ក្រុម​ឧក្រិដ្ឋជនយក​ច្រក​អន្តរជាតិ​ត្រពាំង​ក្រៀល​​ជួញដូរ​គ្រឿងញៀន​​យ៉ាង​សកម្ម

ខេត្តស្ទឹងត្រែង​៖ គេ​សង្ស័យ​ថា ដោយសារ​​មន្ត្រី​ចម្រុះ​នៅ​ច្រក​អន្តរជាតិ​ត្រពាំង​ក្រៀលព្រំដែន​កម្ពុជា​-ឡាវ មិន​មានការ​ត្រួតពិនិត្យ​​តឹង​រឹង​នូវសកម្មភាព​ចេញ-ចូល​​រាល់​មធ្យោបាយ​ឆ្លងកាត់​​តាម​​ច្រក​ត្រពាំង​ក្រៀល​ ទើប​ត្រូវក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿង​ញៀន មាន​ឱកាស​​​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​គ្រឿង​ញៀន​បាន​តាម​ចិត្ត ​។

ជាក់ស្តែង ​មន្ត្រី​នគរបាល​ BLO ​ប្រចាំ​ព្រំដែន​កម្ពុជា​-ឡាវ​បានឱ្យ​ដឹង​​​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ​វិច្ឆិកា ២០១៥​ នេះ​ថា​ កន្លង​ទៅ​ថ្មី​ៗ គឺ​នៅ​ថ្ងៃ​ទី​០៨ ​សីហា ​២០១៥ ក្រុម​ជួញ​ដូរ​គ្រឿងញៀន​ បាន​ដឹក​ប្រភេទ​កញ្ឆា​ក្រៀម​​​ចំនួន​១.៤០០​គីឡូ​ក្រាម ចេញ​ពី​ភូមិ​សាស្ត្រ​​ផ្លូវ​ទឹក​នៃ​ច្រក​អន្តរជាតិ​ត្រពាំង​ក្រៀល ហើយ​​បាន​ដឹក​បន្ត​​តាម​រថយន្ត​ដល់​​ក្រុង​ស្ទឹង​ត្រែង​ ចំណុច​ផ្សារ​ថ្មី ក្នុង​សង្កាត់​ស្រះ​ប្ញស្សី រថយន្ត​ដឹក​ជញ្ជូន​​សារធាតុ​ជា​ប្រភេទ​កញ្ឆាបាន​សាង​ទៅ​រថយន្ត​មួយទៀត បន្តដំណើរ​រហូត​ដល់​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ក្រុម​ជន​ល្មើស ក៏​ធ្វើ​សកម្មភាព​សាង​ចេញ​ទៅ​រថយន្ត​ថ្មី​មួយទៀត ហើយ​ទៅ​ស្តុក​ទុក​នៅ​ឃ្លាំង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ។

តែ​ខណៈ​ពេល​នោះ ដោយសារ​មាន​សេចក្តី​រាយ​ការណ៍​ និង​តាមដាន​អង្កេត ទើបកម្លាំង​នគរបាល​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​រាជធានីភ្នំពេញ​ចាប់​បាន​នៅ​ថ្ងៃ​ទី​២១ ​សីហា ​​២០១៥ ស្ថិតនៅ​ប្រភេទ​កញ្ឆា​ក្រៀម​ចំនួន​១.៤០០​គីឡូក្រាម និង​​មនុស្ស​​​ចំនួន​​​​៣​​នាក់​ ។

មន្ត្រី​​នគរ​បាល BLO ដដែល​​បាន​បន្ត​ឱ្យ​ដឹង​​ថា រយៈពេល​៩​ខែ​ចុង​​ក្រោយ​នេះ គិត​ពី​ថ្ងៃ​ទី​០១ ​មក​រា ​​២០១៥ រហូត​ដល់​ថ្ងៃ​ទី​៣០ ​កញ្ញា ​​២០១៥ ក្រុម ​BLO បង្ក្រាប​និង​ឃាត់ខ្លួន​ករណី​ជួញដូរគ្រឿងញៀន​ខុសច្បាប់​បាន​ចំនួន​​៨​ករណីនៅ​ប្រទេស​ឡាវ​ ចំនួន​៦​ករណី​នៅ​ប្រទេស​កម្ពុជា​​ចំនួន​២ ករណី​និង​ឃាត់ខ្លួន​ជនសង្ស័យ​​បាន​ចំនួន​២៤​នាក់ ក្នុង​នោះ​ជនជាតិ​ឡាវ១៨នាក់ (​ជា​ស្ត្រី​១​នាក់​) ជនជាតិ​ខ្មែរ​៦​នាក់ ​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទមេ​តំ​ហ្វេ​តា​មីន​(Ice) ​ហៅ​ម៉ា​ទឹកកក​ចំនួន​14,862.2​ក្រាម និង​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​(WY) ចំនួន​3,800​គ្រាប់ និង​ដកហូត​រថយន្ត ម៉ាក​Vigoចំនួន​៧​គ្រឿង រថយន្តម៉ាក ACCET ​១​គ្រឿង, ម៉ូតូ​១​គ្រឿង, អាវុធ​​វែង​ខ្លី​៥​ដើម និង​គ្រាប់​កាំភ្លើង​ចំនួន​៥៩​គ្រាប់ ហើយ​រឹបអូស​គ្រាប់បែកដៃ​M18 ចំនួន​៣​គ្រាប់ ទូរស័ព្ទ​ដៃ​ចំនួន​១៣​គ្រឿង និង ម៉ាស៊ីន​​ពិនិត្យ​លុយ​ចំនួន​១​គ្រឿង​។

​ខាង​មន្ត្រី​ថ្នាក់​ក្រោម​នៃ​ច្រក​អន្តរជាតិ​ត្រពាំង​ក្រៀល​បានឱ្យ​ដឹង​ថា ដើម្បី​ចៀសវាង​កុំឱ្យ​ឧក្រិដ្ឋ​ជន​គ្រឿងញៀនយក​មូលដ្ឋាន​ច្រក​អន្តរជាតិ​នេះ ជា​តំបន់​ឆ្លងកាត់​គ្រឿងញៀន គឺ​គួរ​តែ​មាន​គណៈ​កម្មការចម្រុះ​ចុះត្រួតពិនិត្យ​ជា​ប្រចាំ​រាល់​សកម្មភាព​ចេញចូល​នៅ​បរិវេណ​តាម​ច្រកកម្ពុជា-ឡាវ ជា​ពិសេស​ច្រក​អន្តរជាតិ​ត្រពាំង​ក្រៀល ដែល​គេ​មើលឃើញ​ថា​ មិនសូវ​មានការ​ត្រួតពិនិត្យ​តឹង​រឹង ​៕