នាយកប្រតិបត្តិ Adidas ស្នើសុំឲ្យមានការ កំណត់អាយុ និងអាណត្តិដឹកនាំ FIFA

ប៊ែឡាំង៖ លោក Herbert Hainer នាយកប្រតិបត្តិក្រុម ហ៊ុនផលិតសម្ភារៈកីឡាដ៏ធំនៅលើពិភពលោក Adidas បាន ស្នើសុំឲ្យមានការកំណត់អាយុ ក៏ដូចជាអាណត្តិក្នុងការធ្វើ ជាប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA សម្រាប់លើក ក្រោយៗទៀត ។

ក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងទស្សនាវដ្តី WirtschaftsWoche ដែលត្រូវបានដកស្រង់ដោយ Channel News Asia នៅព្រឹកថ្ងៃទី១៩ វិច្ឆិកានេះលោក Hainer បានលើកឡើងថា “ការកំណត់អាយុ និងអាណត្តិក្នុងការដឹកនាំ FIFA វាគួរតែ ត្រូវបានធ្វើឡើងក្នុងលក្ខខណ្ឌសមស្របណាមួយ ហើយក៏ស្ថិតក្រោមការឃ្លាំមើលពីក្រុមប្រឹក្សាវិន័យ និងដៃគូឧបត្ថម្ភធំៗ ផងដែរ” ។

បុរសជនជាតិអាល្លឺម៉ង់រូបនេះបានសង្កត់ធ្ងន់ថា ការធ្វើបែបនេះចៀសវាងកើតឡើងនូវអំពើពុករលួយ ហើយក៏ជាគម្រោងការទី១ ក្នុងការលុបបំបាត់រឿងអាស្រូវទាំងឡាយណា ដែលកើតឡើងក្នុងស្ថាប័នដែលមិនគិតប្រាក់កំរៃនេះទៀតផង ។

FIFA នឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានថ្មីជំនួសតំណែងលោក Sepp Blatter នាថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៦ ខាង មុខ ក្នុងនោះដែរមានបេក្ខជន៥រូបត្រៀមឈរឈ្មោះ ។

សូមបញ្ជាក់ថា Adidas ជាក្រុមហ៊ុនយក្សរបស់អាល្លឺម៉ង់ ដែលជាដៃគូឧត្ថម្ភធំរបស់ FIFA ក្នុងការ Sponsor បាល់ពេល ប្រកួត World Cup ម្តងៗ និងយូរជាងគេផងដែរចាប់តាំងពីឆ្នាំ១៩៧០មក ជាមួយនឹងការផុតកំណត់កិច្ចសន្យារហូតដល់ ឆ្នាំ២០៣០ ខាងមុខ ៕

នាយកប្រតិបត្តិ Adidas ស្នើសុំឲ្យមានការ កំណត់អាយុ និងអាណត្តិដឹកនាំ FIFA