ថៃ​បញ្ជូន​សព​ពលករខ្មែរ​ម្នាក់​​​មក​ឲ្យ​សាច់ញាតិតាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ភាគី​ថៃ​បាន​​​បញ្ជូន​សព​ពលករ​ខ្មែរ​ម្នាក់​ដែល​សង្ស័យ​ស្លាប់​ដោយ​ប្រតិកម្ម​ថ្នាំ​នៅ​ខេត្ត​ឈុ​ន​បូ​រី ​ប្រទេស​ថៃ​ មក​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​កាលពី​វេលា​ម៉ោង​ជិត៨​​យប់​ថ្ងៃ​ទី​១៩​ ​ខែវិច្ឆិកា ​ឆ្នាំ២០១៥​ ​។

ជន​រង​គ្រោះ​ឈ្មោះ​ រ៉េ​ត ​រ៉​ង​ ភេទ​​ប្រុស ​អាយុ​៥៦​​ឆ្នាំ​ ជា​កម្មករ​សំណង់ ​និង​មាន​ទីលំនៅ​ភូមិ​ស្វាយ​ជាតិ​ ឃុំ​រង្សី ​ស្រុក​សង្កែ​ ខេត្តបាត់ដំបង ​។ ថ្វី​ត្បិត​តែ​ក្នុង​ឯកសារ​បញ្ជូន​សព ​សមត្ថកិច្ច​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ​បាន​​ប្រាប់​ថា​ ជន​រង​គ្រោះ​ស្លាប់​ដោយ​​​ជំងឺ​ខ្យល់គរ ​ប៉ុន្តែ​សាច់ញាតិ​ប្រាប់​ថា​ ករណី​ខាងលើ​សង្ស័យ​បណ្តាល​មក​ពី​ប្រតិកម្ម​ថ្នាំ​ច្រើន​ជាង​ ។

ក្រុម​សាច់ញាតិ​សព ​​​​ប្រាប់​ថា ​ជន​រង​គ្រោះ​មុន​ស្លាប់​បាន​ផឹក​ភេ​ស​ជ្ជៈ​ប្រភេទ​M150 ​និង​ថ្នាំ​យ៉ា​ថាំ​ចៃ​​ ក្រោយ​ត្រឡប់​ពី​ធ្វើការ​អស់កម្លាំង​ លុះ​មាន​អាកា​រៈ​មិន​ស្រួល​ ​ក៏​​ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ​​ហើយ​ក៏​បាន​​ស្លាប់​នៅ​វេលា​ម៉ោង៥​​រសៀល​ថ្ងៃ​ទី​១៨​ ​វិច្ឆិកា ។

សព​ត្រូវ​បាន​សាច់ញាតិ​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​កាន់​ស្រុក​កំណើត​ដើម្បី​​រៀប​ចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕