នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី លោក កែប កត់ បើកដៃ​ឲ្យ​មាន​បទល្មើស​កាន់តែខ្លាំង​

ប្រជាពលរដ្ឋ​ក្នុងស្រុក​កែវ​សីមា ស្រុក​អូររាំង ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត មិនដែល​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះទេ​។ ផ្ទុយទៅវិញ​លោក កែប កត់ និង​បក្ខពួក​ដូចជា​ឈ្មោះ អ៊ុំ វណ្ណ​សុ​ភ័​ក្រ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ពេ​ជ្រា​ដា ជាដើម​គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ បញ្ហា​នេះ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក កែប កត់ និង​បក្ខពួក​ជាបន្ទាន់​។​

​ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ឈើ​ប្រណីត​ដូចជា​សុ​ក្រំ និង​ឈើ​ប្រណីត​ផ្សេងៗ​ទៀត ត្រូវបាន​ក្រុម​ឈ្មួញ​កាប់រំលំ​អារច្រៀក​និង​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ ដោយ​ពុំមាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ទេ​។ ជាមួយគ្នានេះ​បទល្មើស​កាប់​ឈើមូល​ដឹក​ចេញពី​ព្រៃ​តាម​រថយន្ត​ធំៗ​នៅតែ​កើតឡើង​ដូច​មុន​ដដែល ចំណែក​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​រាប់រយ​គ្រឿង ត្រូវបាន​គេ​ប្រើប្រាស់​អារ​រំលំ​និង​ច្រៀក​ឈើ​ក្នុងព្រៃ​ការពារ ព្រៃ​សហគមន៍​តាម​អំពើ​ចិត្ត​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅក្នុង​ខេត្តមណ្ឌលគិរី បាន​អះអាងថា លោក កែប កត់ និង​បក្ខពួក​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ​ក្នុងខណៈដែល​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុងព្រៃ​សហគមន៍ ព្រៃ​ការពារ ព្រៃ​ដែន​ជម្រក​សត្វ ព្រៃ​អភិរក្ស ទទួលរង​នូវ​ការកាប់បំផ្លាញ​ជា​បន្តបន្ទាប់​។​

​ប្រភពពី​តំណាង​សហគមន៍​ក្នុងស្រុក​ពេ​ជ្រា​ដា ក៏ដូចជា​ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​កែវ​សីមា បាន​ឲ្យ​ដឹង​ថាបើ​គ្មាន​ការបើក​ដៃ​ពី​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី និង​បក្ខពួក​ទេនោះ គឺ​ឈ្មួញ​ធំៗ​មិន​ហ៊ាន​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​ដូច​សព្វថ្ងៃនេះ​ទេ​។ ទាល់តែ​មានការ​បើកដៃ​ពី​លោក កែប កត់ និង​បរិវារ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ទើប​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ខេត្តមណ្ឌលគិរី ទៅ​លក់​នៅ​ស្រុក​យួន​រាលដាល​កាន់តែខ្លាំង​ឡើងៗ​។ ហេតុនេះ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ គួរ​ចាត់វិធានការ​លើ​លោក កែប កត់ តាមច្បាប់​ជាបន្ទាន់ ព្រោះ​មន្ត្រី​រូបនេះ​ជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ទៅនឹង​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី​៕

KA-01-11-2015-031 - Copyលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី12227073_1521171824865569_5977481190214841510_n