សាម​ណេរមួយ​អង្គ​នៅ​វត្ត​គោល​ខ្សាច់​ត្រូវ​អាជ្ញា​ធរ និង​សមត្ថ​កិច្ចចាប់​ផ្សឹក​ ក្រោយ​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ

រាជ​ធានី​ភ្នំុពេញ​​៖ សាម​ណេរ​មួយ​អង្គ​បាន​ក្លាយ​ជា​សង្ឃ​បរា​ជិក​ ដោយ​សារ​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​រហូត​បាន​សម្រេច​ កាល​ពី​ពេល​ថ្មី​ៗកន្លង​មក​នេះ ហើយ​ភ្លាមៗ​នោះ​ត្រូវ​បាន​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ប្តឹង​ប៉ូលិស​ឱ្យ​ជួយ​រក​យុត្តិ​ធម៌​ ​ហើយអាជ្ញាធរ និង​កម្លាំង​ប៉ូលិសមូល​ដ្ឋាន​បាន​ចុះ​ទៅ​កាន់​វត្ត​នោះ​ដែរ​ ប៉ុន្តែមិន​បាន​ចាប់​សង្ឃ​អង្គ​នោះ​ផ្តន្ទា​ទោស​ឡើយ​ ព្រោះ​មិន​ទាន់​មាន​ភស្តុ​តាង​គ្រប់​គ្រាន់​​​។

គិត​​ម​ក​ដល់​វេលា​រសៀល​ថ្ងៃ​ទី​២០ វិច្ឆិកា នេះ​មាន​រយៈ​ពេល១០​ថ្ងៃ​គត់​ទើប​ឈាន​ដល់​ការ​ចាប់​ខ្លួន​សង្ឃ​អង្គ​នោះ​មក​ផ្សឹក​នៅ​ក្នុង​វត្ត​ជម្ពូវ័ន ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ​​ដែល​ជា​វត្ត​ព្រះអនុគណ​ខណ្ឌ​ បន្ទាប់​ពី​លទ្ធ​ផល​នៃ​ការ​ធ្វើ​កោសល្យ​វិច្ច័យ​លើ​ក្មេង​ស្រី​រង​គ្រោះ​ឃើញ​ថា មាន​សកម្ម​ភាព​ចាប់​រំលោភ​ពិត​ប្រាក​ដ​មែន​។

សាម​ណេរ​សង្ឃ​ដែល​ប៉ូលិស​ចាប់ខ្លួន​ឈ្មោះ​អន គឹម​ហាក់​ មាន​អាយុ​១៤​ឆ្នាំ​ ទើប​តែ​បួស​ជា​នេន​បាន​ជាង​១​ខែ​ប៉ុណ្ណោះ​ គឺ​នៅមុន​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​កាល​ពីល្ងាច​ថ្ងៃ​ទី​៩ វិច្ឆិកា ២០១៥ នៅ​ក្នុង​វត្ត​គោក​ខ្សាច់​ ស្ថិត​ក្នុង​ភូមិ​គោក​ខ្សាច់​ សង្កាត់​ភ្លើង​ឆេះ​រទេះ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នៅ​ថ្ងៃ​នោះ​សង្ឃ​អង្គ​នោះ​បាន​ល្បួង​ក្មេង​ស្រី​រង​គ្រោះ​ឱ្យ​ចូល​ទៅ​ក្នុង​កុដិ​ ខណៈ​ពេល​នាង​កំពុង​ដើរ​លេង​ជាមួយ​បង​ស្រី​ម្នាក់​ទៀត​ដែល​មាន​អាយុ​៧​ឆ្នាំ បន្ទាប់មក​បាន​ដេញ​បង​ស្រី​នាង​ចេញ និង​​បាន​បិទ​ទ្វារ​កុដិ​​ ហើយ​ឱ្យ​នំ​កញ្ចប់​ និង​ទឹក​ក្រូច​មួយ​កំប៉ុង​ទៅ​នាង​រួច​ធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​រហូត​បាន​សម្រេច​។

ក្រោយ​ពេល​កើត​ហេតុ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ឪពុក​ម្តាយ​ទើប​ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​ និងនាំ​នាង​ទៅ​ប្តឹង​ប៉ូលិស​ភ្លាមៗ​ដែរ ដោយទាម​ទារ​សំណង​ចំនួន​៣.០០០​ដុល្លារ​៕