ការ​ធ្វើ​តេស្ត​រកមើល ការ​មាន​ផ្ទៃពោះ​ម្តងទៀត​

ការ​ធ្វើ​តេស្ត​រកមើល ការ​មាន​ផ្ទៃពោះ​ម្តងទៀត​

​អ្នកស្រី ៖ ចិន្តា ប្រាក់​
“​ខ្ញុំ​បាន​ប្រើ​វិធី​ធ្វើតេស្ត រកមើល​ការ​មាន​ផ្ទៃពោះ នៅផ្ទះ​ដោយ​ខ្លួនឯង ឃើញ​អវិជ្ជមាន ប៉ុន្តែ ខ្ញុំ មាន​អារម្មណ៍​ថា ខ្លួន​ខ្ញុំ គឺ​ច្បាស់​មាន​ផ្ទៃពោះ​ហើយ​។ ដូច្នេះ ខ្ញុំ​រង់ចាំ​ដល់​ពីរ​បី​ថ្ងៃ​ក្រោយ ដើម្បី​ធ្វើ​តេស្ត​ម្តងទៀត នៅ​ពេល​ព្រឹក​ដំបូង​គេ​តែម្តង​។ ពេលនោះ លទ្ធផល​ចេញមក​វិជ្ជមាន ដូច្នេះ ខ្ញុំ​ប្រាកដ​ខ្លួនឯង​ថា មាន​ផ្ទៃពោះ ១០០ ភាគរយ​ហើយ​”​។

​មាន​សំណួរ ៣ ទាក់ទង​នឹង​ការ​ធ្វើ​តេស្ត រកមើល​ការ​មាន​ផ្ទៃពោះ​
​តើ​អ្នក​ត្រៀម​ខ្លួន​រួច​ហើយ ឬ​នៅ ដើម្បី​ឲ្យ​ប្រាកដថា អ្នក​មាន​ផ្ទៃពោះ ឬក៏​អត់​នោះ​? ការ​ធ្វើ​តេស្ត​រកមើល ការ​មាន​ផ្ទៃពោះ​នៅផ្ទះ​ដោយ​ខ្លួនឯង មាន​ភាព​សុ​ក្រិត ប្រហែល​ជា​ក្នុង​សប្តាហ៍​ទី ៥ ប៉ុន្តែ​ទាល់តែ​ការប្រើប្រាស់​នោះ ធ្វើ​ទៅ​ត្រឹមត្រូវ​ដែរ​។

១. តើ​ពេល​ណា ខ្ញុំ​អាច​ធ្វើ​តេស្ត​រកមើល ការ​មាន​ផ្ទៃពោះ​បាន និង​ទទួលបាន​លទ្ធផល យ៉ាង​សុ​ក្រិត​ទៅ​?
​យក​ល្អ ការ​ធ្វើ​តេស្ត​រកមើល ការ​មាន​ផ្ទៃពោះ​នៅផ្ទះ​ដោយ​ខ្លួនឯង គួរតែ​រង់ចាំ​រយៈពេល​មួយ​សប្តាហ៍ ក្រោយ​ពី​អ្នក​បាត់​រដូវ​ចុងក្រោយ​។ នៅពេលនោះ ស្ត្រី​មាន​ផ្ទៃពោះ​ថ្មីៗ​ភាគច្រើន អាច​នឹង​មាន​អ័រម៉ូន hCG គ្រប់គ្រាន់​ក្នុង​ទឹកនោម ដែល​អាច​ធ្វើ​តេស្ត​ដឹង​ហើយ​។

​ការ​ធ្វើ​តេស្ត​រកមើល ការ​មាន​ផ្ទៃពោះ​នៅផ្ទះ​ដោយ​ខ្លួនឯង ភាគច្រើន​មាន​ភាព​សុ​ក្រិត ច្រើនជាង ៩៩ ភាគរយ​ឯណោះ និង​បញ្ជាក់​ថា អ្នក​អាច​ប្រើ​វា​ភ្លាមៗ នៅ​ពេល​អ្នក​បាត់​រដូវ​បាន ប៉ុន្តែ ការសិក្សា​មួយ​កាលពី​ឆ្នាំ ២០០៤ ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal of Obstetrics and Gynecology បានឲ្យដឹងថា រឿងនេះ ក៏​អាច​ធ្វើឲ្យ​មាន​ការយល់ច្រឡំ​ដែរ​។

​អ្នក​ស្រាវជ្រាវ​នៅ​ឯ​សាកលវិទ្យាល័យ New Mexico បាន​ធ្វើ​ការវាយតម្លៃ​តេស្ត​ចំនួន ១៨ ហើយ​រកឃើញថា មាន​តេស្ត​តែមួយគត់ ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់ ក្នុង​ការ​រក​ឃើញ​កម្រិត​អ័រម៉ូន hCG  ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ភាគច្រើន ទំនង​នឹង​មាន​នៅ​ថ្ងៃ​ទី​មួយ នៃ​ការបាត់​រដូវ​របស់​ពួកគេ​។ ចំណែកឯ​តេស្ត​ផ្សេងៗ​ទៀត អាច​ទទួល​លទ្ធផល​តែ ១៦ ភាគរយ​ប៉ុណ្ណោះ ដែល​បញ្ជាក់ថា មាន​ផ្ទៃពោះ​។

២. តើ​ធ្វើ​ដូច​ម្តេចទៅ ទើប​ខ្ញុំ​អាច​ទទួលបាន​លទ្ធផល​ដ៏​ល្អ​បំផុត ពី​ការ​ធ្វើ​តេស្ត​រកមើល​ការ​មាន​ផ្ទៃពោះ​បាន​?
​ដំបូង​ឡើយ ចូរ​ពិនិត្យ​កាលបរិច្ឆេទ នៅ​លើ​ផលិតផល​ធ្វើតេស្ត និង​ប្រាកដថា​វា​នៅ​ល្អ​។ បើសិន​ជា​អ្នក​ទុកដាក់​វា ក្នុង​កន្លែង​ដែល​អាច​ដក់​ទឹក សើ​ម ឬ​ក្តៅ វា​ប្រហែលជា​អាច​ខូច​គុណភាព​បាន ដូច្នេះ គួរតែ​បោះចោល ហើយ​ប្រើ​របស់​ថ្មី​វិញ​។

​នៅ​ពេល​អ្នក​ត្រៀមខ្លួន សម្រាប់​ការធ្វើ​តេស្ត​រួចហើយ ចូរ​អាន​ការណែនាំ​ដោយ​ប្រុងប្រយ័ត្ន ព្រោះ​វា​មាន​ការប្រើប្រាស់​ខុសៗ​គ្នា ទៅតាម​ម៉ាក​នីមួយៗ​។ ដើម្បី​ទទួលបាន​លទ្ធផល ដ៏​សុ​ក្រិត​បំផុត ចូរ​ធ្វើតេស្ត​ដំបូង​គេ នៅ​ពេល​ព្រឹក ព្រោះ​ទឹកនោម​ពេលនោះ ខាប់​ល្អ​ណាស់​។

​បើសិន​ជា​លទ្ធផល បង្ហាញ​មក​អវិជ្ជមាន ហើយ​អ្នក​នៅ​តែ​មិន​មក​រដូវ​ទៀត ចូរ​រង់ចាំ​ធ្វើ​ម្តងទៀត នៅ​ពី​បី​ថ្ងៃ ឬ​មួយ​សប្តាហ៍​ក្រោយ​។ មិន​ត្រូវ​អះអាង​ថា ឲ្យតែ​លទ្ធផលអ​វិជ្ជមាន មួយ​ហើយ​សុទ្ធតែ​គ្មាន​ផ្ទៃពោះ​នោះទេ​។ បើសិន​ជា​អ្នក​មិន​មក​រដូវ ដូច​ការរំពឹងទុក​ទេ ចូរ​ចាំ​ថា អ្នក​ប្រហែលជា​នៅតែ​មាន​សង្ឈឹមថា នឹង​មាន​ផ្ទៃពោះ​ដដែល​។ (​ពេលនេះ គឺ​គ្មាន​ពេលវេលា​ណាមួយ ដែល​អ្នក​ត្រូវ​ចេញ​ទៅ​ខាងក្រៅ ដើម្បី​ផឹក​គ្រឿង​ស្រវឹង ឬ​ធ្វើ​អ្វីៗ​ផ្សេង ដែល​មិន​មាន​សុវត្ថិភាព ដល់​ការ​មាន​ផ្ទៃពោះ​ឡើយ​)​។

៣. មាន​ស្នាម​វិជ្ជមាន​តិចតួច ក៏​មានន័យថា ខ្ញុំ​មាន​ផ្ទៃពោះ​ដែរ​មែន​ទេ​?
​បើសិន​ជា​អ្នក​ឃើញ​លទ្ធផល​វិជ្ជមាន ទោះបីជា​វា​មាន​លក្ខណៈ​តិចតួច​យ៉ាងណាក៏ដោយ ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ គឺ​មាន​ហើយ​។ ចំណែកឯ​ការធ្វើ​តេស្ត រកមើល​ការ​មាន​ផ្ទៃពោះ​នៅផ្ទះ​ដោយ​ខ្លួនឯង ដែល​បង្ហាញ​លទ្ធផល​វិជ្ជមាន មានន័យ​ថា រាងកាយ​របស់​អ្នក​កំពុង​តែ​បង្កើត អ័រម៉ូន hCG ហើយ​។ ដូច្នេះ ដើម្បី​ឲ្យ​ច្បាស់​មែនទែន ចូរ​ធ្វើតេស្ត​ម្តងទៀត​នៅ​ពីរ ឬ​បី​ថ្ងៃក្រោយ​។

បើសិនជា​ការ​ធ្វើ​តេស្ត​លើក​ទី​ពីរ ឃើញច្បាស់​ថា​វិជ្ជមាន​ហើយ យើងខ្ញុំ​សូម​ជួយ​អបអរសាទរ​ផង​៕

អត្ថបទ ៖ ឈឹម សៅភារ៉ា​​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។