ជាប់គុក ព្រោះនិយាយលេងនៅព្រលានយន្តហោះ ថាមានគ្រាប់បែក ក្នុងកាតាប

ដាណឺម៉ាក៖ បុរស២នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន កាលពីថ្ងៃពុធ ទី១៨ វិច្ឆិកា បន្ទាប់ពីពួកគេនិយាយលេង តែបានធ្វើឲ្យភ្ញាក់ផ្អើលពេញព្រលានយន្តហោះ ក្នុងទីក្រុង Copenhagen ប្រទេសដាណឺម៉ាក។

បុរស២នាក់ដែលត្រូវបានគេចាប់ខ្លួននោះ មិនត្រូវបានបញ្ចេញឈ្មោះ ដោយគ្រាន់តែដឹងថា ពួកគេជាអ្នកជំនួញជនជាតិក្រិក។​ ពួកគេត្រូវបានចាប់ខ្លួន បន្ទាប់ពីនិយាយថា មានគ្រាប់បែកនៅក្នុងកាតាបរបស់ខ្លួន។ បុរសជាជនសង្ស័យទាំងពីរនាក់ បានបដិសេធថាមិនបាននិយាយបែបនេះទេ តែយ៉ាងណាមិញ ព្រះរាជអាជ្ញាម្នាក់ ឈ្មោះ Erik Hjelm បានបញ្ជាក់ថា ពេលនោះនារីម្នាក់ជាបុគ្គលិកធ្វើការនៅកន្លែងត្រួតពិនិត្យ បានលឺពួកគេទាំងពីរនាក់ និយាយថា ក្នុងកាតាបមានគ្រាប់បែក ហើយបាននិយាយទៀតថា គ្រាប់បែកមួយនេះសំរាប់ទីក្រុងប៉ារីស។

ខាងព្រលានយន្តហោះ បានឲ្យដឹងថា ពួកគេបានចំណាយពេលជម្លៀសភ្ញៀវចេញ ពីស្ថានីយទី៣ របស់ព្រលានយន្តហោះ និងធ្វើឲ្យខកជើងហោះហើេរអស់ជាច្រើន។ ប៉ូលីសប្រដាប់ដោយអាវុធ បានចូលទៅកន្លែងកើតហេតុ តែពួកគេមិនបានរកឃើញគ្រាប់បែកណាមួយឡើយ។ ប៉ូលីសម្នាក់បានប្រាប់អ្នកកាសែត French News ថា ជនសង្ស័យទាំងពីរនាក់នោះ អះអាងថា ពួកគេគ្រាន់តែនិយាយលេងសើចជាមួយគ្នាតែប៉ុណ្ណោះ។ ប៉ូលីសបន្តថា បើតាមមើលទៅ ពួកគេទាំងពីរជាមិត្តភក្តិគ្នា ដោយម្នាក់ត្រូវទៅប៉ារីស ប្រទេសបារាំង ឯម្នាក់ទៀត ត្រូវទៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

ទោះជាយ៉ាងណា ប្រភពព័ត៌មាន នៅមិនទាន់ឲ្យដឹងថា តើពួកគេទាំងពីរនឹងត្រូវជាប់ទោសយ៉ាងណានៅឡើយទេ ប៉ុន្តែនៅក្នុងពេលនេះ ពួកគេទាំងពីរ កំពុងតែស្ថិតនៅក្នុងគុកនៅឡើយ។ គួរបញ្ជាក់ថា ពួកគេគ្រាន់តែនិយាយលេងសើច តែបានធ្វើឲ្យអាជ្ញាធរ ត្រូវជម្លៀសមនុស្សចេញពីព្រលានយន្តហោះ ហើយខកជើងហោះហើរអស់ចំនួន ៥៨ ទៀតផង៕

ជាប់គុក ព្រោះនិយាយលេងនៅព្រលានយន្តហោះ ថាមានគ្រាប់បែក ក្នុងកាតាប
ជាប់គុក ព្រោះនិយាយលេងនៅព្រលានយន្តហោះ ថាមានគ្រាប់បែក ក្នុងកាតាប

ប្រភព៖

ដោយ៖ រិទ្ធីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត