ចាប់ខ្លួន សម រង្ស៊ី៖ ទូត​អាមេរិក អ.ស.ប និង​អង្គការ​១៩ ប្រតិកម្ម

ការដកនូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាព ជាសមាជិករដ្ឋសភា មណ្ឌលកំពង់ចាម សម្រាប់នីតិកាលទី៥ របស់លោក សម រង្ស៊ី ដោយរដ្ឋសភាកម្ពុជា នៅវេលានេះ បានរងនូវការរិះគន់យ៉ាងខ្លាំង ពីសំណាក់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួន ក៏ដូចជាពីស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា និងពីអង្គការសហប្រជាជាតិ។
ចាប់ខ្លួន សម រង្ស៊ី៖ ទូត​អាមេរិក អ.ស.ប និង​អង្គការ​១៩ ប្រតិកម្ម
លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកគាំទ្រ កាលពីខែកក្កដា ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

ស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ក៏បានបង្ហាញពីកង្វល់របស់ខ្លួន ចំពោះការដកលោក សម រង្ស៊ី ចេញពីសមាជិកភាពតំណាងរាស្រ្ តនៃរដ្ឋសភា និងការធ្លាក់ចុះថែមទៀត នៃបរិយាកាស​ប្រជាធិប​តេយ្យ របស់ប្រទេសកម្ពុជា។ ស្ថានទូតអាមេរិក បានអំពាវនាវថា៖ «យើងមានកង្វល់យ៉ាងជ្រាលជ្រៅ ចំពោះ​ការ​ដកលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិកម្ពុជា (CNRP) ចេញពីរដ្ឋសភាជាតិ នៅថ្ងៃនេះ ដែល​ត្រូវបានធ្វើឡើង ជាឯកតោភាគី ដោយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។ យើងសូម​អំពាវនាវ​ អោយរដ្ឋសភាជាតិ ប្រគល់សមាជិកភាព ក្នុងសភាជាតិ និងផ្តល់អភ័យឯកសិទ្ធិសភា ជូនលោក សម រង្ស៊ី វិញជាបន្ទាន់។»

ស្ថានទូត បានបន្តអះអាងទៀតថា៖ «យើងសូមអំពាវនាវផងដែរ ដល់រដ្ឋាភិបាល អោយដកចេញនូវដីការ​ចាប់​ខ្លួនលោក សម រង្ស៊ី ទាក់ទងនឹងការចោទប្រកាន់ ស្តីពីបទបរិហារកេរ្តិ៍ ដែលមានអាយុកាល ៧ ឆ្នាំមកហើយ ហើយ​អនុញ្ញាតអោយរូបលោក និងសមាជិកសភាដទៃទៀត នៃគណបក្សប្រឆាំង វិលត្រឡប់មកប្រទេស​កម្ពុជា​វិញ ដោយគ្មានការភ័យខ្លាច​ការចាប់ខ្លួន ឬការធ្វើទុក្ខបុកម្នេញ។»

ស្ថានទូតអាមេរិកបានចាត់ទុក សកម្មភាពរបស់រដ្ឋាភិបាលកម្ពុជានេះថា «ចំណាត់ការនាថ្ងៃនេះ គឺជា​ឧប្បត្តិ​ហេតុ​ថ្មីៗបំផុត នៃការយារយី និងការគំរាមកំហែង ទៅលើគណបក្សប្រឆាំង របស់ប្រទេសកម្ពុជា ដែល​ក្នុង​នោះ រួមមានផងដែរ នូវការវាយដំដោយហឹង្សា ក្នុងពេលថ្មីៗនេះ ទៅលើសមាជិកសភា២រូប របស់គណបក្ស​ប្រឆាំង និង​ការដកដំណែង ជាអនុប្រធានទី១ នៃរដ្ឋសភាជាតិ ពីលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង។ ព្រឹត្តិការណ៍​ទាំងនេះ ប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ របស់ប្រទេសកម្ពុជា ហើយផ្ទុយទៅនឹងបំណង​ប្រាថ្នា របស់​ប្រជាជន​កម្ពុជា។»

បាន គី-មូន ថ្លែងផ្ទាល់...

នៅក្នុងប្រតិកម្មប្រហាក់ប្រហែលគ្នា លោក បាន គី-មូន (Ban Ki-Moon) អគ្គលេខាធិការអង្គការ​សហ​ប្រជា​ជាតិ បានហៅដីកាតាមចាប់ខ្លួន មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ថាជាកង្វល់មួយដ៏ធំ និងទាមទារ​ឲ្យបណ្ដាភាគីខ្មែរទាំងអស់ មានការពិភាក្សាគ្នា។ លោក បាន គីមូន បានអំពាវនាវ ដល់ភាគីនយោបាយ​ទាំង​អស់ ជៀសឲ្យបាន ពីការប្រើអំពើហិង្សា ការគំរាមកំហែង និងបៀតបៀន។

អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងទៀតថា៖ «ការចរចាបែបប្រជាធិបតេយ្យ ក្រោម​បរិយាកាស ដែលគ្មានការគំរាមកំហែង គឺមានសារសំខាន់ណាស់ សម្រាប់ស្ថិរភាពនយោបាយ និងសន្តិភាព​សង្គម។»

ដោយឡែកអង្គការសង្គមស៊ីវិល ចំនួន១៩ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ថ្កោលទោស ចំពោះចំណាត់​ការមិនប្រក្រតីមួយចំនួន របស់រដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធ និងការដកតំណែង ពីសមាជិកភាពតំណាងរាស្រ្ត និងការត្រៀបចាប់ខ្លួន លោក សម រង្ស៊ី មេបក្សប្រឆាំងនោះ។ ក្រុមសង្គមស៊ីវិលទាំងនោះ បានវាយតម្លៃថា រដ្ឋាភិបាល​បាននឹងកំពុងបង្ហាញ ពីប្រព័ន្ធគ្រប់គ្រងរបស់ខ្លួន ដែលគ្របដណ្តប់ លើប្រព័ន្ធតុលាការ នៅកម្ពុជា៕