លោក​ជា​ចំរើន សម្រេច​លាឈប់ ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​

ភ្នំពេញ: លោក ជា ចំរើន អតីត​សមាជិក​រដ្ឋសភា និង​ជា​សមាជិក​គណៈកម្មការ​កណ្តាល​គណបក្ស​​ប្រជាជន​កម្ពុជា បាន​សរសេរ​សំបុត្រ ជូន​សម្តេច​ហ៊ុនសែន ប្រធាន​គណបក្ស​​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដើម្បី​ស្នើសុំ​លាឈប់​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ក្នុង​លិខិត លោក​ជា​ចំរើន មិនបាន​លើកឡើង​ពី​មូលហេតុ​នៃ​ការស្នើសុំ​លាឈប់​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ​។ ប៉ុន្តែ​លោក​ជា​ចំរើន បាន​ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុនសែន ថា "​ខ្ញុំបាទ បាន​ចូល​បំរើ​ជា​សមាជិក​សកម្ម​គណបក្ស​ប្រជាជន​កម្ពុជា តាំងពី​ឆ្នាំ​១៩៩៣ រហូតមកដល់​បច្ចុប្បន្ន​នេះ ហើយ​ឥឡូវនេះ ខ្ញុំបាទ​សុំ​លាឈប់​បំរើ​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចាប់ពីពេលនេះ​តទៅ​។ អាស្រ័យហេតុនេះ សូម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ មេត្តា​ពិនិត្យ និង​អនុញ្ញាត​ឲ្យ​ខ្ញុំបាទ បាន​លាឈប់​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​សេចក្តី​អនុគ្រោះ​បំផុត​"​។​

​យ៉ាងណាក៏ដោយ ក្នុង​បទសម្ភាសន៍​ផ្សាយ​ក្នុង​វិទ្យុ VOA កាលពី​យប់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក​ជា​ចំរើន បាន​លើកឡើងថា លោក​មាន​បញ្ហា​ក្នុង​ជំនួញ​រកស៊ី ហើយ​លោក​ក៏​ចង់​មានឱកាស​ជួយសង្គ្រោះ​ឲ្យ​បាន​ច្រើនជាង​នេះ​។ លោក​ជា​ចំរើន ដែល​បាន​បើក​សាលារៀន ចំរើន​ពហុ​បច្ចេកវិទ្យា ក៏មាន​បំណង​បង្កើត​គណបក្ស​មួយ​ផងដែរ នាពេលខាងមុខ​៕​