សម្ព័ន្ធមេត្រីភាព​រវាង​ក្រុង​យ៉ុ​ង​ដុ​ង​នៃ​សាធារណរដ្ឋកូរ៉េ និងខេត្តសៀមរាប

ខេត្តសៀមរាប ​៖ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​១៩ ​ខែ​​វិច្ឆិកា ឆ្នាំ​២០១៥ លោក ប៊ុ​ន ថា​ប្ញ​ទ្ធិ អភិបាលរង​ខេត្ត​​ បានជួប​​​ពិភាក្សា​ការងារ​ជាមួយលោក ផាក សែ​បុក អភិបាលក្រុង​យ៉ុ​ង​ដុ​ង ក្នុង​ខេត្ត​ចុង​ជុង​បុក​ដូ នៃ​សាធារណរដ្ឋកូរ៉េ និងសហការី ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​បង្កើត​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​មិត្តភាព​អន្តរជាតិ ព្រមទាំង​គម្រោង​នៃ​ការ​បណ្តុះបណ្តាល​បរទេស ឧបត្ថម្ភ​គាំទ្រ​ពី​ទីក្រុង​យ៉ុ​ង​ដុ​ង នៃ​ខេត្ត​ចុង​ជុង​បុក​ដូ ជូន​ដល់​មន្ត្រីរាជការ​ ខេត្តសៀមរាប ។

ក្នុង​កិច្ច​ពិភាក្សា​នេះ​ដែរ​ លោក ប៊ុ​ន ថា​ប្ញ​ទ្ធិ ក៏​បាន​ជម្រាប​ដល់​គណៈប្រតិភូ អំពី​ស្ថានភាព​ភូមិសាស្ត្រ សន្តិសុខ ​សេដ្ឋកិច្ច ​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខេត្ត​​ ។ ​ខេត្តសៀមរាប​មាន​សក្តានុពល​សេដ្ឋកិច្ច​សំខាន់​ គឺ​ទេសចរណ៍​ និង​កសិកម្ម ដោយ​ខេត្ត​សម្បូរ​ទៅ​ដោយ​ដី​កសិកម្ម និង​ប្រាង្គ​ប្រាសាទបុរាណ​ល្បីល្បាញ​លើ​ពិភពលោក ហើយ​កំពុង​ក្លាយជា​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​លើ​ពិភពលោកចូល​មក​ទស្សនា​កម្សាន្ត ។

ម្យ៉ាងទៀត ប្រជាពលរដ្ឋ​ខេត្តសៀមរាប បាន​ពឹងផ្អែក​ទៅ​លើ​វិស័យ​កសិកម្ម និងទេសចរណ៍ ដែល​ជា​កត្តា​សំខាន់​ក្នុង​ការទ្រទ្រង់​ផ្គត់ផ្គង់​សេដ្ឋកិច្ច​ក្នុង​ក្រុម​គ្រួសារ ​។ ​ក្នុង​នោះ​ដែរ​ លោក​ ប៊ុ​ន ​ថា​ប្ញ​ទ្ធិ ក៏​បាន​ជម្រាប​ជូន​ដល់​គណៈប្រតិភូ​ផង​ដែរ​អំពី​ការ​ទំនាក់ទំនងកិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​របស់​ខេត្តសៀមរាប ជាមួយ​បណ្តា​ខេត្ត​នៅ​ក្នុង​តំបន់​អាស៊ី និងអឺរ៉ុប សំខាន់​ជាមួយ​បណ្តា​ខេត្ត/ក្រុង​នៃ​សាធារណរដ្ឋ​កូរ៉េ ។ ​

​លោក ផាក សែ​បុក អភិបាលក្រុង​យ៉ុ​ង​ដុ​ង ​ក៏​បាន​លើក​ឡើង​ពី​ស្ថានភាព​ភូមិសាស្ត្រសេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​ក្នុង​ក្រុង​យ៉ុ​ង​ដុ​ង ។ លោក​បាន​បន្ត​​​ថា ក្រុង​យ៉ុ​ង​ដុ​ង ជាទី​កំណើត​នៃ​ក្រុមត​ន្ត្រី​បុរាណ​របស់​កូរ៉េ ហើយ​ក៏​មាន​ប្រជាពលរដ្ឋ​ប្រមាណ៧២% ប្រកប​របរ​កសិកម្ម ក្នុង​ការ​ដាំ​ដុះ​ដំណាំ​ហូប​ផ្លែ និងការ​ចិញ្ចឹម​ត្រី ព្រមទាំង​បាន​ធ្វើការ​នាំ​ចេញ​ទៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន ហើយ​ក៏​ជាទី​កន្លែង​ទទួល​ស្វាគមន៍​ដល់​ភ្ញៀវ​ទេសចរ​​អន្តរជាតិ​ផង​ដែរ ​។

​លោក ផាក សែ​បុក ក៏​បាន​បញ្ជាក់​ពី​ដំណើរ​ទស្សនកិច្ច​នៅ​លើ​ទឹកដី​ខេត្ត​ប្រវត្តិសាស្ត្រ​សៀមរាប ក្នុង​ការ​សិក្សា​ស្វែង​យល់ ក្នុង​កិច្ច​ទំនាក់ទំនង​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​ខេត្តសៀមរាប ​ក្នុងការ​ផ្តូ​ច​ផ្តើម​ចង​​សម្ព័ន្ធមេត្រីភាព​រវាង​ក្រុង​យ៉ុ​ង​ដុ​ង និងខេត្តសៀមរាប ។  កត្តា​សំខាន់​នៃ​កិច្ច​ទំនាក់ទំនង​នេះ ក្រុងយ៉ុ​ង​ដុកមាន​គម្រោង​លើ​ការ​បណ្តុះបណ្តាល​បរទេស ឧបត្ថម្ភ​គាំទ្រ​ពី​ទីក្រុង​យ៉ុ​ង​ដុ​ង ជូន​ដល់មន្ត្រីរាជការ​ខេត្តសៀមរាប ។ ​​លោក​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ដល់​អ្នក​វិនិយោគ​កូរ៉េ និង​ប្រជាជន​កូរ៉េ ឱ្យ​ចូល​មក​ធ្វើ​ទេសចរណ៍ និងវិនិយោគ​នៅ​កម្ពុជា សំខាន់​នៅ​ខេត្តសៀមរាប ដែល​ជា​ខេត្ត​សម្បូរ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌​ប្រវត្តិសាស្ត្រ មាន​ប្រាង្គ​ប្រាសាទបុរាណ​ល្បីល្បាញ​ទៀត​ផង ​៕