កញ្ញា​ម៉ី​ម៉ី សិច​ស៊ី​ពេក​សាច់ញាតិ​ចង់​កាត់កាល់

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ទើបតែ​លេចធ្លោ​កញ្ញា​ ម៉ី​ម៉ី និយម​បញ្ចេញ​សម្រស់​សិច​ស៊ី ប៉ុន្តែ​ចុង​ក្រោយ​នេះ​ប្រែប្រួល​វិញ ដ្បិត​រង​សម្ពាធ​ពី​ក្រុម​គ្រួសារ គឺ​ព្រមាន​នឹង​កាត់កាល់​លែង​រាប់រក​ជា​សាច់ញាតិ ។ 

តារា​មុខស្រស់​ ម៉ី​ម៉ី ធ្វើ​ឱ្យ​សង្គម​សិល្បៈ​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​ពេល​នាង​ហ៊ាន​គ្រង​ឈុត​សម្លៀក​បំពាក់​បញ្ចេញ​សម្រស់​ដើមទ្រូង ពិសេស​កក្រើក​មហាជន​តាម​ហ្វេ​ស​ប៊ុ​ក ។ ចាប់តាំងពី​ពេល​នោះ​មក​កេរ្តិ៍ឈ្មោះ​សិល្បៈ​របស់​ម៉ី​ម៉ី ហក់​ឡើង ហើយ​បណ្តា​ផលិតកម្ម​ទាំង​ចម្រៀង និង​ភាពយន្ត​ទាក់ទង​ឱ្យ​ចូលរួម​សម្តែង ។

«​សិច​ស៊ី​» នាំ​ឱ្យ ​ម៉ី​ម៉ី​ ជោគជ័យ​ក្នុង​អាជីព ប៉ុន្តែ​សាច់ញាតិ​មិន​ពេញចិត្ត​ទេ ។ បណ្តា​សាច់ញាតិ​របស់​ម៉ី​ម៉ី​ជា​អ្នករាជការ​មានមុខមាត់​ក្នុង​សង្គម​មិន​ចង់​ឃើញ​នាង​ល្បីឈ្មោះ​ដោយសារ​ភាព​សិច​ស៊ី​ទេ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​កញ្ញា​អៀ ម៉ី​លិ ហៅ​អូន ម៉ី​ម៉ី ដែល​កាន់តែ​រីកសាយ​សម្រស់​ខ្លាំង​ឡើង​នេះ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ថា អាជីព​សិល្បៈ​សម្តែង​របស់​នាង​នៅ​តែ​ដើរទៅ​មុខជា​បន្តបន្ទាប់​ទៅ​តាម​ផែនការ​ប្រចាំ​ថ្ងៃ​របស់​នាង ។ ការ​សម្តែង​របស់​ម៉ី​ម៉ី គឺ​ចង់​សម្តែង​ឱ្យ​បាន​គ្រប់​សណ្ឋាន ដើម្បី​ឱ្យ​ទទួល​បាន​បទ​ពិសោធន៍​កាន់តែ​ច្រើន​ដូច​រៀមច្បង​សិល្បៈ ។ ការ​សម្តែង​ក្នុង​ភាពយន្ត ឬ​ឈុត​ឆាក​ខារ៉ាអូខេ គឺ​ត្រូវ​ផ្តាច់់​ឱ្យ​អស់​រាល់​ការ​បញ្ចេញ​ភាព​សិច​ស៊ី​លេច​លើ​លេច​ក្រោម​ខុស​ពី​កម្រិត​អាច​ទទួលយក​បាន ។

ស្រី​ស្អាត​សម្បុរ​ស​ ម៉ី​ម៉ី និយាយ​ថា «​បើ​មិន​ឲ្យ​កាត់​បន្ថយ​ម្តេច​បាន​បើ​ពូ​មីង​របស់​នាង​ខ្ញុំ​គាត់​ដាច់អហង្ការ​យ៉ាង​ខ្លាំង អត់​ឲ្យ​ក្មួយ​របស់​គាត់​ថត​បែប យេ​ៗ​ទាំង​ខ្លួន​ជា​ក្មេង​ស្រី​នោះ​ទេ ។ ក្រុម​គ្រួសារ​នាង​ខ្ញុំ​បាន​ព្រមាន​ហើយ​ថាបើ​ហ៊ាន​ធ្វើ​បែប​នេះ គឺ​ពិតជា​មិន​ទទួលស្គាល់​ជា​សាច់ញាតិ បងប្អូន កូនក្មួយ​ឡើយ ទោះ​មិនមែន​ជា​កូនបង្កើត​ក៏​ដោយ ។ បើ​ចង់​សាក​ពិតជា​អស់​បងប្អូន​មិន​ខាន​ឡើយ ។ មូលហេតុ​គឺ​មក​ពី​បងប្អូន ពូ​មីង​របស់​នាង​ខ្ញុំ​គាត់​ជា​អ្នកធ្វើការ​រាជការ មាន​គេ​ស្គាល់​ច្រើន​ដែល​អាច​ដឹង​ថា​មានកូន​ក្មួយ​ជា​សិល្បៈ បើ​មាន​រូបភាព​ណា​មិនល្អ​នោះ​ពិតជា​អាច​ប៉ះពាល់​ដល់​មុខមាត់​បងប្អូន​ដែរ ។ អ៊ីចឹ​ង​ហើយ​ទើប​បានជា​នាង​ខ្ញុំ​ត្រូវ​តែ​គោរព​តាម​បទបញ្ជា​គាត់​ប្រាប់ មិន​ហ៊ាន​ធ្វើ​អ្វី​ឲ្យ​លើសលុប ខ្លាំង​លើស​ពី​ប្រពៃណី​ខ្មែរ​ឡើយ ។ ជា​ពិសេស​នាង​ខ្ញុំ​ពិតជា​មិន​ចង់​មានរឿង​រ៉ាវ​ដូច​មុន​ទេ ទម្រាំ​តែ​អាច​ដោះស្រាយ​បាន​ពិតជា​លំបាក​ដែរ​ទាំង​អ្នក​ម្តាយ​ខ្ញុំ​ផ្ទាល់​ក៏​ត្រូវ​ជួយ​និយាយ​ដែរ​ទើប​នាង​ខ្ញុំ​មិន​ឲ្យ​ជួប ឬ​កើតឡើង​ទៀត​ទេ ។ ពូ​មីង​របស់​នាង​ខ្ញុំ​គាត់​ពិតជា​បើកឱកាស​ឲ្យ​នាង​ខ្ញុំ​ចូល​សិល្បៈ​គ្រប់​បែប​យ៉ាង តែ​ត្រូវធ្វើ​អ្វី​ដែល​ជា​លក្ខណៈ​កិត្តិយស សម​ភ្នែក​ញាតិ នោះ​ពួក​គាត់​ពិតជា​មិន​ចាប់កំហុស​ឡើយ តែបើ​មិន​ទំនង​នោះ​ពិតជា​ពិបាក​ទប់​ស្ថានការណ៍​» ។

កញ្ញា​ ម៉ី​ម៉ី​ ពេល​នេះ​យល់​ច្រើន​ពី​ការ​រៀបខ្លួន​បែប​ណា​ឲ្យ​សម​តាម​កាលៈទេសៈ បន្ទាប់​ពី​និយម​បែប​សិច​ស៊ី ហើយ​ត្រូវ​សាច់ញាតិ​មិន​ពេញចិត្ត​កន្លង​មក​នោះ ។ ដោយ​ស្រឡាញ់​សិល្បៈ​កញ្ញា​ម៉ី​ម៉ី​ចង់​ពង្រីក​អាជីព​ឱ្យ​កាន់តែ​ច្រើន​ដូច​ជា​ចង់​ក្លាយជា​ពិធី​ការិនី និង​ក្លាយជា​តារាចម្រៀង​ថែម​ទៀត ៕