​​រត់​គេចខ្លួន​បាន​​ជាង​៣​ឆ្នាំ ​ត្រូវ​​ប៉ូលិស​ចាប់​បាន​នៅ​គ្លីនិក​​​ពី​បទ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​

ខេត្ត​ព្រះ​សីហ​នុ ៖ ​យុវជន​ម្នាក់​ដែល​​ព្យាយាម​លាក់ខ្លួន​ពួន​អាត្មា​បន្លំ​ធ្វើការ​​​​នៅ​ក្នុង​សណ្ឋាគារ​លំដាប់​ខ្ពស់​មួយ​កន្លែង​ក្នុង​ក្រុងព្រះ​សីហនុ​​ ​ត្រូវ​បាន​សមត្ថកិច្ច​​ឃាត់ខ្លួន កាល​ពី​​យប់​ថ្ងៃ​ទី​១៨​ វិច្ឆិកា ២០១៥ បន្ទាប់​ពី​​ចូល​​សម្រាក​ព្យា​បាល​ក្នុង​គ្លី​និ​ក​​ឯកជន​​ដោយ​សារ​គ្រោះថ្នាក់​ចរាចរ​ណ៏​ដែល​បង្កឡើង​ដោយ​ខ្លួនឯង​ ​។

​មន្ត្រី​នគរ​បាល​ បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​​ ឈ្មោះ នាង ធា​រ៉ា ​អាយុ២៤ឆ្នាំ​ មាន​ទីលំនៅភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ​​ជាប់​ពាក់​ព័​ន្ឋ​បទល្មើស ​ប្រើ​ប្រាស់​អាវុធ​ខុសច្បាប់ ដែល​បាន​​ប្រ​ព្រឹ​ត្តនៅ​​សង្កាត់​លេខ​​៣ កាលពី​ថ្ងៃ​ទី​៣០ ​ខែតុលា​ ឆ្នាំ​២០១២ បទល្មើស​ដែល​មាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​៤៩០ នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​ត្រូវ​បាន ​លោក ញឹ​ប ​ពិសាល ​ចេញ​ដីកា​លេខ​៧៤៣ ត.ព/១៣ ឱ្យ​​ចាប់ខ្លួន​ ​ប៉ុន្តែ​ជន​ល្មើស​បាន​រត់​គេច​ខ្លួនបាត់​​រហូត ៕