សៀមរាប​រំពឹង​ទទួលបាន​ទេសចរ​រុស្ស៊ី​ច្រើន​ក្រោយ​ទស្សនកិច្ច​នាយករដ្ឋមន្ត្រី​រុស្ស៊ី

សៀមរាប៖ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​នៃ​សហព័ន្ធរុស្ស៊ី​នៅ​កម្ពុជា គឺ​ចាប់ពី​ថ្ងៃទី២២ ដល់​ថ្ងៃទី២៤ ខែវិច្ឆិកា​នេះ។ ក្រៅពី​ជួប​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ចុះ​កិច្ចព្រមព្រៀង​មួយចំនួន​ហើយ​នោះ លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី គ្រោង​ធ្វើ​ទស្សនកិច្ច​មកកាន់​ខេត្តសៀមរាប ដើម្បី​ទស្សនា​រមណីយដ្ឋាន​អង្គរ​ផងដែរ។ ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​របស់​ឥស្សរជន​ជាន់ខ្ពស់​នេះ​ត្រូវគេ​រំពឹងថា នឹង​អាច​ទាក់ទាញ​ទេសចរ​ជនជាតិ​រុស្ស៊ី​ឲ្យ​មក​កម្ពុជា​កាន់តែច្រើន ជាពិសេស​មកកាន់​ខេត្តសៀមរាប។

លោក ឡង់ កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា មាន​សុទិដ្ឋិនិយម​ថា វត្តមាន​របស់​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី នឹងធ្វើ​ឲ្យ​ទេសចរ​រុស្ស៊ី​កាន់តែច្រើន ចាប់អារម្មណ៍​នឹង​កម្ពុជា ជាពិសេស​ខេត្តសៀមរាប។ លោក កុសល បន្ថែមថា វត្តមាន​ដ៏​កម្រ​របស់​ឥស្សរជន​ជាន់ខ្ពស់​រុស្ស៊ី​មកកាន់​ទឹកដី​កម្ពុជា ជា​ផ្នែក​មួយ បង្ហាញ​ពី​ភាពជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​ភាព​ជិត​សិ្ន​ទ្ធ​រវាង​ប្រជាជន និង​ប្រជាជន​ផងដែរ។

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ជនជាតិខ្មែរ​និយាយ​ភាសា​រុស្ស៊ី លោក រស់ សណ្តាន ក៏​មើលឃើញ​ដូចគ្នានេះដែរ។ លោក សណ្តាន ជឿជាក់ថា ទស្សនកិច្ច​របស់​នាយ​ក​រដ្ឋមន្ត្រី​រុស្ស៊ី លោក ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ (Dmitry MEDVEDEV) នឹង​រុញ​កំណើន​ទេសចរ​រុស្ស៊ី មកកាន់​សៀមរាប​បន្ថែមទៀត។ លោក សណ្តាន បន្ថែមថា៖« តាម​ខ្ញុំ​ដឹង គាត់ (នាយករដ្ឋមន្ត្រី​រុស្ស៊ី) គឺ​គាត់​ធ្វើការ​ស៊ីជម្រៅ​ទៅលើ ទីភ្នាក់ងារ​ទេសចរណ៍​នេះ​ណាស់។ ដូច្នេះ ទៅ​អ​នាគ​ត់ ភ្ញៀវ​រុស្ស៊ី​នឹង​ឡើង»។

ដោយសារ​ទទួល​ទណ្ឌកម្ម​សេដ្ឋកិច្ច ពាក់ព័ន្ធ​រឿង​ទឹកដី​អ៊ុយ​ក្រែ​ន ធ្វើ​ឲ្យ​ប្រជាជន​រុស្ស៊ី​មួយចំនួនធំ សម្រេច​មិន​ចេញ​ក្រៅ​ស្រុក។ ពួកគេ​ជ្រើសរើស​ដំណើរ​កម្សាន្ត​ក្នុងស្រុក ជាជាង​ទៅខាង​ក្រៅ ដោយសារ​បញ្ហា​សេដ្ឋកិច្ច។ នេះ​ជាការ​យល់ឃើញ​របស់លោក ឡុង កុសល ដែល​មើលឃើញ​ពី​ការធ្លាក់ចុះ​ចំនួន​ទេសចរ​រុស្ស៊ី នាពេល​កន្លងមក។ របាយការណ៍​ចុងក្រោយ របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តសៀមរាប មិនបាន​បង្ហាញ​តួលេខ​ភ្ញៀវទេសចរ​រុស្ស៊ី​នោះទេ។

បញ្ហា​ស្មុគស្មាញ​របស់​ភ្ញៀវ​រុស្ស៊ី ដែល​កើតឡើង​នៅ​ខេត្តសៀមរាប​ជាច្រើន​ឆ្នាំ​មកហើយ​នោះ គឺ​ការដណ្តើម​ទីផ្សារការងារ​នឹង​មគ្គុទ្ទេសក៍​ខ្មែរ។ មាន​ជនជាតិ​រុស្ស៊ី​មួយចំនួន ដែល​មិនមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ បាន​ចូលមក​នាំ​ទេសចរ​រុស្ស៊ី​ដើរ​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​អង្គរ។ ក្រុម​មគ្គុទ្ទេសក៍​ខ្មែរ​សម្តែង​ក្តីបារម្ភ​ថា ការមិន​ស៊ីជម្រៅ​ទៅនឹង​ប្រវត្តិសាស្ត្រ វប្បធម៌​ខ្មែរ របស់​ជនជាតិ​រុស្ស៊ី នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្ពុជា ជាពិសេស​ធ្វើ​ឲ្យ​មគ្គុទ្ទេសក៍​ភាសា​រុស្ស៊ី គ្មាន​ទីផ្សារ​ដើរ​ផង​ទៅ​ថ្ងៃក្រោយ។

គួររម្លឹកថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈ៣ថ្ងៃ​នៅ​កម្ពុជា លោក ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ នាយករដ្ឋមន្ត្រី​រុស្ស៊ី គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​នៅលើ​ឯកសារ​ចំនួន ៦ចំណុច។ កិច្ចព្រមព្រៀង​ទាំងនោះ​រួមមាន ការផ្លាស់ប្តូរ​ព័ត៌មាន​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម រវាង​អង្គភាព​ស៊ើបអង្កេត​ហិរញ្ញវត្ថុ​កម្ពុជា និង​អង្គភាព​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​រុស្ស៊ី កិច្ចព្រមព្រៀង​បំពេញបន្ថែម​រវាង​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា និង​ទីភ្នាក់ងារ​សារព័ត៌​ន​មាន SPUTNIKជាដើម។ ក្រៅពីនោះ ក៏មាន​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហការ និង​សហប្រតិបត្តិការ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​រួបរួម​រុស្ស៊ី​ផងដែរ៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​