អង្ករ​កម្ពុជា ជាប់​ជ័យលាភីជា​អង្ករ​ឆ្ងាញ់ និង ​ល្អ​បំផុតលើ​លោក​

Sanofi

​កាលពី​ម្សិលមិញ​អង្ករ​ផ្ការំដួល​កម្ពុជា ត្រូវបាន​គេ​ជ្រើសរើស​ជា​អង្ករ​ក្រអូប គុណ​ភាពល្អ​ដាច់​គេរបស់​ពិភពលោក​ប្រចាំឆ្នាំ​ ២០១៥ ក្នុង​វេទិកា​ប្រកួតប្រជែង​រសជាតិ​អង្ករ​ពិភពលោក ដែល​រៀបចំដោយ​ស្ថាប័នបណ្តាញ​អ្នកជំនួញ​អង្ករ ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​។​ ពានរង្វាន់​អង្ករ​ល្អ​ជាងគេ​របស់​ពិភពលោក​ដែល​កម្ពុជាទទួលបាន​កាលពី​ម្សិលមិញ​នេះ​គឺជា​ជ័យលាភី​លេខ ១ ស្ទួន ដែល​ទទួលបាន​ជាមួយ​អង្ករ​របស់ប្រទេស​ថៃ​។ ពានរង្វាន់​នេះ កម្ពុជា​ទទួលបាន​បួ​ន​ឆ្នាំ​ជាប់ៗ​គ្នា​គឺ​គិត​ចាប់ពី ឆ្នាំ​២០១២ មក​។ ​​វេទិកា​ប្រកួតប្រជែង​នៅ​ឆ្នាំនេះ បានធ្វើ​ឡើង​នៅ​កម្ពុជា នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ​។ នេះ​ជា​លើក ទី​ ៦ ​ហើយ ដែល​វេទិកា​ប្រកួតប្រជែង​អង្ករ​រសជាតិ​ឆ្ងាញ់​របស់​ពិភពលោក​បានរៀបចំ​ឡើង ហើយ​ក្នុងចំណោម​ការ​ប្រជែង​ទាំង ៦ លើក ប្រទេស​កម្ពុជា និង ប្រទេស​ថៃ បានទទួល​ជ័យលាភី​ស្មើគ្នា ដោយ​ម្នាក់ៗ​ទទួលបាន​បី​ដង ​។​

​លោក Jeremy Zwinger ប្រធាន និង អគ្គនាយក​បណ្តាញ​អ្នកជំនួញ​អង្ករ​បាន​ប្រាប់ សា​រព័ត៌មាន​កាលពី​ម្សិលមិញ​ថា ការប្រកួត​រសជាតិ​អង្ករ​ពិភពលោកនា​ឆ្នាំនេះ​មាន​ប្រទេស​ផលិត​អង្ករចំនួន​ ១៥ ប្រទេស ​បាន​ចូលរួម ហើយ​បាន​បញ្ជូន​ប៉ាន់​នៃ​ប្រភេទ​អង្ករ​សរុប ២៥។ ការវិនិច្ឆ័យ​ដើម្បី​ផ្តល់​ពានរង្វាន់​នេះ បាន​ធ្វើឡើង​ដោយមាន​ការចួលរួម​ពី​ចុងភៅ​លំដាប់​អន្តរជាតិ​ជាច្រើន ហើយ​បាន​ពិនិត្យ​លើ​លក្ខខណ្ឌ​យ៉ាងច្រើន លើ​អង្ករ ដែល​ដាក់​មក​ប្រកួតប្រជែង​ដូចជា​ពណ៌​សម្បុរ ភាព​ឆ្ងាញ់ ភាព​ឈ្ងុ​យ​ប្រវែង​របស់​អង្ករ និង ​លក្ខខណ្ឌ​សំខាន់​ជាច្រើន​ទៀត។ ​គណៈកម្មការ​ទាំងអស់បានផ្តល់​ពិន្ទុ​ដោយ​សុ​ក្រឹត ហើយ​អង្ករ​ពី​ប្រទេស​កម្ពុជា និង ​ថៃ បានទទួល​ពិន្ទុ ៥៣ ដូចគ្នា​ ។​

លោក​ថ្លែងថា អង្ករ​កម្ពុជា​ពិតជា​អង្ករ​ប្រណិតដែល​ស័ក្តិ​សមជា​អង្ករ​រសជាតិ​ល្អ​បំផុត​របស់​ពិភពលោក​បី​ឆ្នាំ​ជាប់ៗ​គ្នា បើទោះបីជា​អង្ករ​ពី​ប្រទេស​កម្ពុជា និង​ ថៃ​បានទទួល​ពានរង្វាន់​បី​ឆ្នាំ​ដូចគ្នា​យ៉ាងណាក្តី តែ​កម្ពុជា​បានទទួល​បី​ឆ្នាំ​ជាប់​គ្នា​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។​ ​ឆ្នាំនេះ​កម្ពុជា​មានលទ្ធភាព​នាំចេញ​អង្ករ​បាន ២៦៩ ៣៧០ តោន​ក្នុង​រយៈពេល ៩​ ខែ ដំបូង​គឺ​កើនឡើង​ត្រឹមតែ ១,២ ភាគរយ​ប៉ុណ្ណោះ បើ​ធៀប​នឹង​ចំនួន ២២៦ ១២៣ តោន​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន៕ សុថា​ត់​

​ 

Related