គ្រូបង្រៀន​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ធ្លាក់​ប្រឡាយ​ទឹកស្អុយ​សន្លប់​ឈឹង​

ភ្នំពេញ: គ្រូបង្រៀន ម្នាក់​ផឹកស៊ី​ស្រវឹង ជិះ​ម៉ូតូ​ទៅលេង​ផ្ទះ​គូ​ដណ្តឹង ធ្លាក់​ប្រឡាយ​ទឹកស្អុយសន្លប់​ស្តូកស្តឹង ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បានកើត​ឡើង កាលពីវេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃទី​១៩ វិច្ឆិកា តាម​បណ្តោយ​ផ្លូវលំខាងក្រោយ​របង​ថ្ម​កាណាឌីយ៉ា ភូមិ​គោគ​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ ។​

​ជនរងគ្រោះ​ឈ្មោះ​ខា ចិន អាយុ​២៨​ឆ្នាំ មានមុខរ​បរជា​គ្រូបង្រៀន នៅសាលាបឋមសិក្សា​គោគ​បញ្ជាន់ ស្ថិតនៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 តាម​មិត្តភក្តិ​ជនរងគ្រោះ​បាន​និយាយថា មុន​ន​ពេល​កើតហេតុ ពួកគេ​បាន​ទៅ​ផឹកស៊ីនៅ​ម្តុំ​គោក​បញ្ជ​ន់​រហូត​ស្រវឹង​ជោកជាំ ហើយ​បាន​ជិះ ម៉ាក ម៉ូតូ​ហុងដា ពណ៌​ខ្មៅពាក់​ស្លាក​លេខ​ភ្នំពេញ​1.X4197 បើកបរ​ពី​ជើង​ទៅ​ត្បូង គោលបំណង​ទៅលេង​ផ្ទះ​គូដណ្តឹង​នៅ​ម្តុំ​ពោធិ៍ចិនតុង ខណៈ​មកដល់​ចំណុច​ខាងលើ​អ្នក​​បើកបរ​ស្រវឹង​ខ្លាំងពេក បាន​រេ​ចង្កូត​ធ្លាក់​ប្រឡាយ​ទឹកស្អុយ នៅតាម​ចិញ្ចើមផ្លូវ​បណ្តាល​ឲ្យ​ម៉ូតូ​នៅ​ឈរ​ឆ្កឹង​ក្នុងទឹក ចំណែក​អ្នកបើក​ម៉ូតូ​ធ្លាក់​ពីលើ​ម៉ូតូ​ចូល​ទឹក​ត្រឹម​ចង្កេះ​បណ្តាល​ឲ្យ​សន្លប់ស្តូកស្តឹង​ដោយសារតែ​ស្រវឹង​ខ្លាំងពេក តែ​មិនមាន​រងរបួស​ទេ ។​

 ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​សន្លប់​ស្តូកស្តឹង​អត់​មាន​សាច់ញាតិ សមត្ថកិច្ច​បានឆែក​រក​លេខ​ទូរស័ព្ទ​ទៅ​ចំ​លោកនាយក​សាលា​គោក​បញ្ជាន់​មកជួយ​មើលរួចហើយ​ទើប​ទាក់ទង​ទៅ​សាច់ញាតិ​មកដល់​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ​យកទៅត្រឡប់ទៅផ្ទះ​វិញ ៕​

គ្រូបង្រៀន​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ធ្លាក់​ប្រឡាយ​ទឹកស្អុយ​សន្លប់​ឈឹង​