បទល្មើស​ចិញ្ចឹម​ត្រី​ឆ្ដោ​ក្នុង​ឃុំ​កំពង់​លួង ស្រុក​ក្រគរ កំពុង​កើតឡើង​ដោយ​គ្មាន​ការទប់ស្កាត់​

មេ​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់ ក៏ដូចជា​មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​ក្រគរ ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា​មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​ចិញ្ចឹម​កូន​ត្រី​ឆ្ដោ​រាប់ម៉ឺន​ក្បាល​នៅក្នុង​ភូមិ​ទី​៤ ឃុំ​កំពង់​លួង ស្រុក​ក្រគរ នោះទេ​។ ផ្ទុយទៅវិញ​ពួកគេ​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​បណ្តោយ​ឲ្យ​ជនជាតិ​យួន​និង​ជនជាតិខ្មែរ​មួយចំនួន​ចិញ្ចឹម​ត្រី​ឆ្ដោ​រាប់ម៉ឺន​ក្បាល​នៅតាម​ស្រះ​ជាច្រើន ក្នុងភូមិ​ទី​៤ ឃុំ​កំពង់​លួង ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ដោយសារតែ​ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​នោះ​ហើយ ទើប​មេ​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់ និង​មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​ក្រគរ បណ្តោយ​ឲ្យ​បទល្មើស​កើតឡើង​ឥតឈប់ឈរ​។

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ទី​៤ ឃុំ​កំពង់​លួង បាន​ឲ្យ​ដឹងថា បទល្មើស​ចិញ្ចឹម​ត្រី​ឆ្ដោ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​បានកើត​ឡើងជា​យូរ​ឆ្នាំ​មកហើយ ពុំមាន​មន្ត្រីរដ្ឋបាល​ជលផល​ណា​ចុះមក​បង្ក្រាប​ទប់ស្កាត់​ទាល់តែសោះ​។ ជនជាតិ​យួន​និង​ជនជាតិខ្មែរ​ដែល​ចិញ្ចឹម​ត្រី​ឆ្ដោ​ខុសច្បាប់ គឺ​ពួកគេ​បាន​ទិញ​កូន​ត្រី​ល្អិតៗ​ដែល​បានមកពី​បទល្មើស​នេសាទ​ខុសច្បាប់​មក​ធ្វើជា​ចំណី​ត្រី​ឆ្ដោ​។ បញ្ហា​នេះ​នាំ​ឲ្យ​កើតមាន​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ដូចជា មង​ក្រឡា​ញឹក និង​ស្បៃ​មុង ចាប់យក​កូន​ត្រី​ល្អិតៗ​នៅក្នុង​បឹង​ទន្លេសាប​នៃ​ស្រុក​ក្រគរ យ៉ាង​អនាធិបតេយ្យ​បំផុត​។

​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួ​សារបាន​ឲ្យ​ដឹងថា ក្រុម​ជនល្មើស​ជនជាតិ​យួន​និង​ជនជាតិខ្មែរ​ដែល​ចិញ្ចឹម​ត្រី​ឆ្ដោ​ក្នុង​ឃុំ​កំពង់​លួង បាន​ប្រមូល​ទិញ​ត្រី​ល្អិតៗ​គ្រប់​ប្រភេទ​សម្រាប់ធ្វើ​ចំណី​ត្រី​ឆ្ដោ​ជាប្រចាំ ហើយ​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ល្អិតៗ​កើតឡើង​ពេញ​បឹង​ទន្លេសាប​។ បញ្ហា​នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​បទល្មើស​ចិញ្ចឹម​ត្រី​ឆ្ដោ​នៅ​ភូមិ​ទី​៤ ឃុំ​កំពង់​លួង ស្រុក​ក្រគរ គឺជា​ការបំពាន​លើ​បំរាម​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ យ៉ាង​គឃ្លើន​។ ចំណែក​មន្ត្រីរដ្ឋបាល​ជ​ល​ផល ក្នុងស្រុក​ក្រគរ ជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​បទល្មើស​ដែល​កើតឡើង​សព្វថ្ងៃនេះ​៕

that-0588 that-0590