ខឹង​ចាញ់​អាប៉ោង ១៥០០ ដុល្លារ បុរស​ប្រពន្ធ​ពីរ ហ៊ាន​ផឹកថ្នាំ​ពុល​បាញ់​ស្មៅ​………​

Sanofi

ខេត្តបាត់ដំបង ៖ បុរស​ចំណាស់​ម្នាក់​ត្រូវ​ក្រុមគ្រួសារ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ខណៈ​យកលុយ​ដែល​មេការ​សំណង់​ប្រើ​ឱ្យទៅ​ទិញ​សម្ភារ បែរជាយក​ទៅលេង​ល្បែង​អាប៉ោង ​៤ ​យប់ ចាញ់​អស់ប្រាក់​ចំនួន​ ១៥០០ ​ដុល្លារ ក៏​ដាច់ចិត្ត​ផឹកថ្នាំ​ពុល​បាញ់​ស្មៅ​ប្រ​ភេទទឹក​ខៀវ​ធ្វើអត្តឃាត ។ ​បន្ទាប់ពី​ផឹកថ្នាំ​ពុល​រួច បាន​ប្រពន្ធចុង​ឃើញ​ក៏​ប្រញាប់​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ ១ ​នៅជាប់​ព្រំដែន​ខេត្ត​ប៉ៃលិន បាត់ដំបង ដោយ​សភាព​ធ្ងន់ធ្ងរ​ពេក ​ក៏ប្រញាប់​ដឹក​បន្តទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បី​លាង​ក្រពះ​ជម្រះ​ជាតិពុល តែ​ជា​អកុសល់​ដោយ​ថ្នាំពុល​បាន​កាត់ផ្តាច់​ក្រពះ ពោះវៀន ក្អួត​ចេញមក​ទាំង​ដុំៗ ក្រោយមក​ក៏​ស្លាប់បាត់​បង់ជីវិតតែម្តង ។​

​ហេតុការណ៍​ផឹកថ្នាំ​ពុល​បាញ់​ស្មៅ​ប្រភេទ​ទឹក​ខៀវ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦ ព្រឹក ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុងផ្ទះ​ជនរងគ្រោះ ក្នុងភូមិ​តា​គ្រក់ ឃុំ​តា​គ្រក់ ស្រុក​រតនមណ្ឌល រហូតដល់​ម៉ោង​ ៤​ និង ​១០ ​នាទី ​រសៀល​ទើប​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ដោយសារ​ថ្នាំពុល​នេះ​ជា​ប្រភេទ​លេខ​ ១ ​នៅ​ប្រទេស​ថៃ ។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ រ៉ូ​ន រឿន ភេទ​ប្រុស អាយុ​ ៥៦ ឆ្នាំ ជា​កម្មករសំណង់ មាន​ប្រពន្ធ​ពីរ ទី​២ ដោយប្រពន្ធដើមឈ្មោះ កាយ រិច អាយុ​ ៥៥ ​ឆ្នាំ មានកូន ​៤ ​នាក់ ស្រី ​១ ប្រុស ​៣ និង​ប្រពន្ធចុងឈ្មោះ សាញ់ សាន អាយុ​ ៣២ ​ឆ្នាំ មានកូន​ស្រី​ម្នាក់ ទាំងអស់គ្នារស់​នៅ​ភូមិ​ខាងលើ ។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​ឱ្យដឹងថា ជនរងគ្រោះ​ខាងលើ បាន​ចូលទៅ​លេងល្បែង​អាប៉ោង​នៅផ្ទះឈ្មោះ ហេង ភេទ​ប្រុស អាយុ​ជាង​ ៤០ ​ឆ្នាំ មាន​ប្រពន្ធឈ្មោះ រ៉ា អាយុ​ជាង ​៤០​ ឆ្នាំ​ដែរ ស្ថិតនៅ​ភូមិ​កើតហេតុ​ខាងលើ។ ពលរដ្ឋ​បញ្ជាក់ទៀតថា ល្បែង​អាប៉ោង នេះ​ត្រូវបាន​គេ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង តែ​គ្មាន​សមត្ថកិច្ច​ណា​ម្នាក់​អើពើ​ធ្វើការ​ទប់ស្កាត់នោះឡើយ ៕ (​ប្រភពពី​TV5)

​   

Related