ឈ្មួញ​យួន​ឈ្មោះ ញី ប្រមូល​ទិញ​ឈើ​នៅ​ខេត្តរតនគិរី ហើយ​ដឹក​ចេញ​តាម​ច្រក​អូរ​យ៉ា​ដាវ យ៉ាង​អនាធិបតេយ្យ​

ករណី​ឈ្មួញ​យួន​ធំៗ​ចូលមក​ប្រមូល​ទិញ​ឈើ​ប្រណីត​នៅក្នុង​ខេត្តរតនគិរី ហើយ​ដឹក​ចេញ​តាម​ច្រក​អូរ​យ៉ា​ដាវ បានកើត​ឡើងជា​យូរ​មកហើយ ប៉ុន្តែ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នេះ មិនដែល​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ជាក់ស្តែង​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​អូ​រយ៉ា​ដាវ បាន​ឲ្យ​ដឹងថា​ឈ្មួញ​យួន​រកស៊ី​ឈើ​ខុសច្បាប់​ដ៏​ធំ​ឈ្មោះ ញី កំពុង​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ការដែល​ឈ្មួញ​យួន​ឈ្មោះ ញី ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ពុករលួយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផងដែរ​។

​សេចក្តីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ប្រណីត​១​គ្រឿង​របស់​ឈ្មោះ ញី អមដំណើរ​ដោយ​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​ពាក់​ស្លាក​លេខ​យួន បាន​បើកបរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ត្រង់ចំណុច​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ មាន​ចម្ងាយ​ប្រមាណ​១៥០០​ម៉ែត្រ​ពី​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​។ សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ឈ្មួញ​យួន​ឈ្មោះ ញី តែង​ប្រព្រឹត្ត​ទៅដោយ​រលូន​ហើយ​ឈ្មោះ​យួន​រូបនេះ មាន​ឥទ្ធិពល​ស្ពាយ​លុយ​ចូលមក​ទិញ​ឈើ​ដល់​ក្រុង​បាន​លុង​ទៀតផង​។

​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹងថា មាន​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្តរតនគិរី ធ្វើជា​ខ្នងបង្អែក​ទើប​ឈ្មួញ​យួន​ឈ្មោះ ញី ហ៊ាន​ចូលមក​ទិញ​ឈើ​ដល់​ក្រុង​បាន​លុង និង​តាម​បណ្តា​ខេត្ត​នានា ហើយ​ដឹក​ចេញ​តាម​ច្រក​អូរ​យ៉ា​ដាវ​យ៉ាង​ពេញបន្ទុក​។ មិនតែប៉ុណ្ណោះ​ឈ្មួញ​យួន​ឈ្មោះ ញី មាន​បរិវារ​ជនជាតិខ្មែរ​ជាច្រើន​នាក់​ចាំ​ជួយប្រមូល​ទិញ​ឈើ​នៅតាម​បណ្តា​ស្រុក​នានា​ដូចជា ស្រុក​វ៉ឺ​ន​សៃ ស្រុក​តា​វែង ស្រុក​អូរ​ជុំ និង​ស្រុក​លំផាត់ ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​ណា​ឡើយ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ឈ្មួញ​យួន​ឈ្មោះ ញី តែង​ប្រើ​រថយន្ត​ទំនើប​ពាក់​ស្លាក​លេខ​យួន​ចូលមក​ដឹកឈើ​នៅក្នុង​ខេត្តរតនគិរី ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ដោយសារតែ​គេ​មាន​មន្ត្រី​ពុករលួយ​ជា​ខ្នងបង្អែក​៕

that-0627 that-0626