លោក​ហូ​ឡង់ បញ្ជា​ឱ្យ​បង្កើន​ការ​វាយប្រហារ​ប្រឆាំង​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី និង​អ៊ីរ៉ា​ក់

ក្នុង​សេចក្តី​ប្រកាស​មួយ​វិមាន​ប្រធានាធិបតី​បារាំង អេ​លី​ហ្សេ និយាយ​ថា ប្រធានាធិបតី​លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បន្ទាប់​ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ការពារ​បាន​ចេញ​ការ​ណែនាំ​ចាំបាច់​នានា​ឱ្យ​បង្កើន​ប្រតិបត្តិការ​យោធា​ដែល​កំពុង​ធ្វើ​ដើម្បី​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី​ក៏​ដូច​ជា​នៅ​អ៊ី​រ៉ា​ក់ ។

ក្រុមប្រឹក្សា​ការពារ​ដែល​រួម​ប្រជុំ​នា​ថ្ងៃ​ទី​១៩ វិច្ឆិកា វេលា​ម៉ោង​១៧ ក៏​លើក​ឡើង​ផង​ដែរ​ពី​ប្រតិបត្តិការ​នានា ដើម្បី​តាម​ចាប់ខ្លួន​បណ្តា​អ្នក​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​ថ្ងៃ​ទី​១៣ វិច្ឆិកា នៅ​ក្រុងប៉ារីស និង​ពួក​អ្នក​រួមគំនិត ។

ម្យ៉ាងវិញទៀត ក្រុមប្រឹក្សា​នេះ​បាន​ពិនិត្យ​រាល់​វិធានការ​សំដៅ​ពង្រឹង​កិច្ច​ការពារ​ពលរដ្ឋ​បារាំង​លើ​ដែនដី​បារាំង ។ ក្រុមប្រឹក្សា​ក៏​លើក​ឡើង​ដែរ​ពី​ដំណោះស្រាយ​ការទូត​នៃ​សភាពការណ៍​នៅ​ស៊ី​រី ពិសេស​នា​ឱកាស​នៃ​ទស្សនកិច្ច​របស់​លោក​ហូ​ឡង់ នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន​នា​ថ្ងៃ​ទី​២៤ វិច្ឆិកា និង​នៅ​ក្រុង​មូ​ស្គូ​នា​ថ្ងៃ​ទី​២៦ វិច្ឆិកា ព្រមទាំង​សំណើ​នៃ​ដំណោះស្រាយ​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ។

ជិត​មួ​យស​ប្តា​ហ៍​បន្ទាប់​ពី​ការ​វាយប្រហារ​ភេរវកម្ម សភា​បារាំង​ក៏​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ពន្យារពេល​ការ​ប្រកាស​អាសន្ន​រយៈពេល​៣​ខែ​ទៀត​ព្រោះ​ការ​ពង្រឹង​ការ​ប្រកាស​អាសន្ន​នេះ​គឺ​ចាំបាច់​សម្រាប់​ប្រឈម​មុខ​នឹង​ភេរវកម្ម ។

ABAAOUD អ្នក​រៀបចំ​វាយប្រហារ​ក្រុងប៉ារីស​ស្លាប់​ហើយ ភេរវ​ករ ABDELHAMID ABAAOUD ដែល​សាកសព​របស់​គេ​ត្រូវ​គ្រាប់កាំភ្លើង​សុស​ត្រូវ​បាន​ពួក​អ្នកស៊ើប​អង្កេត​កំណត់​ដឹង​អត្តសញ្ញាណ​ហើយ​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ក្រោយ​ការ​វាយលុក​របស់​ប៉ូលិស​ប្រឆាំង​ផ្ទះល្វែង​មួយ​នៅ​ជាយក្រុង​ខាងជើង​ក្រុងប៉ារីស​មក ។ ជន​នេះ​ជា​អ្នក​រៀបចំ​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១៣ វិច្ឆិកា នៅ​ក្រុងប៉ារីស ។

នាយក​រដ្ឋមន្ត្រី លោក MANUEL VALLS បាន​អបអរសាទរ​ចំពោះ​ការ​កម្ទេច​មេគំនិត​ម្នាក់​នៃ​ការ​វាយប្រហារ ហើយ​លោក​លើក​ឡើង​ពី​លទ្ធភាព​នៃ​អ្នក​រៀបចំ​វាយប្រហារ​ផ្សេង​ៗ​ទៀត​ក្រៅពី​ជន​នេះ ។

ប៉ូលិស​បារាំង​កំពុង​បន្ត​តាម​ប្រមាញ់​ជន​ឈ្មោះ SALAH ABDESLAM សង្ស័យ​ជា​អ្នក​បាញ់ប្រហារ​លើ​បណ្តា​ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​នានា​ជាមួយ​បងប្រុស​គេ BRAHIM ដែល​ធ្វើ​ឱ្យ​គ្រាប់បែក​ដាក់​ជាប់​ខ្លួន​គេ​ផ្ទុះ ។

កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា បន្ទាប់​ពី​ការ​បាញ់​តតាំង​គ្នា​យ៉ាង​ខ្លាំងក្លា​នៅ​ក្រុង SAINT-DENIS ពេល​ប៉ូលិស​លុក​ចូល​ឆែកឆេរ​ផ្ទះល្វែង​មួយ​ក្រៅពី​ខ្មោច​របស់ ABAAOUD ដែល​ទើប​កំណត់​ដឹង​អត្តសញ្ញាណ​សាកសព​មនុស្ស​ម្នាក់​ទៀត ក៏​រក​ឃើញ​គឺ​សាកសព​របស់ HASNA AIT BOULAHEEN អាយុ​២៦​ឆ្នាំ ជា​ប្អូនស្រី​ជីដូនមួយ​របស់ ABAAOUD ។ នារី​នេះ​បាន​ធ្វើ​ឱ្យ​គ្រឿងផ្ទុះ​ដាក់​ជាប់​ខ្លួន​ផ្ទុះ​ពេល​ប៉ូលិស​លើកគ្នា​ទៅ​ដល់ ។

មនុស្ស​៩​នាក់​ចាប់ខ្លួន​ក្នុង​ក្រុង​ព្រុ​ច​សែ​ល បែ​ល​ហ្ស៊ិ​ក​បដិសេធ​ការ​រិះគន់​នានា ​មនុស្ស​៩​នាក់​បាន​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា នៅ​ក្រុង​ព្រុ​ច​សែ​ល​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ស្រាវជ្រាវ​លើ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស ពេល​ដែល​នាយក​រដ្ឋមន្ត្រី​បែ​ល​ហ្ស៊ិ​ក​លោក CHARLES MICHEL បដិសេធ​ការ​រិះគន់​នានា​ប្រឆាំង​ភ្នាក់ងារ​សន្តិសុខ​ប្រទេស​លោក ។

៦​ថ្ងៃក្រោយ​ការ​វាយប្រហារ​សម្លាប់​មនុស្ស​រង្គាល​នៅ​ក្រុងប៉ារីស ហើយ​មានការ​រិះគន់​លើ​បែ​ល​ហ្ស៊ិ​ក​ដែល​បណ្តោយ​ឱ្យ​សាខា​ជី​ហា​ដ​មួយ​រៀបចំ​គម្រោងការ​វាយប្រហារ​ថ្ងៃ​ទី​១៣ វិច្ឆិកា ចេញពី​ក្រុង​ព្រុ​ច​សែ​ល ប៉ូលិស​បែ​ល​ហ្ស៊ិ​កបាន​ធ្វើការ​លុក​ឆែកឆេរ​ថ្មី​ៗ​ទៀត​នៅ​រដ្ឋធានី ៕