​បំពាក់​ស័ក្តិ​និង​ផ្ទេរភារកិច្ច​តែង​តាំង​នគរ​បាល​ខេត្តក្រចេះ ​

ខេត្តក្រចេះ ៖ ​លោក​ឧត្តមសេនីយ៍​ លន់ សុ​ផាត ស្នងការ​នគរបាល​ខេត្ត បាន​ជំរុញ​​ឲ្យ​កងកម្លាំង​នគរបាលដែល​ទើបតែ​ទទួល​បានការ​តែងតាំង​មុខ​តំណែង​ថ្មី ត្រូវ​ខិត​ខំ​បន្ត​អនុវត្ត​កិច្ចការងារ​ការពារសន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ជាង​មុន ពិសេស​សកម្មភាព​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​អំពើ​ចោរកម្ម​លើ​​មុខសញ្ញា​ដែល​នៅសេសសល់ ត្រូវ​មាន​សកម្មភាព​ធ្វើ​ឡើង​ឲ្យដូច​ភ្លៀងរលឹម​ ។

ប្រសាសន៍​​ជំរុញ​​បែប​នេះ​របស់​លោក​ឧត្តមសេនីយ៍​​​ស្នង​ការ​ខេត្ត បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ វិច្ឆិកា នៅ​សាល​ប្រជុំ​នៃ​ស្នងការដ្ឋាន​ ក្នុង​ពិធីបំពាក់ឋានន្តរ​ស័​ក្តិ ​និង​តែង​តាំង​​មុខ​តំណែង​ដល់​នាយ​នគរ​​បាល នាយ​រង​នគរបាល ​ចំណុះ​ឲ្យ​ស្នងការដ្ឋា​ន​នគរបាល​ខេត្ត​ ។

​លោក​វរសេនីយ៍ទោ ប៉ក់ ហាត់ នាយ​កា​រិ​យាល័យ​បុគ្គលិក បាន​ឲ្យ​ដឹង​ថា មាន​នាយ​-​នាយ​រង​នគរបាល​ចំនួន​១០​រូប​ ទទួល​បានការ​បំពាក់ឋានន្តរ​ស័ក្តិ​ពី​ថ្នាក់​ព្រឹន្ទ​បាល​ទោ ដល់​វរសេនីយ៍ទោ​ ​និង​ផ្ទេ​រភារកិច្ច​ង​តែង​​តាំង​មុខ​តំណែង​​ចាប់​ពី​ថ្នាក់​នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល នាយ​រង​ផ្នែក នាយ​ផ្នែក អធិការរង និង​នាយការិយាល័យ​ចំនួន២៨​រូប​ ។

លោក​ឧត្តមសេនីយ៍​ស្នងការ​ខេត្ត​ បាន​សង្កត់ធ្ងន់​ថា កងកម្លាំង​នគរបាល​ ​មាន​​កាត​ព្វ​កិច្ច តួនាទី​បម្រើ​​ជាតិ ពិសេស​កិច្ច​ការងារ ការពារ​សុខ​សុវត្ថិភាព​ជូន​ដល់​ពលរដ្ឋ​ឲ្យ​ទទួល​បានសុខ​សុវត្ថិភាព ។ អនុវត្ត​ទៅ​តាម​បញ្ជា​របស់​គណៈ​បញ្ជាការ​ឯកភាព ស្រុក​-​ខេត្ត ដើម្បី​បន្តរឹត​បន្តឹង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាលឲ្យ​កាន់តែមាន​ប្រ​សិ​ទ្ឋ​ភាព ​៕