រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មក​បំភ្លឺ​ជូន​គណៈកម្មការ​ជំនាញ​រដ្ឋសភា អំពី​តំបន់ឆ្នេរ​សាធារណៈ និង​សហគមន៍​ទេសចរណ៍​

ភ្នំពេញ: ​រាជរដ្ឋាភិបាល​កម្ពុជា សម្រេចយក​ដី​ឆ្នេរ​សាធារណៈ នៅតាម​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ មក​គ្រប់គ្រង​វិញ ហើយ​រដ្ឋ​នឹង​រៀបចំ​ឲ្យ​មាន សោ​ភ័​ណ្ឌ​ភាព​ដើម្បី ទុក​ឲ្យ​ពលរដ្ឋ​ដើរ​លំហែ​កម្សាន្ត នេះ​ជាការ​លើកឡើង​របស់ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក្នុងឱកាស​ដឹកនាំ​សហការី​មក​បំភ្លឺ អំពី​តំបន់ឆ្នេរ​សាធារណៈ និង​សហគមន៍​ទេសចរណ៍ ជូន​គណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា ដឹកនាំ​ដោយ ឯកឧត្តម ហែម ខន ប្រធានស្តីទី នា​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​វិមាន​រដ្ឋសភា ។​

​លោក​រដ្ឋមន្ត្រី មានប្រសាសន៍​ទៀតថា ឆ្នេរសមុទ្រ​កម្ពុជា មាន​ប្រវែង​៤៤០​គីឡូម៉ែត្រ គ្របដណ្តប់​លើ​ខេត្ត​៤ គឺ​ខេត្តកោះកុង ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្ត​កែប ដែលមាន​ភាព​ទាក់ទាញ​ពី​ធម្មជាតិ មាន​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត ទឹកសមុទ្រ​ថ្លា​ពណ៌​ខៀវ មាន​ជីវៈចម្រុះ ភ្នំ កោះ ពពួកសត្វ​សមុទ្រ រុក្ខជាតិ​សមុទ្រ ព្រៃកោងកាង ជាង​៥០.០០០​ហិច​តា តំបន់​រាម​សារ និង​មាន​ធនធាន​កម្រ​ផ្សេងៗ​ទៀត​។ កត្តា​ទាំងអស់ នេះ​បានធ្វើ​ឲ្យ​ឆ្នេរសមុទ្រ​កម្ពុជា ជាប់​ជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ ដែល​ស្អាត​ជាងគេ​បំផុត​លើ​ពិភពលោក កាលពី​មហាសន្និបាត​លើក​ទី​៧ របស់​ក្លិប នា​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១១ នាទី​ក្រុង​តូ​បា​គូ​តា ប្រទេស​សេ​ណេ​ហ្គា​ល់ ។​

​លោក ថោង ខុន បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ទេសចរណ៍​កម្ពុជា​គឺ ទេសចរ​វប្បធម៌ និង​ធម្មជាតិ ដែល​ត្រូវបាន​អភិវឌ្ឍ ដោយ​ឈរ លើ​គោលការណ៍​និរន្តរភាព និង​ការទទួលខុសត្រូវ​។ វិស័យ​ទេសចរណ៍​ជា​មាស​បៃតង ដែល​បាន​ចូលរួមចំណែក​ដល់​ការកសាង សេដ្ឋកិច្ចកម្ពុជា ទៅតាម​ផែនការ​កំណែទម្រង់​វិស័យ​ទេសចរណ៍​កម្ពុជា (២០១៥-២០១៨) ដែល​កំណត់​យក​ឆ្នេរសមុទ្រ​ជាតា​រា​រះ​នា​ទិស​នីរ​តី ក្នុង​លំដាប់​លេខ​២ បន្ទាប់ពី​អង្គរវត្ត ដោយ​ឈរលើ​គោលការណ៍​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ​។​

​ទាក់ទិន​នឹង​សហគមន៍​ទេសចរណ៍ លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន កម្ពុ​ជាមាន​សហគមន៍ ទេសចរណ៍​ចំនួន​៥៦ ក្នុង​ខេត្ត​ចំនួន​១៦ ដែល​បាន​នឹង កំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ ជាមួយ​ក្រសួងទេសចរណ៍ ដោយ​ចែកចេញជា សហគមន៍​ទេសចរណ៍ បែប​អេកូ​ទេសចរណ៍ មាន​ចំនួន​២៦​កន្លែង បែប​វប្បធម៌​ចំនួន​២​កន្លែង បែប​ធម្មជាតិ​២៤​កន្លែង បែប​វប្បធម៌​និង​ធម្មជាតិ​ចំនួន​២​កន្លែង បែប​វប្បធម៌ និង​ប្រវត្តិសាស្ត្រ មាន​១​កន្លែង និង​មាន​សហគមន៍​ទេសចរណ៍​បែប​កែច្នៃ មាន​១​កន្លែង​ផងដែរ​។​

​សហគមន៍​ទេសចរណ៍​ទាំងនោះ បាន​ចូលរួមចំណែក ក្នុង​ការជួយ​កាត់បន្ថយ​ភាពក្រីក្រ និង​លើកស្ទួយ​ជីវភាព​រស់ នៅ​របស់​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍ មូលដ្ឋាន​តាមរយៈ​ការអភិវឌ្ឍ​ទេសចរណ៍ ប្រកបដោយ​និរន្តរភាព​។ ទន្ទឹមនឹង​នោះដែរ​ឯក​ឧ​ត្ត​ម ថោង ខុន ក៏បាន បាន​បញ្ជាក់ដែរថា សហគមន៍​ទេសចរណ៍​យើង ក៏​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ ដូចជា​គ្មាន​យុទ្ធសាស្ត្រ​ទីផ្សារ​រួម គ្មាន​ទំនាក់ទំនង ជាមួយ​ផ្នែក​ឯកជន គុណភាព​សេវាកម្ម​នៅមានកម្រិត ជាពិសេស​សហគមន៍​ត្រូវការ​ច្បាប់​ទេសចរណ៍ ដែល​ក្រសួង​នឹង​បញ្ជូន​មកសុំ ការអនុម័ត ពី​រដ្ឋសភា​នាពេល​ខាងមុខនេះ​។​

​លោក ហែម ខន ប្រធានស្តីទី គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា បន្ទាប់ពី​បាន​ស្ដាប់​ការបកស្រាយ​របស់ ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​និង​សហការី និង​សាកសួរ​នូវ​ចម្ងល់​មួយចំនួន​រួចមក ក៏បាន សម្តែង ការកោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងទេសចរណ៍ ដែល​ខិតខំ​ប្រឹងប្រែង​បំពេញការងារ បម្រើ​ផលប្រយោជន៍ ជូន​ប្រជាពលរដ្ឋ ពិសេស​ការ​រិះរក​វិធីសាស្ត្រ​ផ្សេងៗ ដើម្បី​អភិវឌ្ឍ​តំបន់​ទេសចរណ៍ សម្រាប់​រួមចំណែក​ជួយ​កាត់បន្ថយ ភាពក្រីក្រ​ជូន ប្រជាពលរដ្ឋ​៕​

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មក​បំភ្លឺ​ជូន​គណៈកម្មការ​ជំនាញ​រដ្ឋសភា អំពី​តំបន់ឆ្នេរ​សាធារណៈ និង​សហគមន៍​ទេសចរណ៍​