុងប្រទេស​វៀតណាម។

សំបុត្របញ្ជាក់កំណើតទីមួយ ត្រូវបានលោក អ៊ុំ សំអាន តំណាងរាស្រ្តមកពីណបក្សសង្គ្រោះជាតិ យក​មក​បង្ហោះ នៅក្នុងថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៥ លើគណនីហ្វេសប៊ុករបស់លោក។ សំបុត្របញ្ជាក់កំណើតនោះ ជា​ឯកសាររដ្ឋបាល ចេញដោយអាជ្ញាធរខ្មែរ ផ្ដល់ទៅឲ្យជនជាតិវៀងណាមមួយរូប ដែលមានឈ្មោះជា​ភាសា​ខ្មែរ​ថា ស៊ុត គង់។ លោក ស៊ុត គង់ នេះ មានឪពុក និងម្តាយ កើតក្នុងប្រទេសវៀតណាម។ ប៉ុន្តែ​សំបុត្រ​កំណើត​ខ្មែរ ដែលចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១១ មួយនេះ បានសរសេរថា លោក ស៊ុត គង់ មានទីកន្លែងកំណើត នៅ «(...) ស្រុកគីរីវង់ ខេត្តតាកែវ (ប្រទេសវៀតណាម)»។

ចំណែកសំបុត្របញ្ជាក់កំណើតមួយទៀត ត្រូវបានទំព័ររបស់កញ្ញា តី សកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ បង្ហោះឡើង ដោយបានបង្ហាញ ពីឯកសាររដ្ឋបាល ដែលមានលក្ខណៈ​ដូចសំបុត្រទីមួយដែរ តែលើកនេះ ដាក់​ទីកន្លែងកំណើត ទៅឲ្យឈ្មោះ ញ៉ែម ឈឿន ថា៖ «(...) ស្រុកចន្ទ្រា ខេត្តស្វាយរៀង ប្រទេសវៀតណាម»។ នៅ​អម​នឹងលិខិតនេះ កញ្ញា តី ដែលទំនងជាចម្លងឯកសារនេះ បន្តពីគេដែរ បានសរសេរដាក់ថា «អស់ពីខេត្ត​តាកែវ ប្រទេសយួន មកខេត្តស្វាយរៀង យួនទៀត វាចេះតែយ៉ាងម៉េចហ្នឹង ហាស?» មុននឹងកែតម្រូវ ព្រោះ​មិន​ស្គាល់​ប្រភពច្បាស់លាស់ ពីលិខិតនេះ ដោយសរសេរ​ដាក់វិញថា «នេះជាល្បិចរបស់គេ ដើម្បីចាប់អ្នក​បង្ហោះ​ហ្វេសប៊ុក បងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា»។

ចំពោះសំបុត្របញ្ជាក់កំណើតទីមួយ ត្រូវបានតំណាងអាជ្ញាធរ លោកមេឃុំភ្នំដិន ស្រុកគិរីវង់ ទទួលស្គាល់ថា ពិត​ជាមានការចេញលិខិតដូច្នេះមែន តែលោកអះអាងថា នោះជា «កំហុសអចេតនា»។ ស្រង់សំដី ដោយ​សារព័ត៌មាន​ក្នុងស្រុក  លោក ទាន សារេត មេឃុំភ្នំដិន បានថ្លែង នៅក្នុងកិច្ចសម្ភាសនោះថា៖ «ប្រជាជនខ្ញុំ​នៅ​ភ្នំដិនហ្នឹង។ និយាយរួមទៅ អ្នកដែលមានកំណើត នៅស្រុកក្រោមនោះច្រើន ម្លោះហើយចេញច្រលំ។ វាជា​កំហុស​អចេតនា​ទេ... ដោយសារតែឪពុកម្តាយគាត់ មានកំណើតកម្ពុជាក្រោម ដល់ពេលចឹង សរសេរវាច្រលំ​ជា​មួយ​កូន។ វាជាកំហុសអចេតនាទេ។»

ដោយឡែក ចំពោះសំបុត្របញ្ជាក់កំណើតទីពីរវិញ អាជ្ញាធរក្រុងបាវិត​បានចាប់ខ្លួន សកម្មជនគណបក្ស​សង្គ្រោះ​​ជាតិ​ពីរ​រូប ដោយចោទពីបទបន្លំឯកសារ សំបុត្របញ្ជាក់កំណើតខាងលើ ដែលអាជ្ញាធរអះអាងថា ជា​ឯកសារ​ក្លែង​ក្លាយ។ ការ​ចាប់​ខ្លួន​សកម្មជនគណបក្សប្រឆាំងទាំងពីរនាក់នេះ បានធ្វើឡើង​ភ្លាមៗ ​បន្ទាប់​ពី​អគ្គ​នាយក​​ដ្ឋាន​ អត្តសញ្ញាណកម្ម​ នៃ​ក្រសួង​មហាផ្ទៃ ចេញ​ប្រកាសកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឲ្យ​ចាប់​ខ្លួន​ អ្នក​ក្លែង​សំបុត្រ​កំណើត​បង្ហោះ​លើ​​បណ្ដាញ​​សង្គម​ ដើម្បី​យកមកផ្ដន្ទាទោស ​តាម​ច្បាប់​ជា​ធរមាន។

ទោះជាមានការអះអាង ពីលោកមេឃុំយ៉ាងដូច្នេះ និងមានការចាប់ខ្លួន អ្នកក្លែងសំបុត្រទីពីរក៏ដោយ តែ​ក្រុម​អ្នកប្រើប្រាស់ហ្វេសប៊ុក បានយកករណីនេះ មកធ្វើជាប្រធានបទ វាយប្រហាររដ្ឋាភិបាល របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន យ់ាងចាស់ដៃ ជុំវិញ​អភិបាល​កិច្ច និងកិច្ចការរដ្ឋបាល ក្នុងការផ្ដល់លិខិតស្នាម ក៏ដូចជា​សញ្ជាតិ ទៅឲ្យជនជាតិវៀតណាម។ លោក​តំណាង​រាស្ត្រ អ៊ុំ សំអាន បានសរសេរអមនឹងសំបុត្រទីមួយថា៖ «រដ្ឋាភិបាលបានផ្តល់ឯកសារ ឲ្យយួននៅ​កម្ពុជា ក្លាយជាស្របច្បាប់អស់ហើយ ទោះបីការផ្តល់ឯកសារ​ទាំង​នោះ ផ្ទុយពីច្បាប់សញ្ជាតិ និងច្បាប់​អន្តោប្រវេសន៏​ក៏ដោយ។ តើមានយួនប៉ុនា្មន ត្រូវបញ្ជូនទៅស្រុកវិញ? ឯ​ការ​បញ្ជូនយួនទៅស្រុកវិញ បន្តិច​បន្តួច​កន្លងមក គ្រាន់ជារូបភាពនយោបាយប៉ុណ្ណោះ។ កម្ពុជាក្រោម ជាបទ​ពិសោធន៏ ដែល​កូនខ្មែរត្រូវចងចាំ។»

អ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះទៀត បានចាត់ទុកចម្លើយ របស់លោកមេឃុំខាងលើ គ្រាន់តែជាការដោះសារ ដើម្បីបញ្ជៀសការទទួលខុសត្រូវ របស់ខ្លួនប៉ុណ្ណោះ។ អ្នកខ្លះទៀត បានលើកជាសំនួរថា បើនេះជាកំហុស​អចេតនា តើនឹងដោះស្រាយយ៉ាងណា ចំពោះសំបុត្រកំណើត របស់ជនជាតិ«យួន» ក្លាយជា«ខ្មែរ» ដែល​សរសេរ​​ខុសរបៀបនេះ? តើសំបុត្រកំណើតនេះ មានប៉ុនានរយ ពាន់ ម៉ឺន នាក់ទៀត ដែលដូចគ្នា? តើមេឃុំ​ម្នាក់​នេះ គួរទទួលកំហុសអ្វីខ្លះ តាមផ្លូវរដ្ឋបាល និងផ្លូវច្បាប?