គំនរ​សំរាម​ស្ទើរ​ក្លាយជា​ភ្នំ​ទៅ​ហើយ អាជ្ញាធរ​ឆ្លើយ​ថា ​ចាំ​ប្រជុំ​ជាមួយ​អាជីវករ​សិន

ខេត្ត​ព្រះ​សីហ​នុ ៖ ក្លិន​ដ៏​អា​សោច​ន៍​លាយឡំ​ជាមួយ​ធូលី​ដី​ហុយដែល​ភាយ​ចេញពី​គំនរ​សំរាមស្ទើ​រក្លាយជា​ភ្នំ នៅ​អម​ដងផ្លូវ​ជាតិ​លេខ​៤ បាន​បង្ក​ឱ្យ​ប្រជាពលរដ្ឋក៏​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដ៏​សំខាន់​មួយ​នេះធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ រហូត​បង្ហោះ​តាម​ប្រ​ព័​ន្ធ​សង្គម​facebook ​។

ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​សម្តែង​ទស្សនៈ​ដូច​ៗ​គ្នាថា ​អា​ជ្ញា​ធរ​ពុំគួរ​ណាធ្វើ​ព្រងើយកន្តើយ​នោះ​ទេ ​ជា​ពិសេស​លោក​ប្រធាន​មន្ទី​របរិស្ថាន សា​មុ​ទ សុធា​រិ​ទ្ឋ ហាក់បី​ដូច​ជា​ពុំ​មាន​ទំនួល​ខុស​ត្រូវ​បន្តិច​សោះ​រហូត​ទុកឱ្យសំរាម​ស្ទើ​រក្លាយជា​ភ្នំ​ទៅ​ហើយ​។​

ប្រភព​ដ​ដែល​បន្ត​ថា​ ដោយសារ​តែ​ការ​ទ្រាំទ្រ​លែង​បាន​នេះ​ហើយ​ទើប​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួនបាន​បង្ហោះ​តាម​ប្រ​ព័​ន្ធសង្គម​ facebook​ ព្រមាន​មក​លើ​អាជ្ញាធរថា បើ​អាជ្ញាធរ​នៅ​តែ​ពុំ​មាន​ចំណាត់​នោះ​ទេ ពួក​គេ​នឹង​យក​សំរាម​ទាំងនេះ​មក​ចាក់​នៅ​លើ​ផ្លូវជាតិ​លេខ​០៤​ជាក់​ជា​ពុំខាន​។​

អាស្រ័យ​ហេតុនេះ ក្នុង​នាម​ប្រជាពលរដ្ឋក៏​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដ៏​សំខាន់​មួយ​នេះ សូម​ស្នើ​យ៉ាង​ទ​ទួ​ច​ដល់លោកអភិបាល​ក្រុងព្រះសីហនុ និងលោកអភិបាលខេត្ត ​សូម​មេត្តាចាត់វិធានការ​ជា​បន្ទាន់ ព្រោះ​សំរាម​ជា​ប្រភព​នៃ​ជំងឺ លើស​ពី​នេះ​សំរាម​ទាំងនេះ​វា​កំពុង​ធ្វើ​ឱ្យ​អាប់អោន​យ៉ាង​ខ្លាំងដល់​ខេត្ត​ទេសចរ​ណ៍​ដ៏​មាន​សក្តានុពល​មួយ​នេះ​។

លោក សា​មុត សុធា​រិ​ទ្ឋ​ ប្រធាន​មន្ទីរបរិស្ថាន បាន​បញ្ញា​ក់ដោយ​ខ្លី​ថា ជុំវិញ​បញ្ហា​នេះ អាជ្ញាធរ​ក្រុង រួម​ជាមួយ​ស្ថាន​ប័ណ្ណ​លោក កំលាំង​ធ្វើការ​ហើយ ៗ​នៅ​រសៀល​ថ្ងៃ​ទី​២០​នេះ នឹង​មានការ​ប្រជុំ​រវាង​អាជីវករ និង ម្ចាស់ផ្ទះ​ជួល​ដែល​មាននៅ​ក្នុង​តំបន់​នេះ​។

ដោយឡែក លោក អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ​បាន​ថ្លែង​ថា ចំពោះ​មូលហេតុ​ដែល​សំរាម​ដែល​គរ​នៅ​មុខ​ផ្សារជិត​រោងចក្រ new star ផ្លូវជាតិ​លេខ​៤ ដែល​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី មិន​មក​យកដោយសារ​ប្រជាពលរដ្ឋ​ អ្នក​លក់​ដូរ និង​ម្ចាស់ផ្ទះ​ជួល​ធំ​ៗ ចំនួន៣ បាន​យក​សំរាមទៅ​ដាក់​នៅ​ចិញ្ចើម​ផ្លូវ​លេខ​៤នេះ ហើយ​មិន​ដែល​បង់ថ្លៃ​សេវា​ឱ្យ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រីទេ​។​ ដូច្នេះ​រសៀល​ម៉ោង​២ និង៣០​នាទី​នេះលោក​បាន​ដាក់​កម្មវិធី​ប្រជុំ​រួច​ហើយនៅ​សាលាក្រុង ដោយ​មានការ​ចូលរួម​ពី​ម្ចាស់ផ្ទះ​ជួល​ទាំង៣ ក្រុមហ៊ុន​ស៊ិ​ន​ទ្រី បរិស្ថាន សង្កាត់ ដើម្បី​ដោះស្រាយ​ករណី​នេះ ៕