តុលា​ការមិន​ឯករាជ្យ​កំពុង​នាំ​ឲ្យ​មាន​វិបត្តិ​ធ្ងន់ធ្ងរ​នៅក្នុង​សង្គម​កម្ពុជា

អ្នកតាមដាន​ស្ថានភាព​នៃ​ប្រព័ន្ធតុលាការ​ក្នុងប្រទេស​កម្ពុជា​បាន​លើកឡើងថា តុលាការ​បច្ចុប្បន្ន​មិន​ឯករាជ្យ​និង​មិន​បំពេញ​តួនាទី​របស់ខ្លួន​តាមច្បាប់​កំណត់​ដូច​ប្រព័ន្ធយុត្តិធម៌​នៃ​ប្រទេស​ដទៃ​នោះទេ​។ ក្នុងនោះ​ការចាប់​ឃុំខ្លួន​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ការចាប់​ឃុំខ្លួន​មន្ត្រីជាន់ខ្ពស់​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់ បាន​បង្ហាញថា​ប្រព័ន្ធតុលាការ​បច្ចុប្បន្ន​ជា​ឧបករណ៍​បម្រើ​ប្រយោជន៍​នយោបាយ​អ្នកកាន់អំណាច​។ ជាពិសេស​ករណី​តុលា​ការចេញ​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី កាលពីពេល​ថ្មីៗ​នេះ បានបង្ហាញ​កាន់តែច្បាស់​ថា ប្រព័ន្ធតុលាការ​សព្វថ្ងៃ​នៅក្រោម​ឥទ្ធិពល​គណបក្សកាន់អំណាច​និង​អ្នកកាន់អំណាច​យ៉ាងច្បាស់​ក្រឡែត​។

​អ្នកសង្កេតការណ៍​ជាតិ​និង​អន្តរជាតិ​បាន​កត់សម្គាល់ថា ទោះបី​កម្ពុជា​ទទួលបាន​សន្តិភាព​ល្អប្រសើរ​តាំងពី​ឆ្នាំ​១៩៩៨ ក៏ប៉ុន្តែ​ប្រទេស​ក្រីក្រ​មួយ​នេះ​នៅតែ​ប្រឈម​នឹង​ការធ្លាក់​ចូលទៅ​ក្នុងការ​ប្រព្រឹត្ត​អំពើហិង្សា ដែល​អាច​ឈានដល់​ការកាប់សម្លាប់​ដោយសារ​ប្រព័ន្ធតុលាការ​មិន​ឯករាជ្យ និង​មិនទាន់មាន​នីតិរដ្ឋ​ពេញលេញ​។ ក្រុមអ្នកច្បាប់​ដែល​តាមដាន​ប្រព័ន្ធយុត្តិធម៌​ក្នុងប្រទេស​កម្ពុជា​បាន​លើកឡើងថា តុលា​ការមិន​ឯករាជ្យ​កំពុង​នាំ​ឲ្យ​មាន​អំពើ​អយុត្តិធម៌​សង្គម អំពើ​ឆក់​ប្លន់​ដីធ្លី អំពើ​រំលោភ​សិទ្ធិមនុស្ស ការវាយប្រហារ​ទៅលើ​ក្រុមគាំទ្រ​គណបក្សជំទាស់​និង​អំពើ​អយុត្តិធម៌​ផ្សេងៗ​ទៀត​។ ដូច្នេះ​ការកែទម្រង់​ប្រព័ន្ធយុត្តិធម៌​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​រឿង​ចាំបាច់​បំផុត​ដូចដែល​លោក សុរិយា ស៊ូ​ប៊ែ​រ​ឌី អតីត​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ផ្តល់​អនុសាសន៍​ជា​ញឹកញាប់​។ ដោយសារតែ​ប្រព័ន្ធតុលាការ​មិន​ឯករាជ្យ ទើប​កន្លងមក​ជនដៃដល់​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​និង​អ្នក​នៅ​ពី​ក្រោយខ្នង តែង​គេច​ផុតពី​ការកាត់ទោស​តាមច្បាប់​។​

មជ្ឈដ្ឋាន​អ្នកច្បាប់​បាន​លើកឡើងថា តុលាការ​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​ភាពលំអៀង​ទៅរក​អ្នកកាន់អំណាច គណបក្សកាន់អំណាច អ្នកមាន​លុយ មន្ត្រីជាន់ខ្ពស់ និង​អ្នកមានអំណាច ហើយ​ប្រជាពលរដ្ឋ​ក្រីក្រ​ក៏ដូចជា​សកម្មជន​ដីធ្លី និង​សកម្មជន​គណបក្ស ជំទាស់​ត្រូវ​រងគ្រោះ​រហូត​។ ដូច្នេះ​ការកែទម្រង់​ប្រព័ន្ធយុត្តិធម៌​ឲ្យ​មាន​ភាព​ឯករាជ្យ​ដើម្បី​ឲ្យ​កម្ពុ​ជាមាន​នីតិរដ្ឋ​ពិតប្រាកដ គឺជា​រឿង​សំខាន់​ណាស់​ដើម្បី​ទប់ស្កាត់​អំពើហិង្សា​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់ លុបបំបាត់​អំពើ​អយុត្តិធម៌​ក្នុងសង្គម ហើយ​អ្នកប្រព្រឹត្ត​ខុសត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន​។ ទាល់តែ​ប្រព័ន្ធតុលាការ​មាន​ភាព​ឯករាជ្យ​ពេញលេញ ទើប​សង្គម​កម្ពុ​ជាមាន​យុត្តិធម៌​ពេញលេញ មានការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ ហើយ​រាល់​សំណុំរឿង​នៅក្នុង​តុលាការ​គឺ​ទាំង​ដើមបណ្តឹង​និង​ចុងចោទ​ទទួលបាន​យុត្តិធម៌​ដូចគ្នា​៕

hong sokhourលោក ហុង សុខហួរ ទទួលរងនូវអំពើអយុត្តិធម៌ដោយសារតុលាការមិនឯករាជ្យ