ក្រុមហ៊ុន​ចិន​ជី​ង​ហ្យុ​ង​រី កំពុង​បំផ្លាញ​ព្រៃ​ការពារ​នៅ​ស្រុក​លំផាត់ ខេត្តរតនគិរី យ៉ាង​កំរោល​

ក្រុមហ៊ុន​ជី​ង​ហ្យុ​ង​រី របស់​ចិន​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅក្នុង​ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី មិនបាន​អនុវត្តន៍​ត្រឹមត្រូវ​តាម​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះទេ​។ ជាក់ស្តែង​សហគមន៍​ជនជាតិដើម​ភាគតិច នៅ​ភូមិ​ប៉ា​តក់ ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី បាន​ចោទ​ក្រុមហ៊ុន​ជី​ង​ហ្យុ​ង​រី ថា​កំពុង​បំពាន​កាប់​យក​ឈើ​មានតម្លៃ​ក្នុងព្រៃ​ការពារ ហើយ​រំលោភ​លើ​កិច្ចព្រមព្រៀង​ជាមួយ​សហគមន៍​យ៉ាង​គឃ្លើន​។ ហេតុនេះហើយ​ទើប​កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ តំណាង​សហគមន៍​ភូមិ​ប៉ា​តក់ បាន​ព្រមាន​ធ្វើបាតុកម្ម​ប្រឆាំង​សកម្មភាព​លួច​កាប់​ឈើ​ក្នុងព្រៃ​ការពារ ប្រសិនបើ​ក្រុមហ៊ុន​ជី​ង​ហ្យុ​ង​រី នៅតែ​បំពាន​កិច្ចព្រមព្រៀង​តទៅទៀត​។

ប្រជា​សហគមន៍​ភូមិ​ប៉ា​តក់ បាន​ឲ្យ​ដឹងថា​កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០១៥ ពួកគាត់​ជាង​១០០​នាក់​បាន​ឯកភាពគ្នា​ប្រគល់​រថយន្តស្ទូច​ឈើ​មួយគ្រឿង ដែល​សហគមន៍​រឹបអូស​បាន​ពី​ក្រុមហ៊ុន​ជី​ង​ហ្យុ​ង​រី ដែល​បំពាន​ចូល​កាប់​ឈើ​ក្នុងព្រៃ​ការពារ​។ បន្ទាប់មក​មាន​កិច្ចប្រជុំ​សម្របសម្រួល​រវាង​ក្រុមហ៊ុន​និង​សហគមន៍ ហើយ​មាន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ​និង​តំណាង​អង្គការក្រៅរដ្ឋាភិបាល​ចូលរួម​ផងដែរ ហើយ​តំណាង​ក្រុមហ៊ុន​ជី​ង​ហ្យុ​ង​រី បាន​សន្យាថា​ហ៊ាន​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ប្រសិនបើ​ក្រុមហ៊ុន​កាប់​ឈើ​ក្រៅ​បរិវេណ​ដី​សម្បទាន​។

​មន្ត្រី​សង្គម​ស៊ីវិល​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ជី​ង​ហ្យុ​ង​រី បាន​បំពាន​លើ​កិច្ចសន្យា​របស់ខ្លួន ព្រោះ​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ អ្នកភូមិ​បានឃើញ​រថយន្ត​ក្រុមហ៊ុន​ជី​ង​ហ្យុ​ង​រី ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ជាថ្មីទៀត ហើយ​កម្មករ​ក្រុមហ៊ុន​បាន​ទម្លាក់​ឈើ​ចោល​និង​បើករថយន្ត​គេច ខណៈដែល​ប្រជា​សហគមន៍​ប៉ុនប៉ង​ស្ទាក់ចាប់​រថយន្ត​នោះ​។ តំណាង​ប្រជា​សហគមន៍​បាន​អំពាវនាវ​ឲ្យ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ព្រមទាំង​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ទៅលើ​ក្រុមហ៊ុន​ជី​ង​ហ្យុ​ង​រី ជាបន្ទាន់​ព្រោះ​ក្រុមហ៊ុន​នេះ​បន្ត​កាប់​ឈើ​ក្នុងព្រៃ​ការពារ​យ៉ាង​ពេញបន្ទុក​។ ប្រជា​សហគមន៍​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដក​អាជ្ញាប័ណ្ណ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ជី​ង​ហ្យុ​ង​រី ផងដែរ​ព្រោះ​ក្រុមហ៊ុន​នេះ​គ្មាន​ដាំ​ដំណាំ​អ្វី​ក្រៅពី​កាប់​ឈើ​លក់​យកលុយ​នោះឡើយ​៕

CH-01157លោក ថង សាវុន អភិបាលខេត្តរតនគិរីimage