រថ​យន្ត​​បាឡែន​ដឹកគ្រញូង​ពីសៀមរាប មក​ជាប់អន្ទាក់​នៅកំពង់ធំ

ខេត្តកំពង់ធំ ៖ កម្លាំង​ចម្រុះ​ផ្នែក​រដ្ឋបាលព្រៃ​​ឈើស្ទោង ដឹកនាំដោយលោក​ព្រះ​រាជអាជ្ញា​ធរ​ខេត្ត​កំពង់ធំ ​ចាប់រថយន្ត​​បាឡែនមួយ​គ្រភង​​ដឹក​ឈើ​​គ្រញូង​​ កាលពីវេលាម៉ោង​ជាង២ទៀបភ្លឺថ្ងៃទី​២០ វិច្ឆិកា ២០១៥ ស្ថិតនៅចំណុច​ស្ពានព្រៃប្រស់ ក្នុងភូមិព្រៃប្រស់ ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​ ដោយ​នៅក្នុង​រថយន្ត​មាន​ឈើ​​គ្រញូង​ចំនួនជាង​៣០ដុំ ។

លោកតុង យី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើស្ទោង​​បានបញ្ជាក់ថា មុនពេលកើតហេតុ លោកបានទទួលព័ត៌​មានពីបណ្តាញ​ថា មាន​រថ​យន្តដឹកឈើ​គ្រញូង​ចេញមក​ពី​ខេត្ត​សៀមរាប​ ខណៈ​នោះ លោកក៏​បាន​ប្រមូល​កម្លាំង​ចំនួន​៧​រថយន្ត ព្រមទាំង​មានការបញ្ជា​​ផ្ទាល់​​ពីលោកសាយ ណូវ៉ា ព្រះរាជ​អាជ្ញា​រងខេត្តកំពង់ធំ ​ចុះប្រតិបត្តិការបង្ក្រាប​សកម្មភាព​រថយន្ត​ដឹកឈើ​​ លុះដល់​ម៉ោងជាង១រំលង​អធ្រាត្រ​ ទើបឃើញ​​រថយន្ត​ដឹកឈើ​គ្រញូងនោះ ធ្វើ​សកម្មភាព​លើផ្លូវ​ជាតិលេខ៦ ចេញមកពីខេត្តសៀមរាប ។

សមត្ថកិច្ច​​​បានធ្វើការ​ដេញ​តាម​រហូតមក​ដល់ជិតកំពង់ថ្ម ស្រាប់តែ​រថយន្ត​នោះ​បើកគេច​ចូលជ្រក​​នៅក្នុង​វត្ត​ទួល​វិហារ ខណៈ​នោះ​​​សមត្ថ​កិច្ច​បាន​បើក​រថយន្ត​ដេញ​តាម​​ ស្រាប់តែ​រថយន្ត​ដឹកឈើគ្រញូង​បានបើក​គេច​ត្រឡប់​ក្រោយ រហូតម​ក​ដល់​លើ​ស្ពាន​ព្រៃប្រស់ ទើប​សមត្ថកិច្ច​ដាក់​រថយន្ត​បង្ខាំង​ តែអ្នក​បើកបរ​រថយន្ត​បាឡែន​ដឹកឈើគ្រញូង​​​បើកបំបុក​រថយន្ត​​សមត្ថកិច្ច​​ពេញទំហឹង បណ្តាល​ឱ្យ​ខូចខ្ទេច​រថយន្ត​សមត្ថកិច្ច​រងរបួសស្រាល​​​ សន្លប់មួយសន្ទុះធំ ទើបដឹងខ្លួនបញ្ជូនទៅ​កាន់មន្ទីរពេទ្យ​ ។

ចំពោះ​រថយន្ត​ដឹកឈើគ្រញូង​ខូចមួយកំណាត់​មុខ ​ត្រូវ​ក្រុមអ្នក​ដឹកឈើរំដោះ​យកតៃកុង​ទៅបាត់ នៅសល់តែ​រថយន្ត​បាឡែន​ដឹក​ឈើគ្រញូង​​ ត្រូវបាន​សមត្ថកិច្ច​ចាប់បញ្ជូន​ទៅកាន់ផ្នែក​រដ្ឋបាល​ព្រៃឈើស្ទោង ធ្វើការ​វាស់​រាប់ចំនួនឈើកាលពីព្រឹកថ្ងៃទី២០ វិច្ឆិកា ដែលឈើគ្រញូង​ចំនួន​៣០ដុំធំ រឹបអូស​ជាសម្បត្តិ​រដ្ឋ​ ។ ចំណែក​អ្នកបើកបរ​រថយន្តដឹកឈើ​ជាមុខសញ្ញាចាស់ ត្រូវសមត្ថកិច្ច​បើក​ការ​ស្រាវជ្រាវ​តាមស្លាក​រថយន្តភ្នំពេញ 2A-4578 ដើម្បីតាមចាប់មកផ្តន្ទាទោសតាមច្បាប់ ។