វិចារណកថាៈ រឿងក្រុមហ៊ុនដីសម្បទាន សេដ្ឋកិច្ចជួលដី តាមព្រំដែន ឲ្យជនជាតិវៀតណាម

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណ៍ ហាមប្រជាពលរដ្ឋខ្មែរ មិនឲ្យ លក់ ឬជួលដី ស្រែចម្ការ ឬដីលំនៅដ្ឋាន នៅតាមព្រំដែន ទៅឲ្យប្រជាពលរដ្ឋប្រទេសជិតខាង រួមមានប្រទេសថៃ វៀតណាម ឡាវ បើទោះបីក្នុងរូបភាពណាក៏ដោយ ។ នៅក្នុងសារាចរណ៍នោះបានបញ្ជាក់ច្បាស់ថា ប្រសិន បើមានការជួលដីរួចហើយ តែ ពុំមានឯកសារគតិយុត្តិ ឬកិច្ចសន្យាត្រឹមត្រូវ អភិបាលខេត្តត្រូវណែនាំ ឲ្យប្រជា ពលរដ្ឋខ្មែរបញ្ឈប់ការជួលដីនោះដោយដាក់ ឱសានវាទក្នុងរយៈពេលកំណត់មួយ ជាក់លាក់ស្របតាម ស្ថានភាព ជាក់ស្តែង ប៉ុន្តែបើការជួលដីនោះមានឯកសារគតិយុត្តិ ឬកិច្ចសន្យាត្រឹមត្រូវ ពួកគេអាចបន្តរហូតដល់ អស់សុពល ភាព ទើបបញ្ចប់លែងឲ្យមានការជួលដីបន្ថែមទៀត ។ ជាពិសេសសារាចរណ៍របស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា អភិបាលខេត្តត្រូវចាត់ឲ្យមានការពិនិត្យឯកសារ ដែលប្រជាពលរដ្ឋ ខ្មែរបានជួលដីនៅ តាមតំបន់ព្រំដែន ឲ្យទៅ ប្រជាពលរដ្ឋប្រទេស ជិតខាងនាពេលកន្លងមក ។

  សារាចរណ៍ណែនាំ របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ គឺជាបញ្ហាដ៏សំខាន់ ដើម្បីទប់ ស្កាត់ កុំឲ្យប្រជាពលរដ្ឋរស់ នៅតាមតំបន់ព្រំដែន ជួលដីតាមព្រំដែនឲ្យប្រជាពលរដ្ឋ នៃប្រទេសជិតខាងដូចជាថៃ វៀតណាម និង ឡាវ តទៅទៀត ។ ចំណែកក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវដាក់ចេញនូវ វិធានការ និងយុទ្ធសាស្រ្តសម ស្រប ដើម្បីជំរុញការបង្កបង្កើនផល និងការដាំដុះដំណាំផ្សេងៗ របស់ប្រជាពលរដ្ឋ នៅតាមតំបន់ព្រំដែន ដែលអាចរួមចំណែកដល់ការ លើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងដើម្បីទប់ ស្កាត់មិនឲ្យប្រជាពលរដ្ឋខ្មែរជួលដីទៅឲ្យប្រជា ពលរដ្ឋប្រទេសជិតខាង ។ សារាចរណ៍របស់ រាជរដ្ឋាភិបាល គឺស្របទៅតាមស្ថានភាពជាក់ស្តែង ព្រោះកន្លងមកប្រជាពល រដ្ឋខ្មែរដែលរស់នៅ តាមតំបន់ព្រំដែន ក្នុងខេត្ត ស្វាយរៀង និងខេត្តត្បូងឃ្មុំជាដើមបានជួលដីស្រែចម្ការនៅតាមតំបន់ព្រំដែន ឲ្យជនជាតិវៀតណាម ដោយពុំបាន គិតគូរ ពីបញ្ហាកើតឡើងនាពេលខាងមុខនោះទេ ។

ឥឡូវនេះអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ និងមន្រ្តីអង្គការក្រៅរដ្ឋាភិបាលនៅ ខេត្តត្បូងឃ្មុំឲ្យដឹងថា ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច មួយចំនួនដែលទទួលបានដី សម្បទានសេដ្ឋកិច្ច តាមតំបន់ ព្រំដែនក្នុង ស្រុកមេមត់បានជួលដីមួយផ្នែកទៅឲ្យប្រជាពលរដ្ឋវៀតណាមដាំដំឡូងមី អំពៅ និងដំណាំផ្សេងៗ ទៀត ។ បញ្ហានេះប្រជា ពលរដ្ឋបានលើកឡើងពីឈ្មោះក្រុមហ៊ុន ចំនួន២ដែលជួលដីតាមព្រំដែន ឲ្យពលរដ្ឋ វៀតណាម គឺក្រុមហ៊ុន ម៉ែន សារុន និង ក្រុមហ៊ុនកុយ សុខងួន ។ ប្រជាពលរដ្ឋខ្មែរដែលរស់នៅ តាមតំបន់ ព្រំដែនក្នុងស្រុកមេមត់បានបង្ហាញ នូវសេចក្តីព្រួយបារម្ភ ខា្លចកើតមានបញ្ហានាពេលខាងមុខ ព្រោះមន្រ្តី អាជ្ញាធរហាក់ដូចជាមានភាពធូរ រលុងពេល ដែលក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ជួលដីតាមព្រំដែន ទៅឲ្យប្រជាពលរដ្ឋ វៀតណាមធ្វើស្រែចម្ការ ។ បញ្ហានេះក្រសួង និងស្ថាប័នពាក់ព័ន្ធមិនត្រូវមើលរំ លងទេ ហើយគួរចាត់វិធានការទប់ស្កាត់ និងស៊ើបអង្កេតរកឲ្យឃើញការពិតថា ប្រភពព័ត៌មានពីប្រជាពលរដ្ឋខ្មែរតាមព្រំ ដែន និងក្រុមមន្រ្តីសង្គមស៊ីវិលមានការពិតក្នុងកម្រិតណា ។

មន្រ្តីអាជ្ញាធរមូលដ្ឋានក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំបានបញ្ជាក់ច្បាស់ថា កន្លងមកក្រុមហ៊ុនកុយសុខងួន បានជួលចំណែកខ្លះនៃដីសម្បទានសេដ្ឋកិច្ចទៅឲ្យពលរដ្ឋវៀតណាមមែន ហើយខាងអាជ្ញាធរឃុំក៏បាន រាយការណ៍ព័ត៌ មាននេះទៅថ្នាក់លើដែរ ។ ប្រភពពីមន្រ្តីអាជ្ញាធរមូលដ្ឋាននៅឃុំទន្លូង និងឃុំជាំក្រវៀន ស្រុកមេមត់ បានឲ្យដឹងថា ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួន បានជួលដីឲ្យប្រជាពលរដ្ឋវៀត ណាម ដាំដំឡូងមី និងអំពៅពិតប្រាកដមែន ហើយតម្លៃ ជួលដីក្នុង១ហិកតាចន្លោះពី៧០ម៉ឹន ទៅ១លានរៀល ក្នុង១ឆ្នាំ អាស្រ័យទៅតាមប្រភេទដី ហើយកន្លែងខ្លះគេជួលដីឲ្យប្រ ជាជនវៀតណាមក្នុងរយៈពេល៥ឆ្នាំ ។ ដោយ សារតែព្រួយបារម្ភខ្លាចប៉ះពាល់ដល់បូរណភាពទឹកដីខ្មែរទើបមន្រ្តីអាជ្ញាធរ មូលដ្ឋានក្នុងឃុំទន្លូង និងឃុំជាំក្រវៀន រាយការណ៍ទៅថ្នាក់លើជាបន្តបន្ទាប់ ដើម្បីចាត់វិធានការទប់ស្កាត់ ហើយប្រសិនបើ ក្រុមហ៊ុនទាំងនោះគ្មាន សមត្ថភាពវិនិយោគលើដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួនទេ រាជរដ្ឋាភិបាលគួរដកហូតដីទាំងនោះមក ចែកជូនប្រជា ពលរដ្ឋសម្រាប់ធ្វើស្រែចម្ការវិញ ។

ព័ត៌មានស្តីពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចជួលដីតាមតំបន់ព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឲ្យជនជាតិវៀតណាមដំាដំឡូងមី អំពៅ និងដំណាំកសិកម្មផ្សេងៗគឺជារឿងគួរឲ្យបារម្ភ ព្រោះដីធ្លីតាមតំបន់ព្រំដែនកម្ពុជា-វៀត ណាម នៅ ស្រុកមេមត់កំពុងមានភាពមិនប្រក្រតី ។ ជាងនេះទៅទៀតគឺ ជនជាតិវៀតណាមមួយ ចំនួនអាចសង់ ផ្ទះរស់នៅលើដីដែល ពួកគេជួលពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទៀតផង ក្នុងខណៈដែល ប្រជាពលរដ្ឋខ្មែរមិន អាចចូលទៅដល់តំបន់នោះបាន ឡើយ ។ ដូច្នេះអាជ្ញាធរខេត្តត្បូងឃ្មុំ ក៏ដូចជាក្រសួង និងស្ថាប័នពាក់ព័ន្ធគួរចាត់ វិធានការ ស៊ើបអង្កេតបញ្ហាខាងលើនេះជា បន្ទាន់ ព្រោះករណីក្រុមហ៊ុនដីសម្បទាន សេដ្ឋកិច្ចជួលដីឲ្យ ជនជាតិ វៀតណាមប្រកបរបរកសិកម្មនៅតាមព្រំដែន អាចមាន គ្រោះថ្នាក់ធ្ងន់ធ្ងរជាងប្រជាកសិករជួល ដីតាមព្រំដែន ទៅទៀត ។ ជាមួយគ្នានេះមន្រ្តីអាជ្ញាធរគ្រប់លំដាប់ថ្នាក់គួរអនុវត្តន៍ តាមសារាចរណ៍ណែនាំ របស់រាជ រដ្ឋាភិបាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយត្រូវចាត់វិធានការទប់ស្កាត់បញ្ហាជួលដី នៅតាមតំបន់ព្រំដែន ឲ្យខាងតែបាន ៕