លោក​សមរង្ស៊ី ប្រកាសថា មាន​ឯកសារ​ពី​ទូត​អាមេរិក បង្ហាញថា លោក​ហោ​ណាំហុង ជា​មេ​ជំរំ ( គុក ) បឹងត្របែក សម័យ​ខ្មែរក្រហម​

ភ្នំពេញ: នៅ​រសៀល​ថ្ងៃទី​២០​វិច្ឆិកា​នេះ លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្ថិតនៅ​ប្រទេស​ហ្វីលីពីន បានប្រកាស​តាម​ហ្វេ​ស​ប៊ុ​កថា លោក​ទើបតែ​ទទួល​បាន​ឯកសារ​សម្ងាត់​ពី​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា ដោយបាន​បង្ហាញថា ក្នុងសម័យ​ខ្មែរក្រហម លោក​ហោ​ណាំហុង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស គឺជា​អតីត​មេ​ជំរំ ( គុក ) បឹងត្របែក​។ ក្នុងនោះ លោក​សមរង្ស៊ី ក៏បាន​ប្រកាសថា លោក​មិន​ព្រម​សុំទោស​លោក​ហោ​ណាំហុង​នោះទេ​។​

​លោក​សមរង្ស៊ី បាន​លើកឡើងថា "​អ្នកកាសែត​មួយចំនួន បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​យល់ព្រម​សូមទោស​លោក ហោ ណាំហុង ឬទេ​ក្នុង​គោលបំណង​ឲ្យ​គេ​ឈប់​ចោទប្រកាន់​ខ្ញុំ ពីបទ​បរិហាកេរ្តិ៍​លោក ហោ ណាំហុង នេះ​។ ចម្លើយ​ខ្ញុំ ដែល​បាន​ចុះផ្សាយ​ក្នុង​កាសែត ខេ​ម​បូ​ឌា​ដេលី និង​ភ្នំពេញ​ប៉ុស្តិ៍ ថ្ងៃនេះ មាន​ដូចតទៅ​៖ “​លោក ហោ ណាំហុង​ទេ ដែល​ត្រូវ​សូមទោស​ដួង​វិញ្ញាណក្ខន្ធ និង​ក្រុមគ្រួសារ​ជនរងគ្រោះ ដែល​ត្រូវបាន​ពួក​ខ្មែរក្រហម​សម្លាប់ បន្ទាប់ពី​យកចេញ​ពី​គុក​បឹងត្របែក នៅ​ចុង​ទស្សវត្សរ៍​ឆ្នាំ ១៩៧០ ដោយសារតែ​លោក ហោ ណាំហុង​នេះ បាន​ចូល​ដៃ​ជាមួយ​ពួក​ខ្មែរក្រហម ហើយ​បាន​មួលបង្កាច់​ជនស្លូតត្រង់ ដើម្បី​យកចិត្ត​ពួក​ខ្មែរក្រហម ហើយ​រួចខ្លួន​ចំពោះ​រូបគាត់ (​ហោ ណាំហុង ហៅ​មិត្ត​យ៉ែម​) និង​ក្រុមគ្រួសារ​គាត់​”​។​

​លោក​សមរង្ស៊ី បាន​បន្តថា "​ម្យ៉ាងវិញទៀត មាន​ឯកសារ​ផ្ទៃក្នុង មកពី​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​ប្រទេស​កម្ពុជា ដែល​ទើបតែ​បាន​បញ្ចេញ​ជា​សាធារណៈ ហើយ​ដែលមាន​ខ្លឹមសារ​ដូចតទៅ​៖ “​ហោ ណាំហុង បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​ពួក​ខ្មែរក្រហម​ឡើងកាន់​អំណាច តែ​គាត់​បាន​រួច​ពី​ការស្លាប់ ពីព្រោះ​គាត់​ធ្លាប់បាន​រៀនសូត្រ ជាមួយ អៀង សារី​។ គាត់​បានក្លាយ​ទៅជា​មេ​ជំរំ (​គុក​) បឹងត្របែក ហើយ​គាត់​ព្រមទាំង​ភរិយា​គាត់ បាន​សហការ​ជាមួយ​ពួក​ខ្មែរក្រហម ក្នុងការ​សម្លាប់​មនុស្ស​ជាច្រើន ដែល​ជាប់​ឃុំឃាំង នៅ​ទីនោះ​”​។​

​ជុំវិញ​ការលើកឡើង​ខាងលើនេះ មិនទាន់មាន​ប្រតិកម្ម​តប​បែបណា​ពី​លោក​ហោ​ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​កម្ពុជា​នៅឡើយ​ទេ​។ ក៏ប៉ុន្តែ​កន្លងមក លោក​បាន​ច្រានចោល​នូវ​ការលើកឡើង​របស់លោក​សមរង្ស៊ី ហើយ​លោក​បាន​ប្តឹងទៅ​តុលាការ នៅ​ប្រទេស​កម្ពុជា និង​នៅ​តុលាការ​ប្រទេស​បារាំង​។ លោក​ហោ​ណាំហុង បាន​ឈ្នះក្តី​ក្នុង​សំណុំរឿង​ដែល​លោក​សមរង្ស៊ី លើកឡើងថា លោក ( លោក​ហោ​ណាំហុង ) ជា​អតីត​ប្រធាន​គុក​បឹងត្របែក ក្នុងសម័យ​ខ្មែរក្រហម​។​

​កាលពី​ថ្ងៃទី​១៣​វិច្ឆិកា ឆ្នាំ​២០១៥ ក្នុង​សំណុំ​រឿងក្តី​នេះ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា ចាប់ខ្លួន​លោក​សមរង្ស៊ី ដើម្បី​យកមកអនុវត្ត​ទោស​ដាក់​ពន្ធនាគារ ២ ឆ្នាំ​៕​

លោក​សមរង្ស៊ី ប្រកាសថា មាន​ឯកសារ​ពី​ទូត​អាមេរិក បង្ហាញថា លោក​ហោ​ណាំហុង ជា​មេ​ជំរំ ( គុក ) បឹងត្របែក សម័យ​ខ្មែរក្រហម​
រូបភាពបង្ហោះក្នុងហ្វេសប៊ុករបស់លោកសមរង្ស៊ី នារសៀលថ្ងៃទី២០វិច្ឆិកា