ព្រឹកស្អែក​​! អភិបាល​រាជធានី​នឹង​ធ្វើ​ពិធី​បើក​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ​

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​ព្រឹក ​ថ្ងៃ​​ទី​២១​ វិច្ឆិកា​ ស្អែក​នេះ លោកប៉ា សុ​ជាតិ​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​ព្រះសង្ឃ មន្ត្រី​ក្រោម​ឱ​វាទសាលា​រាជធានី​ភ្នំពេញ យុវជន និង​ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់​នឹង​ធ្វើ​ពិធី​ប្រោះព្រំ ដាក់​ឲ្យ​ប្រើប្រាស់​បណ្តោះអាសន្នស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ​ចាប់ពី​ពេល​នេះ​តទៅ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០ ​វិច្ឆិកា​ ២០១៥​នេះ ​ការដ្ឋាន​ស្ពាន​អាកាស ​និង​ផ្លូវ​ក្រោម​ដី​តិច​ណូ ក្រុមការងារបាននិង​កំពុង​អ៊ុត​កៅស៊ូ​ផ្លូវ​ពង្រីក​មហាវិថី​សហ​ព័​ន្ឋ​រុ​ស្ស៊ី​បន្ត​ពី​ច្រកចេញ​ផ្លូវ​ក្រោម​ដីទៅ​ទិស​ភ្លើងស្តុប​នាគ​វ័​ន្ត ដែល​មាន​ប្រវែង​១៦០​ម៉ែត្រ និង​ទទឹង​ពី​១.៥​ម៉ែត្រទៅ​២​ម៉ែត្រ ។

លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ការ​ស្ថាបនា​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ រហូត​មក​ដល់​ពេល​នេះ​បាន​៩៥%​ហើយ ហើយ​ការងារ​ដែល​នៅ​សេសសល់​មាន​លាប​គំនូសចរាចរ ស្លាក​សញ្ញា​ចរាចរ ការ​ពង្រីក​ផ្លូវ ជាប់​អាង​ផ្លូវ​ក្រោម​ដី ការ​ដំឡើង​ភ្លើងស្តុប​ក្រោម​ស្ពាន តែ​ការងារ​នេះបាននិង​កំពុង​ធ្វើបាន​មួយ​ចំនួន​ហើយ មាន​ន័យ​ថា ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​បាន​ដោយ​ស្រួល​ចាប់ពី​ថ្ងៃ​ទី​២១​  វិច្ឆិកា​នេះ តទៅ ។​

លោក​បាន​បញ្ជាក់​ថា ចំពោះ​ការងារ​ដែល​នៅ​សល់ ក្រុមការងារ​នឹង​បន្ត​ធ្វើ​មិន​មានការ​រាំងស្ទះ​ដល់​ការ​ធ្វើ​ចរាចរ​របស់​ប្រជាពលរដ្ឋ​ឡើយ ហើយ​ការងារ​ជា​រួម​គ្រោង​បញ្ចប់​នៅ​ដើមខែ​ធ្នូ​នេះ ៕  ​