ករណី​ក្លែង​សំបុត្រកំណើត ៖ CNRP ត្រៀម​មេធាវី​ការពារ​សកម្មជន​ខ្លួន ខណៈ​NGO សង្ស័យថា​ជា​ករណី​នយោបាយ

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ចន្ទ​ឫទ្ធិ កំពុង​ត្រៀម​មេធាវី​ការពារ​សកម្មជន​ខ្លួន​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​បង្ហោះ​សំបុត្រកំណើត​មួយ​លើ​ហ្វេ​ស​ប៊ុ​កថា ខេត្តស្វាយរៀង ប្រទេស​វៀតណាម​។​លោក អ៊ូ ចន្ទ​ឫទ្ធិ ចាត់ទុកថា ករណីនេះ​អាចជា​រឿង​នយោបាយ​។ សង្គម​ស៊ីវិល យល់ថា ការ​ក្លែង​ឯកសារ​សំបុត្រកំណើត​នេះ គឺជា​សេនា​រី​យ៉ូ​មួយ​របស់​អ្នកនយោបាយ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ចលាចល​បន្ថែមទៀត ខណៈដែល​ស្ថានភាព​នយោបាយ​កំពុង​វឹកវរ​។ តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន លោក ឈឹម ផលរ​រុណ បដិសេធថា គណបក្ស​ខ្លួន​មិនបាន​រៀបចំ​ព្រឹត្តិការណ៍​ចលាចល​នេះ​ទេ​។​

​ក្រោយពី​សកម្មជន​ពីររូប ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការសរសេរ​ក្លែង​ឯកសារ​សំបុត្រកំណើត​ថា ខេត្តស្វាយរៀង ប្រទេស​វៀតណាម​នោះ លោក អ៊ូ ចន្ទ​ឫទ្ធិ ចាត់ទុកថា ករណីនេះ​គឺជា​រឿង​នយោបាយ​ថ្មី​មួយទៀត ដែល​គណបក្សកាន់អំណាច​កំពុង​បំបាក់​ការគាំទ្រ​គណបក្ស​ខ្លួន​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ក៏បាន​ត្រៀម​មេធាវី​ការពារ​សកម្មជន​ទាំងពីរ​រូបនេះ ខណៈដែល​មន្ត្រី​បក្ស​ខ្លួន​នៅ​ខេត្តស្វាយរៀង កំពុង​ស៊ើបអង្កេត​និង​ដោះស្រាយ​លើ​បញ្ហា​នេះ​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​មានការ​សោកស្ដាយ​ចំពោះ​ការចាប់ខ្លួន​សកម្មជន​ពីររូប​នេះ​។​តែ​ខ្ញុំ​មិនដឹងថា​ពួកគាត់​បាន​សរសេរ​ប​ន្ថែ​ម​លើ​សំបុត្រកំណើត​ដូច​គេ​ចោទប្រកាន់ ឬ​គាត់​គ្រាន់តែ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​យ៉ាងណាទេ​។​ប៉ុន្ដែ​ខ្ញុំ​ជឿជាក់ថា ពួកគាត់​មិន​សរសេរ​បន្ថែម​នៅលើ​សំបុត្រកំណើត​នេះឡើយ​»​។​លោក​បន្ថែមថា​៖«​បើ​គាត់​សរសេរ​បន្ថែម​មែន​ការចាប់ខ្លួន​ពួកគេ​គឺជា​រឿង​ត្រឹមត្រូវ​។​ប៉ុន្ដែ​បើ​គាត់​មិនបាន​សរសេរ​បន្ថែម​ទេ ការចាប់ខ្លួន​នេះ​គឺជា​រឿង​នយោបាយ​ព្រោះថា​ពួកគាត់​ពីររូប​នេះ គឺជា​មាន​សកម្ម​ខ្លាំងក្លា​នៅ​ខេត្តស្វាយរៀង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​ច្រើន​»​។

​កន្លងមក​នៅ​ខេត្តតាកែវ ក៏មាន​មេឃុំ  សរសេរ​លើ​សំបុត្រកំណើត​ថា ខេត្តតាកែវ ប្រទេស​វៀតណាម​ដែរ តែ​ត្រូវបាន​មេឃុំ អះអាងថា ជា​អ​ចេតនា​ព្រោះ​ខ្លួន​ច្រឡំ​ដោយសារ​ប្រជាពលរដ្ឋ​ចេញចូល​ច្រើនពេក​។ ត្រង់ចំណុច​នេះ​លោក  អ៊ូ ចន្ទ​ឫទ្ធិ បញ្ជាក់ថា មេភូមិ​នៅ​ខេត្តស្វាយរៀង អាច​ច្រឡំ​សរសេរ​ដោយ​អ​ចេតនា​ដែរ ទើបបានជា​សកម្មជន​បក្ស​ខ្លួន បានឃើញ​ហើយ​យកទៅ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​នេះ ។​

​មន្ត្រី​ស៊ើបអង្កេត​សិទ្ធិមនុស្ស​អង្គការ​លីកាដូ លោក អំ សំអាត យល់ឃើញថា ការ​បង្ហោះ​ឯកសារ​សំបុត្រកំណើត ដែល​សរសេរថា ខេត្តតាកែវ និង ខេត្តស្វាយរៀង ប្រទេស​វៀតណាម​ប៉ុន្មាន​ថ្ងៃនេះ គឺជា​សេនា​រី​យ៉ូ​មួយ​របស់​អ្នកនយោបាយ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ចលាចល​បន្ថែមទៀត ខណៈដែល​ស្ថានភាព​នយោបាយ​កំពុង​វឹកវរ​។ លោក បន្ថែមថា ភាពចលាចល​ថ្មី​នេះ គឺ​រិត​តែ​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ កាន់តែ​មាន​ភាព​តានតឹង​និង​មាន​បន្ទុក​នយោបាយ​កាន់តែ​ធ្ងន់​ថែមទៀត​។​«​យើង​មិនទាន់​ដឹង​ច្បាស់​ថា តើ​អ្នកណា​ជា​អ្នក​ឲ្យ​សំបុត្រកំណើត​ដែល​សរសេរថា​ខេត្តស្វាយរៀង ប្រទេស​វៀតណាម​ទៅ​សកម្មជន​ទាំងនោះ​បង្ហោះ​នោះទេ​។ តែ​ខ្ញុំ​យល់ថា នេះ​ជា​សេនា​រី​យ៉ូ នៃ​ការរៀបចំ​ព្រឹត្តិការណ៍​ចលាចល វឹកវរ​នៅក្នុង​សង្គម នៅពេល​ស្ថាន​នយោបាយ​កំពុង​ច​លាច វឹកវរ ដើម្បី​បង្វែ​ការចាប់អារម្មណ៍ និង​ទិសដៅ​ថ្មី ហើយ​ឈានទៅរក​ការចាប់ខ្លួន​ពេលនេះ​។ ហើយ​យើង​ក៏​មិនអាច​សន្និដ្ឋានថា គណបក្ស​ខាង​ណា​ជា​អ្នករៀបចំ​នោះដែរ តែ​គេ​មាន​ក្រុម​របស់​ពួកគេ​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​។ នេះ​ជាការ​យល់ឃើញ​របស់លោក អំ សំអាត​។​

​លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប​ដិ​សធ​ថា ករណីនេះ​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះទេ ហើយ​គណបក្ស​លោក​ក៏​មិនបាន​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​ដែរ ។ លោក​បន្ថែមថា រាល់​ការលើកឡើង គឺជា​សិទ្ធ​បញ្ចេញមតិ​របស់​បុគ្គល​។​ប៉ុន្ដែ​នៅ​ប្រទេស​កម្ពុជា ជា​និតិរដ្ឋ ដូច្នេះ​ជនល្មើស​ត្រូវ​មានទោស​តាមច្បាប់​។​

​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ពីររូប គឺ​លោក សុខ សំ​អ៊ា​ន ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង និង​លោក នង សារិទ្ធ សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​បាវិត​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៩ វិច្ឆិការ ដោយ​ចោទថា ពួកគេ​បាន​សរសេរ​ក្លែង​ឯកសារ​សំបុត្រកំណើត​ក្លែង​ឯកសារ សំបុត្រកំណើត បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ថា ទឹកដី​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង គឺ​ប្រទេស​វៀតណាម​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​