បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ទទួល​រង្វាន់ នូវ​ទឹកប្រាក់ ១​ម៉ឺន​ដុល្លារ​

ភ្នំពេញ: បណ្តាញ​សហគមន៍​ព្រៃ​ឡង់ បានទទួល​រង្វាន់ អេក្វាទ័រ អ៊ី​នី​ត្យា​ទីវ ប្រា​យស៍ ឆ្នាំ​២០១៥ ( Equator Initiative Prize 2015 )​។ រង្វាន់​ជា​ទឹកប្រាក់ ១ ម៉ឺន​ដុល្លារ​នោះ នឹងត្រូវ​ប្រគល់ជូន​ដល់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា UNDP​។

​តំណាង​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ពីររូប គឺ​លោក ហឿន សុភាព និង​កញ្ញា ផុន សុភាក់ នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ទទួល​រង្វាន់​នោះ នា​ថ្ងៃ​ពុធ ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ នេះ​បើតាម​សេចក្តីប្រកាស​។​

​សេចក្តីប្រកាស លើកឡើងថា បណ្តាញ​សហគមន៍​ព្រៃ​ឡង់ និង​បណ្តាញ ដែល​ទទួលបាន​ជ័យលាភី​ផ្សេងទៀត ត្រូវបាន​ជ្រើសរើស ដោយសារតែ​ពួកគេ​តំណាង​ឲ្យ​ភាព​ផ្តួចផ្តើម​របស់​សហគមន៍​មូលដ្ឋាន និង​ជនជាតិដើម​ភាគតិច​ដ៏​ឆ្នើម មកពី​ជុំវិញ​ពិភពលោក ដែល​កំពុង​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ ប្រកបដោយ​ភាព​ច្នៃប្រឌិត ដើម្បី​ប្រជាជន ធម្មជាតិ និង​សហគមន៍ ដែលមាន​ភាពរឹងមាំ និង​ចេះ​បត់បែន​។​

​សេចក្តីប្រកាស លើកឡើងថា ពួកគេ​នឹង​ទទួល​រង្វាន់ ជា​ទឹកប្រាក់​ចំនួន​មួយ​ម៉ឺន​ដុល្លារ​អាមេរិក និង​ចូលរួម​សិក្ខាសាលា វគ្គ​បណ្តុះបណ្តាល​ជាមួយ​ក្រុម​សហគមន៍​មូលដ្ឋាន​នៅ​ជុំវិញ​ពិភពលោក ដូចជា ក្រុម​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ជាដើម​។ សកម្មភាព​របស់​ពួកគេ គឺ​ផ្តោតលើ​ស្មារតី​ការពារ និង​អភិរក្ស​ធនធានបរិស្ថាន​ពិភពលោក ដូចជា ព្រៃឈើ ស្ទឹង ទន្លេ និង​តំបន់ឆ្នេរ ក៏​អាច​ត្រូវ​ឲ្យ​មានការ​ទទួលស្គាល់​ផងដែរ​។ ធនធាន​ទាំងនេះ គឺជា​ធាតុ​សំខាន់ ដែល​ត្រូវ​ការការពារ និង​អភិរក្ស ប៉ុន្តែ​យើង​មិន​គ្រាន់តែ​ការពារ និង​អភិរក្ស​ធនធាន​ទាំង​នោះទេ យើង​ត្រូវ​បង្កើន​កិច្ច​ខំប្រឹងប្រែង​របស់​យើង ប្រយោជន៍​ដើម្បី​កាត់បន្ថយ​នូវ​ផលប៉ះពាល់​អវិជ្ជមាន​ទាំងឡាយ​ដល់​ការប្រែប្រួល​អាកាសធាតុ​សកល​។​

​សូម​រម្លឹកថា ព្រៃ​ឡង់ លាតសន្ធឹង​ក្នុង​ខេត្ត​ចំនួន​៤ គឺ​ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ​។ ព្រៃ​ឡង់​គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ​ជាង ៦០ ម៉ឺន​ហិកតា ជា​ប្រភព​នៃ​តំបន់​សម្បូរ​ព្រៃស្រោង​ជីវចម្រុះ សត្វព្រៃ និង​ធនធានធម្មជាតិ ហើយ​ភាគច្រើន​នៃ​ជនជាតិដើម​ភាគតិច​កួយ ដែលមាន​ប្រមាណ ២០ ម៉ឺន​នាក់ បានរស់នៅ និង​ពឹងផ្អែក​ផ្ទាល់​លើ​ធនធាន​ព្រៃឈើ​ទាំងនោះ​៕

បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ទទួល​រង្វាន់ នូវ​ទឹកប្រាក់ ១​ម៉ឺន​ដុល្លារ​

បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ទទួល​រង្វាន់ នូវ​ទឹកប្រាក់ ១​ម៉ឺន​ដុល្លារ​

បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ទទួល​រង្វាន់ នូវ​ទឹកប្រាក់ ១​ម៉ឺន​ដុល្លារ​