កូនភ្លោះ​២​ជិត​កើត​ហើយ ប្តី​-​ប្រពន្ធ​ថ្ងូរថា ក្រណាស់​ជួយផង!​

ខេត្តរតនគិរី ៖ ស្ត្រី​ដែល​មាន​ផ្ទៃពោះ​កូនភ្លោះ​២​នាក់ ដែល​រង់ចាំ​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នោះ ក្រោយ​ពី​សារព័ត៌មាន​កោះ​សន្តិ​ភាព បាន​ចុះ​ផ្សាយ​មួយ​លេខ​រួច​មក​ហើយ​នោះ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៥ ក្រុម​កាកបាទក្រហម និង​គណបក្ស​ក្រុង ដឹកនាំ​ដោយ​លោក​ជីវ័ន តារា អនុប្រធាន​គណបក្ស​ប្រជាជន​ក្រុង​បាន​លុង បាន​នាំ​អំណោយ​ទៅ​ចែក​ដល់​២​នាក់​ប្តី​ប្រពន្ធ​ទីទាល់​ក្រ​នេះ​ហើយ ។

ប្តី​ឈ្មោះ​ផ​ន សុ​ភី អាយុ​៤០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ជ្រេ​ង ស្រី​ច្រឹប អាយុ​៣៧​ឆ្នាំ មានមុខ​របរ​ជម្រះ​ស្មៅ​ដើម​កៅស៊ូ ក្នុង​ក្រុមហ៊ុន​ម៉ា​យ៉ាង​ខេ ស្ថិត​នៅ​ភូមិ​ភ្នំ​កុក ស្រុក​ភ្នំ​កុក ស្រុក​វ៉ើ​ន​សៃ ដែល​រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក​នោះ ពុំ​មាន​លទ្ធភាព​ចិញ្ចឹម​កូនភ្លោះ​២​នេះ​ទេ ។ អំណោយ​ពេល​នេះ រួម​មាន​អង្ករ​ពី​ស្បោង​ទង្ង​ន់​៦០​គីឡូក្រាម​, ភួយ​១, មុង​១, ត្រីខ​១​យូរ និង​ប្រាក់​ចំនួន​៦០​ម៉ឺន​រៀល​។

អំណោយ​ទាំងនេះ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​លោក ថង សា​វុន គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​កាក​បាទ​ក្រហម​ខេត្តរតនគិរី បាន​ជួយ​រំលែក​ដល់​ប្រជាពលរដ្ឋ ដែល​មានទុក្ខ​លំបាក ដើម្បី​ដោះ​ទាល់​ដែល​កំពុង​ជួប​នៅ​ចំពោះ​មុខ ទោះបី​អំណោយ​តិចតួច​ក្តី សម្រាប់​ដោះ​ទាល់​ពេល​មួយ​គ្រា​ៗ​ដែរ ។

សូម​បញ្ជាក់​ថា ២​នាក់​ប្តី​ប្រពន្ធ​នេះ កំពុង​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​រង់ចាំ​ឆ្លងទន្លេ ដែល​ពេទ្យ​ប្រាប់​ថា មានកូន​ភ្លោះ​២ ប្រុស​១ ស្រី​១​។ គាត់​និយាយ​ថា បើ​កូន​នេះ កើតមក​គ្មាន​លទ្ធភាព​ចិញ្ចឹម​ទេ ដូច្នេះ​បើ​សប្បុរសជន​ណា​ចង់​យក​ចិញ្ចឹម គាត់​យល់​ព្រមឱ្យ ពេល​នេះ​ជិត​ឆ្លងទន្លេ​ហើយ ។

ដោយសារ​ការ​ផ្សាយ​របស់​កោះសន្តិភាព​ថា ទើប​កាកបាទក្រហម​ខេត្ត នាំ​យក​អំណោយ​ទៅ​ជួយ​បាន​សម្រាលទុក្ខ​មួយ​គ្រា​ៗ ។