ជម្រើស​ជាតិ​កម្ពុជា​យក​ឈ្នះ​ក្រុម​លីក​លំដាប់​ទី៣ នៅ​ចិន ៣-១

ជម្រើស​ជាតិ​កម្ពុជា​យក​ឈ្នះ​ក្រុម​លីក​លំដាប់​ទី៣ នៅ​ចិន ៣-១

​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​យក​ឈ្នះ​ក្រុម​បាល់​ទាត់​​លីក​លំដាប់​ទី​៣ របស់​ប្រទេស​ចិន Baotou Nanjiao FC ​ដោយ​​លទ្ធផល ៣-១ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់មិត្តភាព​ 2015 Yunnan, Asean International Football Open Tournament កាល​ពី​ព្រឹក​មិញ​នេះ។

 

ជម្រើស​ជាតិ​កម្ពុជា​យក​ឈ្នះ​ក្រុម​លីក​លំដាប់​ទី៣ នៅ​ចិន ៣-១
ប្រាក់ មុន្នីឧត្តម កាល​លេង​ជាមួយ​ជម្រើស​ជាតិ​ប្រ៊ុយណេ

 

កម្ពុជា​បាន​ចាប់​ផ្ដើម​ការ​ប្រកួត​ពាន​រង្វាន់​មិត្តភាព​អាស៊ាន- ចិន​ក្នុង​ពូលE កាល​ពី​វេលា​ម៉ោង ៩​ព្រឹក​មិញ​នេះ ដោយ​យក​ឈ្នះ​ក្រុម Baotou Nanjiao FC  ក្នុង​លទ្ធផល ៣-១។ ៣​គ្រាប់​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា កើត​ចេញ​ពី​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង ប្រាក់ មុន្នីឧត្តម ធ្វើ​បាន Hat-trick ម្នាក់​ឯង។

 

ពាន​រង្វាន់ 2015 Yunnan, Asean International Football Open Tournament មាន​ក្រុម​បាល់​ទាត់​ចំនួន៩ ចូល​រួម។ ប្រទេស​មីយ៉ាន់ម៉ា, បង់ក្លាដេស និង​ព្រះ​រាជាណាចក្រ​កម្ពុជា​បញ្ជូន​ក្រុម​ជម្រើស​ជាតិ​ទៅ​ចូល​រួម។ ចំណែក​ប្រទេស​ចិន, ឡាវ និង​ប្រទេស​វៀតណាម បញ្ជូន​ក្រុម​នៅ​ក្នុង​លីក​អាជីព​ទៅ​ចូល​រួម។ ឡាវ​តំណាង​ដោយ​ក្រុម Lao Champa ឯ​វៀតណាម​តំណាង​ដោយ​ក្រុមHà Nội T&T និង​ប្រទេស​ចិន​មាន ៤​ក្រុម​ចូល​រួម។

 

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ទៅ​ចូល​រួម​កម្មវិធី​នេះ ដោយ​គ្មាន​វត្តមាន​កីឡាករ​មក​ពី​ក្លិប​កំពូល​ទាំង៤ គឺ​បឹងកេត​អង្គរ, ភ្នំពេញ​ក្រោន, ណាហ្គាវើល, និង ខេមបូឌានថាយហ្គឺរ ដោយសារ​ជាប់​លេង​វគ្គ​ខ្វែង​ជើង​ទី២។ ​កម្មវិធី​ប្រកួត​នេះ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី២០ ដល់​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា៕

 

អត្ថបទ៖ គង់ វិសាល