ចាប់​ខ្លួន​សកម្ម​ជន​បក្ស​ប្រឆាំង​២នាក់ រឿង​ក្លែង​​សំបុត្រ​​កំណើត

អាជ្ញាធរ​ខេត្ត​ស្វាយរៀង បានឃាត់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប កាលពី​នៅ​រសៀល ​ថ្ងៃ​ទី​១៩ ខែ​​វិច្ឆិកា ពាក់​ព័ន្ធ​​នឹង​​ការ​​បង្ហោះ​​សំបុត្រ​បញ្ជាក់​កំណើត ដែលបើតាមអាជ្ញាធរ ជាសំបុត្រក្លែងក្លាយ តាម​បណ្ដាញ​សង្គម។ ការ​ឃាត់​ខ្លួន​នេះ បានធ្វើឡើង បន្ទាប់ពីអគ្គនាយកដ្ឋាន អត្តសញ្ញណកម្ម នៃក្រសួង​មហាផ្ទៃ បាន​ប្រកាស​ថា សំបុត្រ​កំណើត​នោះ មាន​ជន​ក្លែង​ត្រង់​ចំណុច​«ប្រទេសវៀតណាម» របស់សាមីកំណើត។
ចាប់​ខ្លួន​សកម្ម​ជន​បក្ស​ប្រឆាំង​២នាក់ រឿង​ក្លែង​​សំបុត្រ​​កំណើត
លោក សុខ សំអ៊ាន (ខាងឆ្វេង) និងលោក នង សារិទ្ធ សកម្មជនរបស់គណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរ ខេត្តស្វាយរៀង ឃាត់ខ្លួន ទាក់ទងនឹងការក្លែង សំបុត្របញ្ជាក់កំណើត។ (រូបថតហ្វេសប៊ុក)

សកម្មជនទាំងពីរនាក់ របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានអាជ្ញាធរខេត្តស្វាយរៀង ឃាត់ខ្លួននោះ មាន​ឈ្មោះ សុខ សំអ៊ាន និង នង សារិទ្ធ។ ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​បាវិត លោក សែន កុសល បាននិយាយប្រាប់វិទ្យុអាស៊ីសេរីថា អ្នកទាំងពីរត្រូវបានឃុំខ្លួន នៅក្នុងពេលនេះ នៅក្នុងប៉ុស្ដ៍នគរបាល​សង្កាត់​បាវិត ក្រោមការចោទប្រកាន់ ពីសំណាក់អាជ្ញាធរ ថាបានជាប់ពាក់ព័ន្ធ នឹងករណី​បង្ហោះ​សំបុត្រ​បញ្ជាក់​កំណើត នៅក្នុងបណ្ដាញសង្គម។ សំបុត្របញ្ជាក់កំណើត ដែល​អាជ្ញាធរ​ចាត់​ទុក​ថា​ក្លែងបន្លំ ដោយ​ជនខិលខូល កែថា​ខេត្ត​​ស្វាយរៀង ដែលស្ថិត​ក្នុង​ប្រទេស​កម្ពុជា មកជាប្រទេសវៀតណាម ទៅវិញ។

ការ​ចាប់​ខ្លួន​បុរស​ទាំង​ពីរ​នាក់​នេះ ត្រូវបានធ្វើឡើង មួយថ្ងៃក្រោយ ការចេញសេចក្ដីប្រកាសព័ត៌មាន របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ នៃ​ក្រសួង​មហាផ្ទៃ ឲ្យតាម​ចាប់​ខ្លួន ​អ្នក​ក្លែង​សំបុត្រ​កំណើតនេះ ហើយ​យក​មក​បង្ហោះ ​លើបណ្ដាញ​សង្គម​ហ្វេសប៊ុក។ នៅក្នុងសេចក្ដី​ប្រកាស ចេញ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥នេះ អគ្គ​នាយកដ្ឋាន​អត្តសញ្ញាណកម្ម​ បាន​ចាត់​ទុក​ការ​កែ​ទិន្នន័យ ​ត្រង់​ទីកន្លែង​កំណើត​របស់​សាមី​ខ្លួន ដែល​​សរសេរ​ថា ប្រទេស​កម្ពុជា ប្ដូរ​ជា​ប្រទេស​វៀតណាម ថា​ជា​ករណី​ឆ្លៀត​ឱកាស​ ក្នុង​គោល​បំណង​បំពុល​​បរិយាកាស និង​បង្កចល្លាចល។

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ មិនត្រឹមបានបកស្រាយ តែករណីនៅខេត្តស្វាយរៀង ដែលបានប្ដូរទៅ​ស្ថិត​ក្នុងប្រទេសវៀតណាម តែមួយករណីនោះទេ តែសេចក្តីប្រកាសព័ត៌មាន ក៏បានពន្យល់ ពីសំបុត្របញ្ជាក់​កំណើត​មួយទៀត ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា នៅក្នុង «ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ (ស្ថិតក្នុង) ប្រទេសវៀតណាម» នោះដែរ។ អគ្គនាយកដ្ឋានអត្តសញ្ញណកម្ម បានសរសេរបន្តថា ក្រោយពីមាន​ការត្រួត​ពិនិត្យ លើសៀវភៅអត្រានុកូលដ្ឋាន ឃើញថា ប្រទេសកំណើតនៃសាមីខ្លួន សរសេរថា ប្រទេសកម្ពុជា មិន​មែន​ប្រទេសវៀតណាមទេ។

សេចក្តីប្រកាសព័ត៌សរសេរថា «អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់​ឲ្យ​មានការត្រួត ពិនិត្យជាបន្ទាន់ ទៅលើសៀវភៅអត្រានុកូលដ្ឋានភ្លោះច្បាប់ដើម ដែលតម្កល់ទុក នៅសាលា​ស្រុក​គិរីវង់ ខេត្តតាកែវ ឃើញថា​ទិន្នន័យត្រង់ទីកន្លែងកំណើត របស់សាម៉ីខ្លួន បានសរសេរថា ឃុំភ្នំដិន ស្រុក​គិរីវង់ ខេត្តតាកែវ (ប្រទេស​កម្ពុជា)។»

តែផ្ទុយនឹងការលើកឡើង របស់អគ្គនាយកដ្ឋានអត្តសញ្ញណកម្ម នៃក្រសួងមហាផ្ទៃ ខាងលើនេះ សារព័ត៌មាន​ក្នុងស្រុកមួយ បានធ្វើកិច្ចសម្ភាសជាមួយមេឃុំភ្នំដិន លោក ទាន សារេត និងបានអះអាងថា លោកមេឃុំ បាន​ទទួល​​ស្គាល់ថា ពិតជាមាន​ការសរសេរ «ខេត្តតាកែវ ប្រទេសវៀតណាម» នោះដូច្នេះមែន តែបានបញ្ជាក់ថា ជា​«កំហុសអចេតនា»។ លោក ទាន សារេត មេឃុំភ្នំដិន បានបញ្ជាក់ដូច្នេះថា «ប្រជាជនខ្ញុំនៅភ្នំដិនហ្នឹង និយាយ​រួមទៅ អ្នកដែលមានកំណើត នៅស្រុកក្រោមនោះច្រើន ម្លោះហើយចេញច្រលំ។ វាជាកំហុស​អចេតនា​ទេ... ដោយ​សារតែឪពុកម្តាយគាត់ មានកំណើតកម្ពុជាក្រោម ដល់ពេលអញ្ចឹង សរសេរវាច្រលំជាមួយកូន វាជា​កំហុស​​អចេតនា​ទេ។»៕