មនុស្ស​១៧០​នាក់​ជាប់​ជា​ចំណាប់​ខ្មាំង​ក្នុង​សណ្ឋា​គារ​មួយ​នៃ​រដ្ឋ​ធានី​ម៉ាលី​

ក្រុម​ហ៊ុន​សណ្ឋា​គារ​ REZIDOR រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២០ វិច្ឆិកា​ ថា មនុស្ស​១៧០​នាក់​កំពុង​ជាប់​ជា​ចំណាប់​ខ្មាំង​របស់​អ្នក​វាយ​ប្រហារ​២​នាក់​ក្នុង​សណ្ឋា​គារ​ RADISSON BLU នៃ​ទី​ក្រុង​បា​ម៉ា​កូ រដ្ឋ​ធានី​ម៉ាលី​។

ក្នុង​ចំណោម​ចំណាប់​ខ្មាំង​ទាំង​១៧០​នាក់​នោះ​មាន​ភ្ញៀវ​១៤០​នាក់​ និង​និយោ​ជិត​៣០​នាក់​។

ស្នូរ​កាំ​ភ្លើង​អាច​ស្តាប់​ឭ​នៅ​ខាង​ក្រៅ​សណ្ឋា​គារ​នេះ ដែល​មាន​១៩០​បន្ទប់​។

ប្រភព​ព័ត៌​មាន​សន្តិ​សុខ​មួយ​អះ​អាង​ប្រាប់​ AFP ថា ការ​ចាប់​ចំណាប់​ខ្មាំង​កើត​មាន​នៅ​ជាន់​ទី​៧ ដោយ​ពួក​ជីហាដ​កំពុង​បាញ់​នៅ​តាម​ច្រក​ចេញ​ចូល​បន្ទប់​នានា​។ អ្នក​វាយ​ប្រហារ​ទាំង​២​នាក់​នោះ​បាន​ចូល​ក្នុង​បរិវេណ​សណ្ឋាគារ​ដោយ​ជិះ​រថយន្ត​១​គ្រឿង​មាន​ស្លាក​លេខ​ការ​ទូត​៕