​កាំកុងត្រូល​ខេត្ត​ប៉ៃលិន​រង​ការរិះគន់​ថាបើ​កដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​គ្មាន​គុណភាព​

​ប្រភពព័ត៌មាន​ពី​ច្រកទ្វារ​អន្តរជាតិ​ព្រំ នៅ​ខេត្ត​ប៉ៃលិន បាន​បង្ហើប​ឱ្យដឹងថា ម្ហូបអាហារ ត្រី​សាច់ បន្លែ​ផ្លែឈើ គ្រឿង​កំប៉ុង​ជាដើម ត្រូវ​ឈ្មួញ​នាំចូល​តាម​ច្រករបៀង ទល់មុខ​បន្ទាយ​កងរាជអាវុធហត្ថ​ជា​រៀងរាល់​យប់ ពោលគឺ​ចាប់តាំងពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ​រហូតដល់​ភ្លឺ​ទើប​ឈប់ ដោយមាន​អ្នក​ឈរ​ចាំ​យកលុយ តែ​គ្មាន​អ្នកត្រួតពិនិត្យ​មើល​គុណភាព​ទំនិញ​នោះឡើយ ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ក្រោយ​ទំនិញ​ផ្ទេរ​ចូលដល់​ដី​ខ្មែរ​ឈ្មួញ​បាន​ដឹកទំនិញ​យកទៅ​ចែកចាយ​បន្ត​តាម​ផ្សារ​នានា និង​ភូមិ​ជាច្រើន​ក្នុង​ខេត្ត​ប៉ៃលិន និង​ស្រុក​មួយចំនួន​ក្នុង​ខេត្តបាត់ដំបង​ដែល​បញ្ហា​នេះ​កំពុង​បង្ក​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​សុខភាព ខណៈ​មន្ត្រី​កាំកុងត្រូល​នៅ​ប្រចាំការ​ច្រកទ្វារ​ខាងលើ គ្មាន​វិធានការ​ទប់ស្កាត់​អ្វី​ឡើយ​។​

​ចំពោះមុខ​បញ្ហា​នេះ ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រំ លោក សាន វិជ្ជា​សា​រ៉ា​វុ​ទ្ធ បាន​ថ្លែងថា លោក​ទទួលស្គាល់ថា ទំនិញ​ខ្លះ​ពុំមាន​ការត្រួតពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ​មែន ប៉ុន្តែ​ខាង​លោក​ធ្លាប់​ដឹង​ពី​អ្នក​ដឹក អ្នកលក់ មាន​ប្រវត្តិ​ល្អ ឬ​អាក្រក់​រួចរាល់​អស់ហើយ ដូច្នេះ​គ្មាន​បញ្ហា​អ្វី​នោះទេ ហើយ​ក្នុងករណី​មួយចំនួន​មន្ត្រី​កាំកុងត្រូល​បាន​ចុះទៅ​ត្រួតពិនិត្យ​ដល់​ឃ្លាំង​ផ្ទាល់​តែម្តង ។ មន្ត្រី​កាំកុងត្រូល​ប្រចាំខេត្ត​ប៉ៃលិន​ដដែល​បាន​អះអាងថា​ចំពោះ​អ្នកលក់ដូរ​ទំនិញ​ហួស​កាលបរិច្ឆេទ និង​ទំនិញ​ហាមឃាត់ មន្ត្រី​កាំកុងត្រូល​តែងតែ​ចុះទៅ​អប់​រំជា​ញឹកញាប់​នៅតាម​ទីផ្សារ ដើម្បី​ណែនាំ​ឱ្យ​យល់ដឹង និង​បញ្ឈប់​នូវ​ការលក់ទំនិញ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ ។​

​យ៉ាងណាក្តី​អាជីវករ​លក់ដូរ​តាម​ផ្សារ​នានា​នៅក្នុង​ខេត្ត​ប៉ៃលិន​បាន​ត្អូញត្អែរថា​ពួកគាត់​មានការ​អាក់អន់ស្រពន់ចិត្ត​យ៉ាងខ្លាំង​ចំពោះ​មន្ត្រី​កាំកុងត្រូល​នៅ​ខេត្ត​ប៉ៃលិន ដែល​បាននាំគ្នា​ចុះទៅ​ត្រួតពិនិត្យ និង​ដកហូតយក​ទំនិញ​លក់ដូរ​របស់គាត់ ខណៈ​ទំនិញ​មួយចំនួន​ទើបតែ​លើក​មកពី​ស្តង់​ធំ ដាក់លក់​ថ្មីៗ លុះ​គេ​ពិនិត្យមើល​ស្រាប់តែ​ឃើញ​ហួស​ថ្ងៃ​កំណត់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រី​កាំកុងត្រូល​ចុះ​ពិនិត្យ​តាម​ភូមិ​ដកហូត​ទំនិញ​ហួស​កាលបរិច្ឆេទ​គឺ​ល្អ​ហើយ ប៉ុន្តែ​សុំឱ្យ​ធ្វើការ​ដោយ​តម្លាភាព ត្រូវ​ពិនិត្យ​នៅ​ច្រកទ្វារ ដែល​នាំចូល​ជាមុន​ដំបូង បន្ទាប់មក​ត្រូវ​ពិនិត្យមើល​ស្តង់​លក់ដូរ​ចែកចាយ​ធំៗ ឱ្យបាន​ដិតដល់ ព្រោះ​ពួកគាត់​លើក​មកពី​ទីនោះ​ដែរ បើ​ដើរ​ចាប់យក​ពី​អាជីវករ​លក់​តាម​ផ្សារ​បែបនេះ វា​អយុត្តិធម៌​ណាស់​សម្រាប់​អាជីវករ​តាម​ផ្សារ​៕

Hong-0458