កែវ រំចង់ «គាំទ្រខ្ញុំផង» ពេលប៉ះជើងខ្លាំង មីយ៉ាន់ម៉ា លើសង្វៀន Thai Fight នៅថៃ

ភ្នំពេញ៖ ខណៈពេលនេះ អ្នកប្រដាល់ជើងខ្លាំង កម្ពុជា កែវ រំចង់ បាននឹងកំពុងស្នាក់នៅ ប្រទេសថៃ ដើម្បីត្រៀមជួប ប្រកួតជាមួយកីឡាករ Maung Jor ជើងខ្លាំងមីយ៉ាន់ម៉ា នៅក្នុងកម្មវិធី Thai Fight នៅថ្ងៃទី២១ ខែវិច្ឆិកា ស្អែកនេះ ។ ប៉ុន្ដែមុនការប្រកួតចាប់ផ្ដើម រំចង់ បានស្នើឲ្យអ្នកគាំទ្រ ជួយផ្ដល់កម្លាំងចិត្តដល់ខ្លួនផង ដើម្បីស្វែងរកជ័យជម្នះ ក្នុងជំនួបដ៏សំខាន់នេះ ។

មុនចេញដំណើរទៅថៃ កែវ រំចង់ បានបង្ហោះសារលើប្រព័ន្ធទំនាក់ទំនងសង្គមផ្ទាល់ខ្លួនថា «ថ្ងៃទី២១ ខែវិច្ឆិកានេះ ខ្ញុំបាទ កែវ រំចង់ ត្រូវប្រកួតជាមួយកីឡាករមកពីប្រទេសមីយ៉ាន់ម៉ា នៅប្រទេសថៃ ក្នុងកម្មវិធី Thai Fight ផ្សាយផ្ទាល់ ៦៖៣០ នាទី លើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ថៃ កុំភ្លេចគាំទ្រខ្ញុំបាទផង អរគុណចំពោះការស្រឡាញ់របស់អ្នកទាំងអស់គ្នា» ។

នេះគឺជាសារមួយដែល កែវ រំចង់ បានបង្ហោះប្រាប់ដល់អ្នកគាំទ្រ និងស្នើឲ្យមានការផ្ដល់កម្លាំងចិត្តពីអ្នកគាំទ្រផងដែរ ។ ជាមួយគ្នានោះមានអ្នកស្នេហា វិស័យកីឡាប្រដាល់ជាច្រើន បានលើកឡើងស្រដៀងៗគ្នាថា រំចង់ គឺជាកីឡាករជួរមុខ ម្នាក់ ដែលមានឆន្ទៈប្រកួតប្រជែងខ្លាំង ដូច្នេះសូមជូនពរឲ្យ រំចង់ ទទួលបានជ័យជម្នះនៅក្នុងការប្រកួតលើសង្វៀន Thai Fight លើកនេះ ។

បើតាមការឲ្យដឹងពីសិស្សគុនក្លឹបកងពលធំអន្ដរាគមន៍លេខ៨ ដដែលរូបនេះ បានបញ្ជាក់ថា ខ្លួនមិនធ្លាប់ស្គាល់ប្រវត្តិ កីឡាករ Maung Jor ច្បាស់នោះទេ សូម្បីក្បាច់ប្រកួតក៏មិនធ្លាប់បានមើលដែរ ។ ប៉ុន្ដែអ្នកប្រដាល់កំពុងឡើង កូដរូបនេះ បានប្ដេជ្ញាថា នឹងយកជ័យជម្នះជួនជាតិឲ្យបាន ។

គួរបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះកីឡាករ កែវ រំចង់ ហាក់មានប្រជាប្រិយខ្លាំង នៅក្នុងកម្មវិធី Thai Fight ដែលទទួលបានការអញ្ជើញជាបន្ដបន្ទាប់ ដើម្បីធ្វើការប្រកួតជាមួយកីឡាករជើងខ្លាំងថៃ និងកីឡាករបរទេសផ្សេងៗ ។

ជាក់ស្ដែងក្រោយបញ្ចប់ការប្រកួតជាមួយកីឡាករ Maung Jor នេះរួច នៅថ្ងៃទី៣១ ខែធ្នូខាងមុខ រំចង់ នឹងលើ សង្វៀនអន្ដរជាតិ នេះសារជាថ្មីម្ដងទៀត ដើម្បីប្រកួតសងសឹកជាមួយកីឡាករថៃ Iquezang Kor Rungthanakeat ដែលធ្លាប់ចាញ់នៅលើទឹកដីវៀតណាម កាលពីពេលថ្មីៗកន្លងទៅ ៕

កែវ រំចង់ «គាំទ្រខ្ញុំផង» ពេលប៉ះជើងខ្លាំង មីយ៉ាន់ម៉ា លើសង្វៀន Thai Fight នៅថៃ