លោក​ហង់ ជួន ណា​រ៉ុ​ន​៖ ក្រសួង​អប់រំ កំពុង​យកចិត្តទុកដាក់​គុណភាព​បង្រៀន និង​ជីវភាព​គ្រូបង្រៀន​

ភ្នំពេញ: ​ជម្រាបជូន គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា លោក​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា បច្ចុប្បន្ន​នៅ​កម្ពុ​ជាមាន​គ្រូបង្រៀន ចំនួន ៨៩.០០០​នាក់ ដែល​កំពុង​បង្រៀន នៅតាម​សាលា​នានា នៅ​ទូទាំងប្រទេស​។

​លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា រដ្ឋាភិបាល​បាន​កំពុង​យកចិត្តទុកដាក់​ជាខ្លាំង​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​លោកគ្រូ អ្នកគ្រូ និង​ការពង្រឹង​គុណភាព​បង្រៀន​របស់​ពួកគាត់ ក្នុងការ​ឆ្លើយតប​វិធានការ​កែទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា របស់​រាជរដ្ឋាភិបាល ក្នុង​អាណត្តិ​ទី​៥​នេះ​។  

​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី បែបនេះ ក្នុងឱកាស​ដែល​លោក​រដ្ឋមន្ត្រី  បាន​ដឹកនាំ​សហការី មក​ឆ្លើយបំភ្លឺ ចំពោះ​គណៈកម្មការ​ជំនាញ រដ្ឋសភា ទទួលបន្ទុក​វិស័យ​អប់រំ គឺ​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា កាលពី​រសៀល ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​វិមាន​រដ្ឋសភា ក្រោម​ប្រធានបទ “​វិធានការ​កំណែទម្រង់​គុណភាព​គ្រូបង្រៀន និង​អធិការកិច្ច​”​។​

​នៅក្នុង​ឱកាស​នោះ លោក​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន បាន​ជម្រាបជូន គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា បន្តថា ក្រសួង​អប់រំ យុវជន និង​កីឡា បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​កែទម្រង់​ជាច្រើន ក្នុងការ​ពង្រឹងសមត្ថភាព​គ្រូបង្រៀន និង​អធិការកិច្ច ដើម្បី​ឲ្យ​សិស្សានុសិស្ស សិក្សា​រៀនសូត្រ​ទទួលបាន លទ្ធផល​ល្អ មាន​គុណភាព​ខ្ពស់ ក្នុងនោះ​រយៈពេល​ពីរ​ឆ្នាំ​មកនេះ ក្រសួង​បានធ្វើការ​រឹតបន្តឹង ការប្រឡង សញ្ញាបត្រ​ទុតិយភូមិ ហើយ​ជា​លទ្ធផល ទទួលបាន ការគាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​។ ទន្ទឹមនឹងនោះ​ក្រសួង មាន​វិធានការ​ជាច្រើន​ទៀត ដើម្បី​ពង្រឹងសមត្ថភាព បង្រៀន​របស់លោក​គ្រូ  អ្នកគ្រូ ក្នុងនោះ​មាន វិធានការ និង​ការលើកទឹកចិត្ត​គ្រប់​រូបភាព និង​ការដំឡើងប្រាក់បៀវត្សរ៍ ជា​បន្តបន្ទាប់​ជូន​ដល់​គ្រូបង្រៀន​ដើម្បី​ឲ្យ​មាន​ជីវភាព​សមរម្យ ។​

​លោក​រដ្ឋមន្ត្រី​បានលើកឡើង​បន្តថា ជាមួយគ្នានេះ​ក្រសួង​ក៏បាន​ធ្វើការ​កែទម្រង់​សាលា​គរុកោសល្យ​ខេត្ត​ក្រុង​សាលា​គរុកោសល្យ​ភូមិភាគ​និង​សាលា វិ​ក្រិត​ការ​តាម​ខេត្ត ធ្វើការ​កែទម្រង់​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូបង្រៀន ដើម្បី​ជំរុញ​ការអនុវត្ត​សមត្ថភាព​វិជ្ជាជីវៈ​គ្រូបង្រៀន ពង្រឹងសមត្ថភាព​ថ្នាក់ដឹកនាំ គ្រូបង្រៀន និង​ពង្រឹង​ប្រព័ន្ធ​តាមដាន វាយតម្លៃ​ជាក់លាក់​មួយ​។​

​ក្រោយពី​បាន​ស្តាប់ ការបកស្រាយ និង​បាន​ចោទសួរ​ជាច្រើន លើ​ការពង្រឹង​គុណភាព​សិក្សា​នេះ ពី​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា រួចមក លោក ហែម ខន ប្រធានស្តីទី គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា បាន​សម្តែង ការកោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​អប់រំ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ ប្រើ​គ្រប់​មធ្យោបាយ​ក្នុងការ​ពង្រឹងសមត្ថភាព គ្រូបង្រៀន និង​អធិការកិច្ច ដែលជា​ផ្នែក​សំខាន់​មួយ ក្នុងការ​លើកកម្ពស់​គុណ​ភាព សិក្សាធិការ​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើរ ស្របតាម ការ​វិវឌ្ឍន៍ របស់​សង្គម ក៏​ដូច​តំបន់​និង​ពិភពលោក​។​

​លោក ហែម ខន និង​សហការី បាន​គាំទ្រ និង​លើកទឹកចិត្ត​ក្រសួង ឱ្យ​ខិតខំ​បំពេញ​កិច្ចការ​បន្តទៀត ក្នុងការ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​នៅ​កម្ពុជា ប្រកបដោយ​គុណភាព សម្រាប់​ជា  សសរទ្រូង​ប្រទេសជាតិ នា​ថ្ងៃ​អនាគត​៕

លោក​ហង់ ជួន ណា​រ៉ុ​ន​៖ ក្រសួង​អប់រំ កំពុង​យកចិត្តទុកដាក់​គុណភាព​បង្រៀន និង​ជីវភាព​គ្រូបង្រៀន​

លោក​ហង់ ជួន ណា​រ៉ុ​ន​៖ ក្រសួង​អប់រំ កំពុង​យកចិត្តទុកដាក់​គុណភាព​បង្រៀន និង​ជីវភាព​គ្រូបង្រៀន​

លោក​ហង់ ជួន ណា​រ៉ុ​ន​៖ ក្រសួង​អប់រំ កំពុង​យកចិត្តទុកដាក់​គុណភាព​បង្រៀន និង​ជីវភាព​គ្រូបង្រៀន​