រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោកស្រី Tracy A. Farrell ពិភាក្សា​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​

ភ្នំពេញ: លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានអនុញ្ញាត​ឱ្យ​លោកស្រី Tracy A. Farrell នាយក​កម្ម វិធី​មហា​តំបន់​មេគង្គ នៃ​អង្គការ​អភិរក្ស​អន្តរជាតិ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​អភិរក្ស​ជីវៈចម្រុះ និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជា សហគមន៍ ដែល​រស់នៅក្នុង​តំបន់ការពារធម្មជាតិ កាលពី​រសៀល​ថ្ងៃទី​១៩ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៥ នៅ​ក្រសួងបរិស្ថាន ។​

​លោក​រដ្ឋមន្ត្រី​មានប្រសាសន៍​ជម្រាបជូន​លោកស្រី Tracy A. Farrell អំពី​អាទិភាព​ការងារ​របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងបរិស្ថាន ក្នុងការ​អភិរក្ស​ជីវៈចម្រុះ និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជា សហគមន៍ ដែល​រស់នៅក្នុង​តំបន់ការពារធម្មជាតិ​។ ជាពិសេស​ការសម្រេចចិត្ត នាពេល​ថ្មីៗ​នេះ របស់ រាជរដ្ឋាភិបាល ក្នុង​ការរៀប ចំការ​កែសម្រួល​រចនា​សម្ព័ន្ធ​ស្ថាប័ន និង​លិខិតបទដ្ឋាន​គតិយុត្តិ​ឡើងវិញ​សម្រាប់ ការគ្រប់គ្រង វិស័យ​ព្រៃឈើ និង​ជលផល ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​ក្នុងជំនួប​នេះដែរ​លោក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​សំណើសុំ​កិច្ចសហប្រតិបត្តិការ​ពី​សំណាក់ អង្គការ​អភិរក្ស អន្តរជាតិ ក្នុងការ​រៀបចំ​គម្រោង​អនុវត្តន៍​សកម្មភាព​ល្បាត​ពង្រឹង​ការអនុវត្ត​ច្បាប់​អភិរក្ស​ជីវៈចម្រុះ និង​សកម្មភាព​កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​មូលដ្ឋាន ដែល​ស្ថិតនៅក្នុង​តំបន់ការពារធម្មជាតិ​នៃ ព្រះរាជាណាចក្រ​កម្ពុជា​៕​

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោកស្រី Tracy A. Farrell ពិភាក្សា​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​