ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​គំរាម​កម្ទេច​សេត​វិមាន

យោង​តាម​វី​ដេ​អូ​ថ្មី​មួយ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ថា ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​គំរាម​ដាក់​គ្រាប់បែក​ឱ្យ​ផ្ទុះ​កម្ទេច​សេត​វិមាន ព្រមទាំង​ធ្វើការ​វាយប្រហារ​ឯទៀត​ៗ​នៅ​ក្រុងប៉ារីស ។

វី​ដេ​អូ​រយៈពេល​៦​នាទី​នេះ​មាន​ចំណងជើង​ថា ប៉ា​រី​ស​មុន​ក្រុង​រ៉ូ​ម​ថត​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​ខេត្ត​ឌី​យ៉ា​ឡា អ៊ីរ៉ា​ក់ ។ វី​ដេ​អូ​បង្ហាញ​យុទ្ធ​ជន​ម្នាក់​របស់​រដ្ឋ​អ៊ិ​ស្លា​ម​គំរាម​វាយប្រហារ​វិមាន​ទាំងឡាយ​របស់​បារាំង ហើយ​សន្យា​វាយប្រហារ​សេត​វិមាន ។ ក្នុង​វី​ដេ​អូ​យុទ្ធ​ជន​រូប​នេះ​និយាយ​ថា យើង​ចាប់ផ្តើម​ជាមួយ​អ្នកឯង ហើយ​យើង​នឹង​វាយប្រហារ​របស់​ហៅ​ថា សេត​វិមាន ។ យើង​នឹង​ធ្វើ​ឱ្យ​សេត​វិមាន​ផ្ទុះ​រលំ​ដូច​អ្វី​ដែល​យើង​ធ្លាប់​កម្ទេច​អគារ​ភ្លោះ​របស់​ប្រទេស​នេះ​ដែរ ។

យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ម្នាក់​ទៀត​ក្នុង​វី​ដេ​អូ​បាន​គំរាម​ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​ប្រធានាធិបតី​បារាំង លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ។ ជន​នេះ​និយាយ​ថា យើង​នឹង​ដុត​ពួក​អ្នក​ឱ្យ​ឆេះ​ជាមួយ​គ្រឿងផ្ទុះ​ដាក់​នៅ​ចង្កេះ​របស់​យើង និង​បណ្តា​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​របស់​យើង រួច​យើង​នឹង​តាម​ប្រមាញ់​ពួក​អ្នក​នៅ​គ្រប់កន្លែង​ដែល​ពួក​អ្នក​ទៅ ។

ការ​គំរាម​ចុង​ក្រោយ​នេះ ធ្វើ​ឡើង​១​ថ្ងៃ​បន្ទាប់​ពី​ក្រុម​ជី​ហា​ដ​នេះ​ចេញផ្សាយ​វី​ដេ​អូ​គំរាម​វាយប្រហារ​ក្រុង​ញូ​វ​យ៉​ក ។

នាយក​របស់ FBI លោក JAMES COMEY ថ្លែង​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ថា លោក​ពុំ​ដឹង​ពី​ការ​គំរាមកំហែង​គួរ​ឱ្យ​ជឿជាក់​ណាមួយ​ដូច​ការ​វាយប្រហារ​នៅ​ក្រុងប៉ារីស ក្នុង​សហរដ្ឋអាមេរិក​ឡើយ រួច​ក៏​ពុំ​ឃើញ​មាន​ទំនាក់ទំនង​រវាង​ពួក​អ្នក​វាយប្រហារ​នៅ​ក្រុងប៉ារីស និង​សហរដ្ឋ​អា​​មេ​រិ​ក​ដែរ ។ លោក​គូសបញ្ជាក់​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​តែង​ធ្វើការ​ឃោសនា​គ្រប់​ប្រភេទ​តាម​វី​ដេ​អូ ក៏​ដូច​ជា​តាម​ទស្សនាវដ្តី ក៏​ប៉ុន្តែ​ពុំ​មាន​ព័ត៌មាន​ស៊ើបការណ៍​គួរ​ឱ្យ​ជឿជាក់​ឡើយ ៕