រុស្ស៊ី ចុះហត្ថលេខា លើគម្រោងសាងសង់ រោងចក្រនុយក្លេអ៊ែរ នៅអេហ្ស៊ីប

គែរ៖ ប្រទេសអេហ្ស៊ីប និង រុស្ស៊ី បានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៥ ក្នុងការ កសាងនូវរោងចក្រ ដើរដោយថាម ពលនុយក្លេអ៊ែរ នៅលើទឹកដីអេហ្ស៊ីប ដែលវាបានកើតឡើង តែមួយសប្តាហ៍ ប៉ុណ្ណោះ បន្ទាប់ពីយន្តហោះរុស្ស៊ី បានធ្លាក់នៅតំបន់ ឧបទ្វីបស៊ីណៃ ដ៏ចម្រូងចម្រាស់ នោះមក។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា ពិធីចុះហត្ថលេខា ខាងលើនេះ ត្រូវបាន ចូលរួមដោយលោក ប្រធានាធិបតិ អេហ្ស៊ីប អាប់ឌែល ហ្វាតតា អាល់ស៊ីស៊ី និង តំណាង របស់លោក ប្រធានាធិបតី រុស្ស៊ី វ្លាឌីមៀ ពូទីន ដើម្បីបើក ការដ្ឋានសាងសង់ជាស្ថាពរ នូវរោងចក្រ ដើរដោយថាមពលនុយក្លេអ៊ែរ នៅប្រទេស អារ៉ាប់ មួយនេះ។

លោក ស៊ីស៊ី បានថ្លែងនៅក្នុងពិធីនោះថា “វាជាកម្មវិធីនុយក្លេអ៊ែរប្រកបដោយសន្តិភាព ដើម្បី បង្កើតចេញជា ថាមពលអគ្គិសនី ហើយអេហ្ស៊ីប សន្យាយ៉ាងពេញលេញថា នឹងមិនឲ្យ រំលោភលើសន្និសញ្ញា ស្តីពីការមិនរីក សាយភាយ អាវុធនុយក្លេអ៊ែរ នោះឡើយ។ វាក៏ជាក្តី ស្រមៃមួយ តាំងពីយូរណាស់មកហើយដែរ សម្រាប់ប្រជាជាតិ អេហ្ស៊ីប។”

គួរបញ្ជាក់ថា ក្រុមហ៊ុនថាមពលនុយក្លេអ៊ែររុស្ស៊ី រ៉ូស៊ីតូម បានទទួលសិទ្ធិសាងសង់រោងចក្រ ខាងលើនេះ នៅឯតំបន់ ដាបាអា របស់អេហ្ស៊ីប៕

រុស្ស៊ី ចុះហត្ថលេខា លើគម្រោងសាងសង់ រោងចក្រនុយក្លេអ៊ែរ នៅអេហ្ស៊ីប