តុលាការ កោះហៅ​លោក​សមរង្ស៊ី ឲ្យ​ចូល​បំភ្លឺ​សំណុំរឿង​ថ្មី​មួយទៀត នៅ​ថ្ងៃទី​៤​ធ្នូ ពាក់ព័ន្ធ​នឹង​រឿង​ហ្វេ​ស​ប៊ុ​ក​ជាមួយ​លោក​ហុង​សុខ​ហួរ​

ភ្នំពេញ: ​ចៅក្រម​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូលខ្លួន​ឆ្លើយបំភ្លឺ នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង ៨ និង ៣០ នាទី ព្រឹក ដើម្បី​សាកសួរ​ពីបទ​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​ថ្ងៃទី​១២ និង​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៥ អំពើ​ដែលមាន​បញ្ញត្តិ និង​ផ្តន្ទាទោស តាម​មាត្រា​២៩ មាត្រា​៦២៩ មាត្រា​៦៣០ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។

​ដីកា​កោះហៅ​លោក​សមរង្ស៊ី​នោះ ចុះ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ចុះហត្ថលេខា​ដោយ​លោក កោ វ​ណ្ណី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ចៅក្រម បាន​បង្គាប់​ឲ្យ​លោក សម រង្ស៊ី ចូលខ្លួន​ឆ្លើយបំភ្លឺ​តាម​ការកំណត់ បើសិនជា​ក្នុងករណី​លោក​សម រង្ស៊ី មិន​ចូលខ្លួន តុលាការ​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ទៅតាម​ច្បាប់​។​

​ការចេញ​ដីកា​បង្គាប់​ឲ្យ​លោក​សមរង្ស៊ី ចូលខ្លួន​នេះ គឺពាក់ព័ន្ធ​នឹង​លោក​ហុង​សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ដែល​បានការ​បង្ហោះ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា វៀតណាម ឆ្នាំ​១៩៧៩ ក្លែងក្លាយ និង​វីដេអូ​ឃ្លី​ប នៅលើ Page  Facebook របស់លោក សម រង្ស៊ី​។

​ការ​បង្ហោះ​ឯកសារ​នោះ នាំ​ឲ្យ​សមត្ថកិច្ច ចាប់ខ្លួន​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៥៕​