អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា​ប្រកាស​ទប់​ស្កាត់​ទំនិញគេចពន្ធ​ដើម្បី បង្កើន​ចំណូល​ជាតិ

រាជធានី​ភ្នំពេញ ៖ កំណែទម្រង់​លើ​ការ​ប្រមូល​ពន្ធ និង​ជំរុញ​ឲ្យ​មន្ដ្រី​បង្កើន​ការ​ប្រើប្រាស់​ព័ត៌មានវិទ្យា​នៅ​ក្នុង​ការ​ប្រមូល​ពន្ធ ក៏​ដូច​ជា​កែ​លម្អ​ប្រសិទ្ធភាព​នៃ​ការ​ទប់ស្កាត់​ការ​រត់ពន្ធ​ខុសច្បាប់ បាន​ធ្វើ​ឲ្យ​ចំណូល​ពី​ការ​ប្រមូល​ពន្ធ​មានការ​កើនឡើង​ពី​មួយ​ខែ​ទៅ​មួយ​ខែ​។ ទោះជា យ៉ាងណា ការ​ប្រមូល​ពន្ធ​នៅ​តែ​មាន​ចំណុច​ខ្វះខាត​នៅឡើយ ជា​ពិសេស​ការ​រត់ពន្ធ​ទំនិញ​ខុសច្បាប់​ដែល​នាំ​ឲ្យ​បាត់​បង់​ចំណូល​សម្រាប់​ជួយ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ ។

តាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យ​ដឹង​ថា ការ​បង្ការ និង​បង្ក្រាប​បទល្មើស​គេចពន្ធ គឺជា​តួនាទី​តាម​ផ្លូវច្បាប់​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ហើយ​ក៏​ជា​ការ​ជំរុញ​ឱ្យ​អនុវត្ត​ច្បាប់​ស្តី​ពី​គយ ដែល​ប្រកាស​ដោយ​ព្រះរាជក្រម​លេខ ន​ស​/​រកម​/០៧០៧/០១៧ ចុះ​ថ្ងៃ​ទី​២០ កក្កដា ២០០៧ ផង​ដែរ ។

ប្រតិបត្តិការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ គឺ​ធ្វើ​ឡើងជា​ប្រចាំ ទាំង​នៅ​ដើម​ទី កណ្ដាល​ទី និង​ចុង​ទី ។ ម្យ៉ាងទៀត ការ​អនុវត្ត​វិធានការ​ជា​បន្តបន្ទាប់​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា គឺជា​ការ​បំពេញបេសកកម្ម​ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់​ជូន ជា​ពិសេស ការ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម​ឆ្នាំ​២០១៤-២០១៨  ដើម្បី​បង្កើន​ចំណូល​ទៅ​ក្នុង​ថវិកា​ជាតិ ។

ដើម្បី​បង្កើន​ចំណូល​ជូន​ថវិកាជាតិ ក៏​ដូច​ជា​ចូលរួម​ចំណែក​ពង្រឹង​វប្បធម៌​ពន្ធដារ​នៅ​កម្ពុជា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​អនុវត្ត​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម ដោយ​បាន​បំភ្លឺ​នូវ​ច​ម្ង​ល់​មួយ​ចំនួន​ទាក់ទង​នឹង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គយ​លើ​ទំនិញគេចពន្ធ​ផ្សេង​ៗ​នា​ពេល​កន្លង​មក ។

ទំនិញ​ដែល​គេចពន្ធ​រួម​មាន យានយន្ត (​រួម​ទាំង​រថយន្ត​ចង្កូត​ស្ដាំ​ផង​ដែរ​), គ្រឿង​អេ​ឡិច​ត្រូ​និក ព្រមទាំង​ទំនិញ​មួយ​ចំនួន​ទៀត ដែល​ត្រូវ​ឈ្មួញ​ខិលខូច​ប្រើ​គ្រប់​រូបភាព​លួច​នាំ​ចូល​តាម​ច្រករបៀង​ព្រំដែន ដែល​មាន​ជិត​២០០​ច្រករបៀង​នៅ​លើ​ខ្សែបន្ទាត់​ព្រំដែន​ប្រមាណ​ជា​៣០០០​គីឡូម៉ែត្រ ។ ឈ្មួញ​ទាំងនោះ​បាន​បន្លំ​តាម​គ្រប់​រូបភាព​ដូច​ជា លួច​បង្កប់​ក្នុង​កុងតឺន័រ ជាដើម ។ រថយន្ត​ដែល​នាំ​ចូល​ដោយ​លួចលាក់​ទាំងនោះ ត្រូវ​បាន​គេ​យក​ទៅ​កាត់​ជា​ចំណែក​ៗ ហើយ​ប្រាប់​ថា ជា​គ្រឿងបន្លាស់ បន្ទាប់​មក​គេ​ក៏​យក​វា​មក​ផ្គុំ​វិញ និង​លក់​ក្នុង​តម្លៃ​ថោក​ៗ ព្រោះ​គ្មាន​ពន្ធ ។ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក៏​ធ្លាប់​បាន​រក​ឃើញ​ករណី​នេះ​ដែរ និង​យក​ទំនិញ​ខុសច្បាប់​ទាំងនោះ​ទៅ​កម្ទេច​ចោល ។

អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ លោក​បណ្ឌិត ស្រី ច​ន្ធី បាន​មាន​ប្រសាសន៍​ថា ៖ «​អ្នករត់ពន្ធ គឺជា​អ្នក​កេង​ចំណេញ​ពី​ប្រទេស​ជាតិ កេងប្រវ័ញ្ច​រាជរដ្ឋាភិបាល និង​ពី​ប្រជាពលរដ្ឋ ។ រាជរដ្ឋាភិបាល​បាន​បាត់បង់​ប្រាក់​ចំណូល​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​សេវា​សាធារណៈ វិស័យ​វិនិយោគ និង​កម្មវិធី​ផ្សេង​ៗ​ទៀត ដោយសារ​តែ​ទំនិញគេចពន្ធ​ទាំងនោះ ។ ផ្ទុយ​ទៅ​វិញ អតិថិជន​បាន​បង់ថ្លៃ​ពេញ​លើ​ការ​ជាវ​ទំនិញគេចពន្ធ​របស់​ពួក​ឈ្មួញ ប៉ុន្តែ​ទំនិញ​នោះ​មិន​បាន​បង់ពន្ធ​ជូន​រដ្ឋ​ទេ​» ។

លោក​បន្ត​ថា ៖ «​ដើម្បី​ទប់ស្កាត់​ទំនិញគេចពន្ធ​ទាំងឡាយ រាជរដ្ឋាភិបាល​គួរ​ពង្រឹង​លើ​ការ​គ្រប់គ្រង ជា​ពិសេស​នៅ​តាម​ព្រំដែន ដោយ​ផ្ដល់​ប្រាក់ខែ​សមរម្យ​ដល់​មន្ត្រី​គយ​, លើកទឹកចិត្ត​ដល់​មន្ត្រី​រាជការ និង​ណែនាំ​ដល់​អ្នក​ស៊ុមគ្រលុំ​ជាមួយ​អ្នករត់ពន្ធ​, ពង្រឹង​ភ្នាក់ងារ​ទិញ​, ប្រមូល​រាល់​ទំនិញ​នាំ​ចេញ​-​នាំ​ចូល​មក​ចុះបញ្ជី​, ចុះ​ត្រួតពិនិត្យ​ដល់​កន្លែង និង​សើ​ុ​ប​អង្កេត​ការ​ធ្វើ​អាជីវកម្ម​តាម​ឃ្លាំង ជាដើម » ។

តាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០១៥ បង្ហាញ​ថា ចំណូល​សរុប​ប្រមូល​ដោយ​គយ​ក្នុង​ត្រីមាស​ទី​៣ សម្រេច​បាន​ជាង​១.៥៩៦​ប៊ី​លាន​រៀល មាន​កំណើន​១៦,៦% ធៀប​នឹង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៤​។ បើ​គិត​ជា​៩​ខែ​ដើមឆ្នាំ​២០១៥​វិញ ចំណូល​ប្រមូល​ដោយ​គយ​សរុប​មាន​ប្រមាណ​៤.៦៤៩​ប៊ី​លាន​រៀល មាន​កំណើន​៦៨២​ប៊ី​លាន​រៀល ឬ​ប្រមាណ​១៧,២% ធៀប​នឹង​ចំណូល​៩​ខែ​ដើមឆ្នាំ​២០១៤ ។ លទ្ធផល​ចំណូល​នេះ បើ​ប្រៀបធៀប​នឹង​ផែនការ​ឆ្នាំ​២០១៥ គឺ​មាន​កម្រិត​ប្រមាណ​៨៨% ៕