សមត្ថកិច្ច​ខេត្តកណ្តាល ឃាត់ខ្លួន​យុវជន​គ្រូបង្រៀន​ម្នាក់ ក្នុងករណី​សម្លាប់​ស្ត្រី​ម្នាក់ ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​

ខេត្តកណ្តាល: រហូតមកដល់​ម៉ោង ១២ ថ្ងៃទី​២០​វិច្ឆិកា​នេះ សមត្ថកិច្ច​ខេត្តកណ្តាល បាន​ឃាត់​យុវជន​ម្នាក់ ជា​គ្រូបង្រៀន​ភាសា​ង​អង់គ្លេស នៅ​សាលា​ប៊ែ​ល​ធី ក្នុង​ទីក្រុង​តាខ្មៅ ទី​រួម​ខេត្​តកណ្តាល​។ យុវជន​គ្រូបង្រៀន នៅ​សាលា ប៊ែ​ល​ធី អន្តរជាតិ ក្រុង​តាខ្មៅ ជាប់​សង្ស័យ​​ក្នុង​អំពើ​ឃាតកម្ម ចាក់​សម្លាប់​យុវតី ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស សាលា ប៊ែ​ល​ធី អន្តរជាតិ កាលពី​យប់​ថ្ងៃទី​១៩​វិច្ឆិកា នៅ​ស្រុក​ស្អាង ខេត្តកណ្តាល​។ សមត្ថកិច្ច បានធ្វើការ​សន្និដ្ឋាន ជា​ជំ​ហ៊ាន​ដំបូង​ថា ករណីនេះ អាចជា​រឿង​ស្នេហា ច្រើនជាង​ករណី​ប្លន់​។​

​យុវជន ជា​គ្រូបង្រៀន ដែល​ជាប់​ការសង្ស័យ​នោះ មានឈ្មោះ រុំ សុង​ហេង អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​១ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្តាល​។ សមត្ថកិច្ច បាន​ឃាត់ខ្លួន​យុវជន​នោះ ដោយសារតែ​យុវជន​នោះ មាន​ស្នាម​ដាច់​មុត នៅ​ប្រអប់ដៃ​ខាងស្តាំ និង​សម្លៀកបំពាក់​មាន​ជាប់​ឈាម​។

​សូម​រម្លឹកថា ស្ត្រី​ម្នាក់ ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស នៅ​សាលា​ឯកជន ប៊ែ​ល​ធី អន្តរជាតិ ក្នុង​ក្រុង​តាខ្មៅ ត្រូវបាន​គេ​សម្លាប់ នៅ​ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​យប់​ថ្ងៃទី​១៩​វិច្ឆិកា ឆ្នាំ​២០១៥​។

​ប៉ូលិស​បាន​ឲ្យ​ដឹងថា ហេតុការណ៍​ឃាតកម្ម​នោះ បានកើត​ហេតុ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ចន្លោះ​ម៉ោង ២០ ទៅ ២៣ យប់ នៅ​ចំណុច​ផ្លូវលំ​ដីចំការ ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​។​

​ប៉ូលិស​បន្តថា ជនរងគ្រោះ ឈ្មោះ ផែន សុភា​វី ភេទ ស្រី អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស នៅ​សាលា​ប៊ែ​ល​ធី អន្តរជាតិ ក្នុង​ក្រុង​តាខ្មៅ មាន​ទីលំនៅ​ភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល​។​

​ក្រោយពី​ធ្វើ​កុស​ល្យ​វិ​ច្ច័​យ ប៉ូលិស​បាន​រកឃើញ​ស្នាម​មុត ២៨ កន្លែង​។ ក្នុងនោះ ជនសង្ស័យ ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ បាន​បន្សល់ទុក​នូវ​វត្ថុតាង រួមមាន កាបូបស្ពាយ​ខ្នង ០១ ទូរ​សព្ទ័​ដៃ ម៉ាក​សាំ​សុង​០១ មួកសុវត្ថិភាព ០១ បញ្ជី​ជាតិ និង​ឯកសារ​មួយ​។​

​អំពី​សភាព​រឿង​ហេតុនេះ ត្រូវបាន​ប៉ូលិស​រៀបរាប់ថា នៅ​ថ្ងៃទី​២០ វិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង ៦ ព្រឹក ប្រជាពលរដ្ឋ​ទៅ​ចំការ ក៏​ប្រទះឃើញ​សាកសព ហើយ​រាយការណ៍​ឱ្យ​សមត្ថកិច្ច​បានធ្វើការ​ពិនិត្យ​។ សព​នោះ មាន​ស្នាម​មុត​ជាច្រើន​កន្លែង​។ ក្រោយ​ពិនិត្យ​រួច ប៉ូលិស​បានប្រគល់​សព ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​