លោក ឈឹម ផល​វរុណ រិះគន់​លោក អ៊ូ វីរៈ ដែល​ស្នើសុំ​ឲ្យ​លោក ហ៊ុន សែន ចូលនិវត្តន៍​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផល​វរុណ បានចាត់ទុក​សំណើ​របស់លោក អ៊ូ វីរៈ ដែល​ស្នើ​ឲ្យ​លោក ហ៊ុន សែន ចូលនិវត្តន៍​ថា ជា​សំណើ​បែប​ភ្លីភ្លើ​។

​លោក ឈឹម ផល​វរុណ បាន​ចំអក​ឲ្យ​លោក អ៊ូ វីរៈ​ថា ជា​អ្នកវិភាគ​ដែល​ចេះតែ​ស្នើសុំ​តាម​ទំនើងចិត្ត​របស់ខ្លួន​។ លោក​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​អាច​បន្តធ្វើ​នយោបាយ​ទៀត ពី​ព្រោះតែ​ការធ្វើ​នយោបាយ​នេះ គឺជា​សិទ្ធិ​របស់​មនុស្ស​ម្នាក់ ដែល​អាចធ្វើ​រហូតដល់​ខ្លួន​ចាស់​បាន ដែល​គ្មាន​ច្បាប់​ហាមប្រាម​នោះឡើយ​។ « ខ្ញុំ​យល់ថា នេះ​ជាការ​ស្នើសុំ​បែប​ភ្លីភ្លើ​ឆ្កួត​លីលា »​។ នេះ​ជា​បញ្ជាក់​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ខាងលើ​។

​អ្នកនាំពាក្យ​រូបនេះ ក៏​ស្នើ​ឲ្យ​លោក អ៊ូ វីរៈ ដាក់ពាក្យ​ស្នើសុំ​ឲ្យ​មេដឹកនាំ​របស់​អាមេរិក ជាពិសេស​អ្នកនយោបាយ​នៅក្នុង​គណបក្ស​ប្រជាធិបតេយ្យ ចូលនិវត្តន៍​ផង​។ លោក ឈឹម ផល​វរុណ បញ្ជាក់​យ៉ាងនេះ​ថា​៖« សូម​ឲ្យ​លោក​ដែលជា​ពលរដ្ឋ​អាមេរិក​នោះ ស្នើ​ឲ្យ​អ្នកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដែលមាន​អាយុ​ជាង ៧០ ឆ្នាំ​ទៅហើយនោះ ចូលនិវត្តន៍​ផង​»​។​

​សូមបញ្ជាក់ថា ស្រប​ពេលដែល​ខ្លួន​កំពុងតែ​បំពេញការងារ​នៅក្នុង​ប្រទេស​ប៊ូ​តាន់ លោក អ៊ូ វីរៈ បានស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ចូលនិវត្តន៍ ហើយ​ទុក​ឱកាស​ឲ្យ​អ្នក​ន​យោន​បាយ​វ័យក្មេង​ពិភាក្សាគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រទេស​កម្ពុជា​។ លោក​អ៊ូ វីរៈ អះអាង​បែបនេះ ធ្វើឡើង​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅថ្ងៃនេះ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​