​ជិះ​ម៉ូតូ​តាម​​តាំង​ពី​ភ្នំពេញ​មក​ដល់​កៀន​ស្វាយ​វាយ​ប្លន់​ម៉ូតូ​មិន​បាន​សម្រេច​ត្រូវ​សមត្ថ​កិច្ច​ចាប់​បាន​ម្នាក់​

ខេត្ត​កណ្តាល​ ៖ ជន​សង្ស័យ​២​នាក់​​បាន​ជិះ​ម៉ូតូ​សង់​កូរ៉េ​កញ្ចាស់​មួយ​គ្រឿង​ឌុប​គ្នា​តាម​ស្ត្រី​ជា​គ្រូ​បង្រៀន​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿងតាំង​ពី​ភ្នំពេញ​មក​ស្ទាក់​វាយ​នៅទឹក​ដី​កៀន​ស្វាយ​បម្រុង​​ប្លន់​យក​ម៉ូតូ តែត្រូវ​ស្ត្រី​រង​គ្រោះ​ស្រែក​ថា​ចោរ​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​ និង​សមត្ថ​កិច្ច​មូល​ដ្ឋាន​ដេញព័ទ្ធ​​ចាប់​បាន​ម្នាក់​ រត់​រួច​ម្នាក់​។

ហេតុ​ការណ៍​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៩ វិច្ឆិកា លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ ស្ថិត​ក្នុង​ភូមិ​ដី​ឥដ្ឋ​កោះ​ផុស ឃុំ​ដី​ឥដ្ឋ​ ស្រុក​កៀន​ស្វាយ​ ។

ជន​សង្ស័យ​ដែល​សមត្ថ​កិច្ច​ចាប់ខ្លួន​ឈ្មោះ​ជួង កុសល​មុន្នី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ​ ស្នាក់​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ​ និង​ម្នាក់​ទៀត​ដែល​រត់​គេច​ខ្លួន​ឈ្មោះ​សូលី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ​ ស្នាក់​នៅ​ភូមិ​៦ សង្កាត់​ច្បារ​អំពៅ  ខណ្ឌ​ច្បារ​អំពៅ​។

ចំណែក​នារី​រង​គ្រោះ​ឈ្មោះ​ជា សុខាន់ អាយុ​៣៦​ឆ្នាំ មុខ​របរ​ជា​គ្រូ​បង្រៀន​នៅ​វិទ្យា​ល័យ​ជ័យ​វរ្ម័ន​ទី​៧ ដី​ឥដ្ឋ​ ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊យ​គី​លែត​ ១១០ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១FD៤១៨៥ មាន​ទី​លំនៅ​ឃុំ​ដី​ឥដ្ឋ​១ ស្រុក​កៀន​ស្វាយ​ បាន​រង​របួសលើ​ផ្ទៃ​មុខ​ដោយ​សារ​ជន​សង្ស័យ​វាយ​​៕