ក្រុងកូឡាឡាំពួរ រងការគំរាម វាយប្រហារ ពីភេរវករ ចំពេលប្រមុខដឹកនាំ ពិភពលោក ចូលរួម ប្រជុំអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធ

ម៉ាឡេស៊ី ៖ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានទទួលរង ការគំរាមវាយប្រហារ ពីក្រុមភេរវករ ខណៈដែល ប្រមុខមេដឹកនាំពិភពលោកជាច្រើន កំពុងទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ និងកិច្ចប្រជុំកំពូល ពាក់ ព័ន្ធជាច្រើនផ្សេងទៀត ។

ប្រទេសម៉ាឡេស៊ី កំពុងនឹងទទួលរៀបចំ កិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ រួមនឹងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតចាប់ ពីថ្ងៃទី២០-២២ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីប្រធានាធិបតីអាម៉េរិក លោក ប៉ារ៉ាក់ អូបាម៉ា នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិន ហ្ស៊ូអាបេ នាយករដ្ឋមន្រ្តីចិន លោក លី ខៃឈាង នាយករដ្ឋមន្រ្តី កម្ពុជា សម្តេចតេជោ ហ៊ុន  សែន រួមនិងប្រមុខមេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំពិភពលោកជា ច្រើនទៀត ។

លោក ពុយ គា អ្នកយកព័ត៌មានក្យូដូ ដែលកំពុងស្ថិតនៅក្នុងអគារ រងការគំរាមពីក្រុមភេរវករនៅម៉ាឡេស៊ី បាន ប្រាប់ឲ្យដឹងថា បញ្ហាសន្ដិសុខបានរឹតបន្ដឹងយ៉ាងខ្លាំងបំផុត បន្ទាប់ពីមានក្រុមឧទ្ទាម រួមនឹងក្រុម ISIS បានគំរាម បំផ្ទុះគ្រាប់បែកនៅក្នុងអគារ ដែលពោរពេញទៅដោយមេដឹកនាំធំៗ របស់ពិភពលោក ដែលនឹងរៀបចំកិច្ចប្រជុំ កំពូលអាស៊ាននៅទីនោះ ។

ព័ត៌មាន Aljazeera បានឲ្យដឹងថា កងកម្លាំងប្រមាណ ២.០០០នាក់ ត្រូវបានគេដាក់ពង្រាយរក្សាសន្តិសុខយ៉ាង តឹងរឹង ក្នុងទីក្រុងកូឡាឡាំពួរ ព្រមទាំងចំណុចសំខាន់ៗដទៃទៀត ហើយកងកម្លាំងប្រមាណ ២.៥០០ នាក់ផ្សេង ទៀត ត្រូវបានគេដាក់ត្រៀមជួយអន្តរាគមន៍ ។

បើតាម Aljazeera ការពង្រាយកម្លាំងនេះ បានធ្វើឡើងបន្ទាប់ពី មានព័ត៌មានមិនទាន់ផ្លូវការមួយថា នឹងមានការ វាយប្រហារដោយក្រុមភេរវករ ៕

ក្រុងកូឡាឡាំពួរ រងការគំរាម វាយប្រហារ ពីភេរវករ ចំពេលប្រមុខដឹកនាំ ពិភពលោក ចូលរួម ប្រជុំអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធ