ករណី​ឆក់​កាបូប​នៅ​ខណ្ឌដង្កោ​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ព្រឹកស្អែក

ភ្នំពេញ: មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ប្រាប់​អោយដឹងថា ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធករណី​ឆក់​កាបូប សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូងរាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។​

​សូមបញ្ជាក់ថា ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​សសហការ​ជា មួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ ធ្វើការ​ឃាត់ខ្លួន ករណី​ឆក់កាបូប​លុយ​ពី​ស្ត្រី​ម្នាក់ កាលពី​វេលា​ម៉ោង ៥ និង​៣០​នាទី ល្ងាច​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ធម្ម​ត្រ័យ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ៣​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ទី​១​ឈ្មោះ ផាតចំរើន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ថ្មគោលសង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ទី​២​ឈ្មោះ សុខ សុផាន ភេទ​ប្រុសអាយុ​១៨​ឆ្នាំ មុន​របរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅខណ្ឌ​ពោធិ​សែន​ជ័យ និង​ទី​៣​ឈ្មោះ ពេជ្រ កក្កដា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុនរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ចំណែក​ជនរងគ្រោះ​មានឈ្មោះ សែម សុផាន់​នី ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​នៅផ្ទះបច្ចុប្បន្ន​រស់នៅ​ផ្ទះ​លេខ​៦១ ភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។​

​សមត្ថកិច្ច​ប្រាប់​បន្ត​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ១៦ និង​៣០​នាទី ល្ងាច​ថ្ងៃទី​១៨ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ត្រី​រងគ្រោះ​ឈ្មោះ សែម សុផាន់​នី បាន​ជិះ​ម៉ូតូ ម៉ាក ស្តុ​ប​ពីពណ៍​ក្រហម សេរី​ឆ្នាំ ២០១៣ ចេញ​ផ្ទះ​នៅ​ភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោដើម្បី​ទៅយក​កូន​ចេញ សាលារៀន​អង់គ្លេស ដោយ​ធ្វើដំណើរ​តាមបណ្តោយ​ផ្លូវ​បេតុង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​ទុក​កាបូប​លុយ​នៅក្នុងប្រអប់​ក្បែរ​ក​ម៉ូតូ​ចំហៀង​ខាងឆ្វេង ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែលិចមុខ​ជនសង្ស័យ ៣​នាក់ ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក ស្មាស់ ពណ៍​ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 1K-6847 ជិះ​មក​អៀ​ប​ជនរងគ្រោះ ធ្វើ​សកម្មភាព​ឆក់​កាបូបបានសម្រេច ជិះ គេចខ្លួន​ទៅ​ទិស​ខាងជើង ។

​ដោយ​ឃើញ​សភាពការណ៍​បែ​បប​នេះ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយព្រមទាំង​ស្រែក​ឲ្យ​គេឯង​ជួយ ស្រប​ពេលដែល​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រៃ​សត្បា​ត​ឃើញ​បោះដៃ​តាម​វិ​ទ្យ​ទាក់ទង សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌខណ្ឌដង្កោ ជិះ​ម៉ូតូ​ចេញ​ជួយ​អន្តរាគមន៍​តាម​ចាប់​ក្របួច​ជាប់​ទាំង​៣​នាក់ព្រមទាំង​ដកហូត​បាន​វត្ថុតាង​កាបូប​លុយ​យកមក​វិញ​ផងដែរ​។​

​សមត្ថកិច្ច​ប្រាប់​បន្តទៀត​ឲ្យ​ដឹងថា នៅក្នុង​កាបូប​របស់​ជ​ន​រងគ្រោះ មានដូចជា លុយដុល្លា ចំនួន ១៣០០​ដុល្លា លុយ​ខ្មែរ ចំនួន ៣០០០០​រៀល លុយ​បាទ ចំនួន២០០០​បាទ និង​ទូរស័ព្ទដៃ ចំនួន ១ គ្រឿង ម៉ាក អាយ​ហ្វូ​ន ត្រូវបាន​ប្រគល់ជូនជនរងគ្រោះ​វិញ នា​យប់​ថ្ងៃ​ដដែល​។ ដោយឡែក​ជនសង្ស័យ​ទាំង​៣​នាក់ត្រូវបាន​សមត្ថកិច្ច​នាំ​មកកាន់​អធិការដ្ឋាន នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាងសំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ត​ទ្ទា​ទោស​តាមច្បាប់​៕​